រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី

រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥១ - ៥៤

    មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះកុណ្ឌលសេដ្ឋី ម្នាក់ឈ្មោះគាមណីសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់ យកគ្នាធ្វើក្លើ ។ ឯកុណ្ឌលសេដ្ឋីយកទឹកឃ្មុំប្រាំរយពិន្ទង ទៅផ្ញើទុកនៅផ្ទះ គាមណីសេដ្ឋី ៗ ជាក្លើទទួលយកទឹកឃ្មុំនោះទុកហើយ កុណ្ឌលសេដ្ឋីលាទៅជួញជាអំឡុងយូរទៅ ។ គាមណីសេដ្ឋីចោះបាតពិន្ទងបង្ហូរយកទឹកឃ្មុំចេញអំពីពិន្ទងទាំងប្រាំរយនោះ ។ យូរទៅ កុណ្ឌលសេដ្ឋីមកអំពីជួញវិញបានយកចំណីផ្លែឈើផងទៅជូនក្លើ ហើយនិយាយថា “ខ្ញុំសុំយកពិន្ទងទឹកឃ្មុំអំពីក្លើ” ។ ទើបគាមណីសេដ្ឋីប្រាប់ថា “ក្លើអើយ ឥឡូវនេះ កណ្ដុរវាចោះបាតពិន្ទង ផឹកទឹកឃ្មុំក្លើ អស់ទៅហើយ” ។ កុណ្ឌលសេដ្ឋីនិងគាមណីសេដ្ឋីប្រកែកជជែកគ្នា ហើយនាំក្ដីនោះទៅប្ដឹងចៅក្រម ជំនុំពុំបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រ ។ ឯកុណ្ឌលសេដ្ឋីក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់យកទឹកឃ្មុំប្រាំ

រយពិន្ទង ទៅផ្ញើគាមណីសេដ្ឋីជាក្លើ ហើយខ្ញុំព្រះបាទអម្ចាស់ទៅជួញ លុះខ្ញុំព្រះបាទអម្ចាស់វិលមកវិញទៅសុំយកទឹកឃ្មុំពីក្លើ ៗ ប្រាប់ខ្ញុំព្រះបាទអម្ចាស់ថា “កណ្ដុរវាចោះបាតពិន្ទងទាំងប្រាំរយផឹកទឹកឃ្មុំអស់ ខ្ញុំព្រះបាទអម្ចាស់ពុំសុខចិត្តទើបមកក្រាបទូលសូមព្រះអង្គទ្រង់ពិចារណាហោង” ។ ឯគាមណីសេដ្ឋីក្រាបបង្គំទូលថា “ក្លើនេះបានយកពិន្ទងទឹកឃ្មុំប្រាំរយមកផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ពិតមែន, តែកណ្ដុរវាចោះពិន្ទងទាំងប្រាំរយផឹកទឹកឃ្មុំអស់ ខ្ញុំព្រះបាទអម្ចាស់ប្រាប់ដូច្នេះ គាត់ពុំជឿបានជា ខ្ញុំព្រះបាទអម្ចាស់មកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់ព្រះចិន្ដាពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ជ្រាបនូវដំណើរការណ៍សេដ្ឋីទាំង ២នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា “ហៃសេដ្ឋីទាំង ២ អើយ ! កុំព្រះស្ដែងក្ដីនឹងគ្នាឡើយ ដែលព្រះស្ដែងស្រលាញ់គ្នាអំពីដើមដូចម្ដេច ចូរព្រះស្ដែងស្រលាញ់គ្នាឲ្យដូចដែរនោះទៅ” ។ ឯគាមណីសេដ្ឋីឮព្រះបន្ទូលដូច្នោះក៏ក្រាបលាទៅលំនៅអាត្មា ។ ក្រោយនោះព្រះមហាក្សត្រ មានព្រះបន្ទូលដណ្ដឹងទៅកុណ្ឌលសេដ្ឋីថា “ គាមណីសេដ្ឋីមានកូនឬឥតកូន ?” កុណ្ឌលសេដ្ឋីក្រាបបង្គំទូលថា “មានកូន” ។ ទើបព្រះអង្គមានព្រះបន្ទូលថា “ បើមាន, ចូរព្រះស្ដែងទៅលួងលោមហៅមក បើបានមកហើយ ព្រះស្ដែងត្រលប់វិលទៅព្រមានគាមណីថា កូនក្លើឯងខ្លែងឆាបយកទៅហើយអញបង្អើល វាពុំទម្លាក់សោះ” ។ កុណ្ឌលសេដ្ឋីស្ដាប់ព្រះបន្ទូលដូច្នោះថ្វាយបង្គំលាទៅលំនៅអាត្មា ហើយទៅប្រលោមលួងលោមបានកូនគាមណីសេដ្ឋីយកទៅលាក់ទុកនៅទីកំបាំង ហើយវិលទៅប្រាប់ថា “ក្លើអើយ ! អញយកកូនក្លើទៅ ឥឡូវខ្លែងវាឆាបយកទៅអញដេញបង្អើលវាពុំទម្លាក់ឡើយ ” ។ កាលបើឮដូច្នោះ គាមណីសេដ្ឋីខឹងពន់ពេក ហើយនាំកុណ្ឌលសេដ្ឋីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រថា “កុណ្ឌលសេដ្ឋីនេះយកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផង លុះអំឡុងយូរទៅគាត់ថា ខ្លែងវាឆាបកូនខ្ញុំព្រះបាទអម្ចាស់, សូមទានព្រះអង្គទ្រង់ព្រះពិចារណា” ។ ឯកុណ្ឌលសេដ្ឋីក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់យកកូនក្លើនេះមកពិតមែន ខ្ញុំព្រះបាទអម្ចាស់ពុំលាក់ទេ តែខ្លែងវាឆាបយកទៅ គាត់ពុំជឿខ្ញុំព្រះបាទអម្ចាស់ឡើយ សេចក្ដីនេះពុំចេរ សូមទ្រង់ព្រះពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ជ្រាបដំណើរការសេដ្ឋីទាំង ២ ហើយទ្រង់មានព្រះបន្ទូលថា “សេដ្ឋីអើយ ! បើខ្លែងឆាបយកកូនព្រះស្ដែងទៅដូច្នោះ ត្រូវព្រះស្ដែងទាំង ២ នាក់ធ្វើសច្ចាធិដ្ឋាននឹងគ្នាថា “សូមឲ្យគាមណីសេដ្ឋីបានទឹកឃ្មុំពេញពិន្ទងដូចដែលវិញ ឲ្យខ្លែងទម្លាក់កូនមកឲ្យកុណ្ឌលសេដ្ឋីដូចដែលវិញ ”បើព្រះស្ដែងទាំង ២ ស្រលាញ់គ្នាមែននឹងបានសេចក្ដីសម្រេចប្រាថ្នាពុំខាន, បើបានដូចសច្ចាធិដ្ឋានព្រះស្ដែងទាំង ២ ហើយ ចូរព្រះស្ដែងនាំគ្នាមកកាន់អញវិញ” ។ កាលព្រះមហាក្សត្រ មានព្រះបន្ទូលដូច្នេះហើយ សេដ្ឋីទាំង ២ ក្រាបបង្គំលាទៅលំនៅទីទៃ ៗ ។ គាមណីសេដ្ឋីយកទឹកឃ្មុំចាក់ពេញពិន្ទងទាំងប្រាំរយ ដូចដែលហើយ នាំឡើងថ្វាយព្រះមហាក្សត្រ ។ កុណ្ឌលសេដ្ឋីឮថាគាមណីសេដ្ឋីយកទឹកឃ្មុំទៅថ្វាយ ក៏យកកូនទៅថ្វាយដែរ ។ ព្រះមហាក្សត្រមានព្រះបន្ទូល ឲ្យយកទឹកឃ្មុំទៅឲ្យកុណ្ឌលសេដ្ឋី ហើយឲ្យយកកូនអំពីកុណ្ឌលសេដ្ឋីមកឲ្យគាមណីសេដ្ឋី ហើយមានព្រះបន្ទូលថា “ ព្រះស្ដែងទាំង ២ កុំអាក់អន់ចិត្តនឹងគ្នា ចូរស្រលាញ់គ្នាដូចដើមវិញទៅ ” ។ សេដ្ឋីទាំង ២ ទទួលព្រះបន្ទូលហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅ ទីទៃ ៗ ហោង ។


១ -ឈ្មោះពាងមួយបែប បាត និងមាត់តូច ក្អេងធំ ។

Flag Counter