ធម៌របស់ព្រះសម្មាសម្ពុទ្ធគឺជាឱសថទិព្វក្នុងការផ្លាស់ប្តូរឥរិយាបថមនុស្ស

  • Print

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤
ភ្នំពេញៈ       ដោយមើលឃើញពីតួនាទីរបស់ព្រះសង្ឃមានសារៈសំខាន់ខ្លាំងលើការអប់រំមនុស្សក្នុងសង្គមកម្ពុជាបច្ចុប្បន្នលើការផ្សព្វផ្សាយព្រះធម៌វិន័យព្រះពុទ្ធសាសនាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ក្រសួងធម្មការនិងសាសនា ក្រសួងសុខាភិបាលរួមជាមួយអង្គការ សុខភាពពិភពលោកបានប្រារព្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយសារាចរលេខ០០៣ សន.ក ស្តីពីវិធានការហាមការជក់និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ក្រោមអធិបតីភាព លោក មិន ឃិន

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ អង្គសិក្ខាសាលានេះក៏មានការនិមន្តចូលរួមពីព្រះសង្ឃនិងមន្ត្រីរាជការក្រសួងជាង១០០នាក់។
    ក្នុងនាមរាជរដ្ឋាភិបាលទទួលបន្ទុកវិស័យសាសនានៅកម្ពុជា លោក មិន ឃិន សូមថ្លែងអំណរគុណដល់ អង្គការសុខភាពពិភពលោក (WHO) ក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍទាំងអស់ដែលតែងតែផ្តល់ការគាំទ្រនិងសហការទាំងផ្នែកបច្ចេកទេសនិងថវិកាដល់កម្មវិធីថ្នាំជក់និងកម្មវិធីផ្សេងៗទៀតសំដៅលើកកម្ពស់សុខមាល ភាពប្រជាពលរដ្ឋ។
លោក មិន ឃិន មានប្រសាសន៍ទៀតថា ដើម្បីចូលរួមក្នុងការការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ការពារនិងទប់ស្កាត់ការរងផ្សែងពីផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពអ្នកនៅជុំវិញខ្លួនក៏ដូចជា ផលប៉ះពាល់ទៅដល់បរិស្ថាននោះគឺមានតែព្រះសង្ឃទេដែលមានឥទ្ធិពលក្នុងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង ពីហានិភ័យនៃការជក់បារី។ ថ្នាំជក់គឺជាសារធាតុញៀនដែលប្រជាពលរដ្ឋគួរតែចៀសឲ្យឆ្ងាយពីព្រោះការជក់បារី អាចបណ្តាលឲ្យមានការអន្តរាយដល់សុខភាពរបស់អ្នកជក់ថែមទាំងការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះជាខាតបង់មួយយ៉ាងធំធេងក្នុងសេដ្ឋកិច្ចគ្រួសារ។
ដើម្បីចូលរួមទប់ស្កាត់ពីផលប៉ះពាល់លើការជក់បារីក្រសួងធម្មការនិងសាសនាបានយកចិត្តទុកដាក់ខ្ពស់ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាសំដៅកាត់បន្ថយនិងឈានទៅរកការលុបបំបាត់ការជក់បារីជាពិសេសតាមរយៈការអប់រំរបស់ព្រះសង្ឃព្រះពុទ្ធសាសនាក្នុងគោលបំណងអប់រំទូន្មានមហាជនទូទៅឲ្យជៀសផុតពីគ្រឿងញៀនតាមរយៈនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។
    តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) ការប្រើប្រាស់ថ្នាំជក់ ជាពិសេសការជក់បារី បណ្តាលឲ្យស្លាប់មនុស្សលើពិភពលោកជាង៦លាននាក់ជារៀងរាល់ឆ្នាំ។ថ្នាំជក់បណ្តាលឲ្យពាក់កណ្តាលនៃអ្នកប្រើប្រាស់ជាប្រចាំបានស្លាប់។ រីឯអ្នកមិនជក់បារីចំនួន៦០០,០០០នាក់បានស្លាប់ដោយគ្រាន់តែស្រូបផ្សែងបារីពី គេក្នុងមួយៗឆ្នាំ យើងទាំងអស់គ្នាបានដឹងថាជំងឺដែលបង្កដោយសារការប្រើប្រាស់ថ្នាំជក់នេះ ជាប្រភេទជំងឺដែល អាចបង្ការបានដោយគ្រាន់តែយើងទាំងអស់គ្នាឈប់ប្រើប្រាស់ថ្នាំជក់និងជៀសពីការស្រូបផ្សែងបារីពីគេដោយអចេតនា។ ចូលរួមបង្ការការប្រើប្រាស់ថ្នាំជក់តាមរយៈការមិនសាកល្បងជក់បារីនិងការលះបង់ការជក់បារី។ ការជក់បារីនាំឲ្យអន្តររាយដល់សុខភាព៕