រឿង​ព្រាហ្មណ៍ ៣​នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ

  • Print

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣ - ១៦

    មាននិទានមួយថា : ព្រាហ្មណ៍ម្នាក់ឈ្មោះតិនស្វាមី មានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតី  រូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយ បើប្រុសណាឃើញនាងនេះ តែងស្រលាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់ ៗ គ្នា ហើយប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តិនស្វាមីជាឪពុក ។ ព្រាហ្មណ៍តិនស្វាមីមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងអស់នោះឡើយ ។

    ចំណេរមកខាងក្រោយ មានព្រាហ្មណ៍ ៣ នាក់នៅក្នុងនគរនោះដែរ សុទ្ធតែជាកំលោះមានរូបរាងល្អល្អះហើយចេះសិល្បសាស្ត្រគ្រប់គ្នា ។ ព្រាហ្មណ៍ម្នាក់ឈ្មោះវិទ្យាកេសី, ព្រាហ្មណ៍ម្នាក់ឈ្មោះវិទ្យាសុន្ធរ, ព្រាហ្មណ៍ម្នាក់ទៀតឈ្មោះវិទ្យាស្វាមី ។ ព្រាហ្មណ៍ទាំង ៣ នាក់នេះប្រាប់ឪពុកម្ដាយចូលទៅស្ដីដណ្ដឹងនាងមន្ទាវតី កូនស្រីតិនស្វាមីព្រាហ្មណ៍ដូចគ្នា ។ តិនស្វាមីព្រាហ្មណ៍ មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាឡើយ ព្រោះគិតឃើញថា “ បើឲ្យទៅម្នាក់ មុខជាពីរនាក់ទៀតខឹង ” ។
    លុះចំណេរតមក ពួកព្រាហ្មណ៍កំលោះ ៗ ជាច្រើនដែលស្រលាញ់ ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធរាល់គ្នានោះ ក៏ទៅចោមរោមនិយាយចែចង់នាងមន្ទាវតីតាមអំពើចិត្តរៀងខ្លួន ។ ឯនាងមន្ទាវតីដឹងថាពួកព្រាហ្មណ៍កំលោះៗចោមស្រលាញ់ដូច្នោះ ក៏កើតទុក្ខក្រៀមក្រំ ទៅជាឈឺរីងរៃស្គាំងស្គមទាល់តែក្ស័យជីវិតទៅ ។ ឪពុកម្ដាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀម ។
    ឯព្រាហ្មណ៍ទាំង ៣ នាក់ដូចចេញឈ្មោះខាងដើម ដែលស្រលាញ់ ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធគ្រប់គ្នានោះ កាលបើបានដឹងដំណឹងថានាងមន្ទាវតីក្ស័យជីវិតទៅហើយ ក៏នៅតែជាប់ចិត្តអាឡោះអាល័យនាងនោះឥតភ្លេច ម្ល៉ោះហើយព្រាហ្មណ៍ឈ្មោះវិទ្យាកេសីប្រមូលឆ្អឹងធាតុនាងមន្ទាវតី យកទៅកប់នៅព្រៃមួយហើយទួញយំចាំយាមល្បាតរៀងទៅ ។ ឯព្រាហ្មណ៍ឈ្មោះវិទ្យាសុន្ធរ ហេតុតែមានចិត្តអាឡោះអាល័យនាងពេកក៏ទៅយំបោកខ្លួនប្រាណ ប្រះដេកននៀលនៅផ្នូរខ្មោចនាងនោះឯង ។ ចំណែកព្រហ្មណ៍ឈ្មោះវិទ្យាស្វាមី ក៏កើតទុក្ខសង្រេងសង្រៃឥតស្បើយសោះឡើយ ម្ល៉ោះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់រុចិស្វាមី លើកដៃសំពះសូមរៀនសិល្បសាស្ត្រមន្តអាគមវិជ្ជាការ ។ ឯរុចិស្វាមីព្រាហ្មណ៍ជាគ្រូអាចារ្យអាណិត ក៏បង្រៀនវិទ្យាស្វាមីព្រាហ្មណ៍ឲ្យចេះសិល្បប្រោះ និងសិល្បជបពូកែឆុតឆាប់ដូចចិត្ត ។ លុះវិទ្យាស្វាមីព្រាហ្មណ៍កំលោះរៀនសិល្បសាស្ត្រចេះមន្តប្រោះជបស្រេចហើយ ក៏សំពះលារុចិស្វាមីព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍ពីរនាក់ ហើយនាំទៅដល់ផ្នូរខ្មោចនាងមន្ទាវតី ប្រមូលអស់ឆ្អឹងនាងនោះឡើង ទើបវិទ្យាស្វាមីព្រាហ្មណ៍បានសូត្រសែកមន្តជបឆ្អឹង ឲ្យរស់ជារូបរាងនាងនោះល្អប្រពៃឥតឆ្គងឡើងវិញ ។
    ព្រាហ្មណ៍ទាំងបីនាក់នោះយល់នាងមន្ទាវតីមានរូបឆោមលោមពណ៌ល្អប្រសើរដូច្នោះ ក៏ឈ្លោះប្រកែកជជែកគ្នាដណ្ដើមយកនាងនោះជាភរិយារបស់រាល់ខ្លួន ។ វិទ្យាកេសីថា “អញយកឆ្អឹងនាងនេះទៅកប់នៅព្រៃស្មសាន ហើយអញចាំយាមល្បាត ឥតអ្នកណាជួយអញសោះ នាងនេះគួរតែបានជាភរិយាអញ” ។ ចំណែកវិទ្យាសុន្ធរថា “ អញទៅទួញយំសោករក្សាផ្នូរខ្មោចនាងនេះនៅព្រៃស្មសានតែម្នាក់ឯង នាងនេះគួរតែបានជាភរិយារបស់អញ” ។ វិទ្យាស្វាមីថា “ អញស្វាតទៅរៀនសិល្បសាស្ត្រចេះហើយមកប្រោះ ឲ្យនាងនេះរស់ដូចដើម នាងនេះគួរតែបានមកជាភរិយារបស់អញ” ។ ព្រាហ្មណ៍ទាំងបីនាក់ជជែកឈ្លោះប្រកែកគ្នាចង់យកនាងជាប្រពន្ធតែរៀងខ្លួន មិនដាច់ស្រេចក៏នាំគ្នាទៅដល់ចៅក្រម ប្ដឹងតាមដំណើរទីទៃ ៗ ហើយសួរថា “ បើដូច្នេះតើនាងនេះគួរបានជាប្រពន្ធរបស់អ្នកណា ? ” ។
    ចៅក្រមនឹងជំនុំជម្រះរឿងនេះមិនបាន ក៏នាំព្រាហ្មណ៍ទាំង ៣ នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសព្វគ្រប់ប្រការ ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ក្នុងព្រះរាជហឫទ័យស្រេចហើយទ្រង់ត្រាស់ថា “ឯគុណព្រះស្ដែងទាំង ៣ នាក់នេះ សឹងប្រសើរគ្រប់គ្នា គួរជាឪពុក, គួរជាប្ដី គួរជាកូន គឺវិទ្យាស្វាមីដែលបានចេះសិល្បសាស្ត្រពូកែឆុតឆាប់ មកប្រោះនាងឲ្យរស់រូបល្អល្អះដូចដើមនោះ គួរឲ្យបានជាឪពុក, ចំណែកវិទ្យាសុន្ធរដែលនៅចាំថែរក្សាខ្មោចនាងនោះ គួរឲ្យបានជាប្ដី, ខាងវិទ្យាកេសីដែលមានចិត្តសប្បុរសបានយកធាតុនាងទៅកប់នោះ គួរឲ្យបានជាកូននាងហោង, ហេតុម្ដេចក៏ឲ្យបានជាកូន ហេតុតែគេបានយកធាតុនាងទៅកប់ ឧបមាដូចកូនលើកខ្មោចម្ដាយ ហើយយកធាតុម្ដាយទៅកប់ឰដ៏ព្រៃស្មសាននោះឯង ហេតុដូច្នេះ ត្រូវតែទុកជាម្ដាយហោង ” ។
    ព្រាហ្មណ៍ទាំង ៣ នាក់បានឮព្រះបន្ទូលដូច្នេះហើយ ក៏សុខចិត្តគ្រប់គ្នា ក្រាបថ្វាយបង្គំទទួលព្រះបន្ទូលនៃព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីទៃ ៗ ។
    ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំ សុចរិត យុត្តិធម៌ ល្អប្រពៃហោង ។