លោក មិន ឃិន៖ សកម្មភាពចូលរួមពីអង្គការក្រៅរដ្ឋាភិបាលពិតជានាំមកនូវសេចក្តីសុខជូនសង្គមជាតិទាំងមូល

  • Print

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣
ភ្នំពេញៈការកសាងសង្គមមួយរីកចំរើនទៅបានទាល់តែមានការចូលរួមពីអង្គការសមាគមដែលមានវត្តមានលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ជាសកម្មភាពសង្គមកិច្ចមួយដែលមិនអាចផ្តាច់ចេញបានពីការងាររបស់ រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ខណៈពេលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាតាមតំបន់នៃក្រុមជំនុំព្រេសប៊ីធេរានកម្ពុជា ដែលបានប្រារព្ធឡើងក្នុងបរិវេណក្រុមជំនុំក្រាំងដូនទៃ ស្ថិតនៅសង្កាត់ក្រាំងដូនទៃ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤និងមានគ្រូគង្វាលចូលរួមចំនួន២០០នាក់។
    លោក មិន ឃិន

មានប្រសាសន៍ពីតួនាទីរបស់ក្រសួងធម្មការនិងសាសនាដែលជាសេនាធិការមួយឲ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់សំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះសាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ នេះបញ្ជាក់ឲ្យឃើញពីការរួបរួមរវាងសាសនាទាំងអស់នៅកម្ពុជាក្រោមតំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
    លោក មិន ឃិន មានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំនៃក្រុមជំនុំព្រេសប៊ីធេរានកម្ពុជាដែលបានជួបជុំធ្វើការបូកសរុបការងាររបស់ខ្លួនសំដៅស្វែងរកចំណុចខ្វះខាតនិងផ្លាស់ប្តូរមតិយោបល់ពីគ្នាទៅវិញទៅមកសំដៅរកការរីកចំរើននិងការអភិវឌ្ឍន៍នៅតាមសហគមន៍។ ការចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍និងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យនិងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ ។
    ក្នុងឱកាសនោះ លោក មិន ឃិន បានផ្តល់អនុសាសន៍មួយចំនួនឲ្យថ្នាក់ដឹកនាំនៃក្រុមជំនុំព្រេសប៊ីធេរាន កម្ពុជាយកទៅអនុវត្ត ដោយជម្រុញឲ្យថ្នាក់ដឹកនាំ គ្រូគង្វាលនិងសមាជិកទាំងអស់រួមសហការគ្នា សាមគ្គីគ្នា និង ត្រូវមានឯកភាពផ្ទៃក្នុងក្នុងសហគមន៍តែមួយ។ ជម្រុញឲ្យអង្គការសមាគមមានចរិតសាសនាទាំងអស់សូមបន្តប្រពៃណីវប្បធម៌សន្តិភាព ឲ្យចេះស្រលាញ់ យោគយល់អធ្យាស្រ័យគ្នា និងរួមរស់នៅជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមកប្រកបដោយក្តីមេត្តាករុណា សណ្តោសប្រណីរវាងសហគមន៍សាសនាផ្សេងៗគ្នានៅទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាឲ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបដោយសុជីវធម៌ សីលធម៌ ចរិយាធម៌ និងគុណធម៌ ដែលជាមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិជំនឿសាសនានិងវិស័យសាសនានីមួយៗ៕អត្ថបទ រូបភាពៈ លោក ម៉ៅ សុខជា