សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្ជៀបការយល់ដឹងពីតួនាទី-ភារកិច្ចរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការពង្រឹងការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាសម្រាប់ជូនអង្គភាពក្រោមឳវាទក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម  ផ្លោក ផន រដ្ឋលេខាធិការប្រចាំការតំណាឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីក្នងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្ជៀបការយល់ដឹងពីតួនាទី-ភារកិច្ចរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការពង្រឹងការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាសម្រាប់ជូនអង្គភាពក្រោមឳវាទក្រសួងធម្មការ និងសាសនា រយៈពេល២ថ្ងៃ នៅសណ្ឋាគារអង្គរ ប៉ារាឌី ខេត្តសៀមរាប។ ថ្លែងបើកសិក្ខាសាលានេះផងដែរឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃសួងធម្មការនិងសាសនា បានអនុវត្តយ៉ាងសកម្ម និងរស់រវើក ដោយទទួលបានលទ្ធផល គួរជាទីមោទនៈក្នុងការរួមចំណែកសម្រេចគោលបំណងគោលនយោបាយ នៃការអនុវត្តការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ “ផ្សារភ្ជាប់ថវិកានឹងគោលនយោបាយ” នៅក្នុងដំណាក់កាលទី៣ និង “គណនេយ្យភាពចំពោះសមិទ្ធកម្ម”នៅក្នុងដំណាក់កាលទី៤។ សមិទ្ធផលនេះ បានរួមចំណែកធ្វើឱ្យកម្ពុជាចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងឈានទៅមានអតិរេកសាច់ប្រាក់ដែលអនុគ្រោះក្នុងការបង្កើនការចំណាយទៅលើការវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជា៖ អប់រំ និងសុខាភិបាលជាដើម ហើយថែមទាំងមានលទ្ធភាព សម្រាប់ការបង្កើនបៀវត្ស ជាបណ្តើរៗជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិង និវត្តជនថែមទៀតផង ។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តថា រាជរដ្ឋាភិបាលក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកមកប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមទស្សនវិស័យ ប្រាកដនិយម គឺ “កែទម្រង់គឺរស់, មិនកែទម្រង់គឺស្លាប់” និងគ្មានលទ្ធផលណាដែលបានមក ដោយមិនបង់ថ្លៃនោះទេ ហើយក៏គ្មានកំណែទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ ។ឯកឧត្តមរដ្ឋលេខាធិការប្រចាំ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យច្បាស់លាស់ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការស្របតាម ស្តង់ដារអន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ ហើយថាប្រាកដណាស់ ថវិកាកម្មវិធីនេះ គឺជាស្នូលនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងដំណាក់កាលទី៤ គណនេយ្យភាពចំពោះសមិទ្ធកម្មនៅឆ្នាំ២០២១-២០២៥ ដែលទាមទារជាចាំបាច់ឲ្យយើងត្រូវពង្រឹង និងបំពេញបន្ថែមទៀត ទាំងក្នុងកម្រិតប្រព័ន្ធ យន្តការ ក្របខណ្ឌគតិយុត្តិ និងធនធានមនុស្ស៕

Read more: សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ...

Flag Counter