រឿង​ស្រី ៤​នាក់ ដណ្ដើម​ចោរ​ម្នាក់​ធ្វើ​ប្ដី

ប្រជុំរឿងព្រេងខ្មែរភាគ ៣ទំព័រ ១៧ - ១៨

    មាននិទានមួយថា : មានស្រី ៤ នាក់បានឃើញចោរម្នាក់ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្កាប់ឲ្យរាជបុរសដោតនៅត្រង់ទ្វារបន្ទាយ, ប៉ុន្តែមិនទាន់ស្លាប់ ទើបស្រីទាំង ៤ នាក់គិតព្រមព្រៀងគ្នាចូលទៅសូមលោះចោរនោះ អំពីព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យលោះយកនោះ តែទ្រង់ឲ្យយកមាសមួយពាន់តម្លឹងដាក់ឃ្លាំង ។ ឯស្រី ៣ នាក់គ្មានមាសថ្វាយ មានតែស្រីម្នាក់បានមាសមួយពាន់តម្លឹងថ្វាយជាថ្លៃចោរ ។ លោះរួចជ្រះស្រឡះហើយយកចោរនោះមកនៅផ្ទះជាមួយគ្នា, ស្រីម្នាក់ខំសង្វាតរកថ្នាំមើលជំងឺ, ស្រីម្នាក់ខំសង្វាតដេកឱបក្រុងរក្សាមើលដុសលាងខ្ទុះសម្អុយសព្វថ្ងៃ, ស្រីម្នាក់ខំសង្វាតរកស៊ីលក់ដូរយកប្រាក់មកចិញ្ចឹម ។

    លុះចំណេរយូរទៅចោរនោះបានសះជាជំងឺ ហើយស្រីទាំង ៤ នាក់ឈ្លោះប្រកែកគ្នាដណ្ដើមចោរម្នាក់នោះធ្វើប្ដីតែសព្វខ្លួន ប៉ុន្តែជជែកមិនដាច់ស្រេច ព្រោះគ្មានអ្នកណាសម្រេចសេចក្ដីឲ្យ ទើបនាងទាំង ៤ នាក់នាំគ្នាទៅដល់ចៅក្រមជម្រាបប្ដឹងតាមដំណើររៀងខ្លួន ។ ចៅក្រមជំនុំជម្រះក្ដីនោះពុំបាន ក៏នាំនាងទាំង ៤ នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរទីទៃ ៗ ។ ស្រីទាំង ៤ នាក់ក្រាបទូលថា “ បើសេចក្ដីដូច្នេះ តើចោរនេះនឹងបានជាប្ដីរបស់ស្រីណា ? ” ។
    ព្រះមហាក្សត្រទ្រង់ពិចារណា ក្នុងព្រះរាជហឫទ័យឈ្វេងយល់ស្រេច ហើយទើបទ្រង់មានព្រះបន្ទូលបង្គាប់ថា “ នាងដែលមានតែមាសឲ្យទៅលោះចោរយកហើយ មិនបានថែរក្សារកថ្នាំចាំជំងឺមិនបានដេកឱបក្រុងរក្សាមើលជំងឺនោះត្រូវទុកជាម្ដាយ, ឯនាងដែលខំសង្វាតដេកឱបក្រុងរក្សាថែទាំជំងឺដុសលាងសម្អុយអសោចិ៍សព្វថ្ងៃនោះ ត្រូវបានជាប្រពន្ធព្រះស្ដែងចោរនោះ, ចំណែកនាងដែលខំសង្វាតលក់ដូរយកប្រាក់មកចិញ្ចឹមចោរនោះត្រូវបានជាបង ” ។
    ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំល្អប្រពៃហោង ។
   

Flag Counter