រួមគ្នាបញ្ឈប់អំពើហឹង្សាលើកុមារកម្ពុជា

  • Print

 

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីមផើរៀល៍ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក្នុងគោលបំណងពិភាក្សាអំពីទ្រឹះស្តីព្រះពុទ្ធសាសនាសម្រាប់ពិធីបួងសួងដើម្បីទប់ស្កាត់អំពើហឹង្សាលើកុមារ។ ក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក៏មានការយាង-និមន្តពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាច្រើនអង្គផងដែរ។

 ក្នុងនាមមន្ត្រីសង្ឃ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជ បន្ទូលថា កិច្ចពិភាក្សាមេដឹកនាំព្រះពុទ្ធសាសនាក្នុងឱកាសនេះគឺពិតជាមានសារៈសំខាន់ហើយជាសារមួយដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តោតយ៉ាងសំខាន់លើសិទ្ធកុមារ ដោយមើលឃើញថា ការរំលោបំពាន ផ្លូវភេទកុមារមានច្រើនរូបភាពហើយក្នុងនោះព្រះសង្ឃក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តមនុស្សតាមរយៈការសំដែងព្រះធម៌ ជាពិសេសឪពុកម្តាយឬអាណាព្យាបាលត្រូវមានសីលធម៌ព្រះពុទ្ធសាសនាក្នុងខ្លួនគឺមេត្តា ករុណា ឧបេក្ខា និងមុតិតា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក មិន ឃិន បានថ្លែងអំណរគុណចំពោះសម្តេចព្រះសង្ឃគ្រប់ឋានានុក្រមដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសង្គមមួយប្រកបដោយសន្តិភាព។ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ជាតិ សីលធម៌ គតិបណ្ឌិត វិថីជីវិត ដើម្បីជួយដល់ប្រជាជនឲ្យមានជីវិតរុងរឿង សាមគ្គីធម៌ ភាតរភាត សុខុមាលភាព អភិវឌ្ឍសង្គមតាមរយៈវិធានការអប់រំអំពី សីល សម្មាធិនិងបញ្ញា។ ពិតណាស់ហើយព្រះពុទ្ធសាសនាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមនិងមានតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមទាំងផ្លូវកាយនិងផ្លូវចិត្ត។

លោក មិន ឃិន មានប្រសាសន៍សង្កត់ធ្ងន់ថា ការចូលរួមវិភាគទានជាទស្សនៈនាពេលនេះគឺជាមធ្យោបាយដ៏សំខាន់ដើម្បីពង្រឹងតួនាទីរបស់មេដឹកនាំព្រះពុទ្ធសាសនាលើការជួយលើកកម្ពស់សិទ្ធិកុមារ ការការពារកុមារ និងកុមារងាយរងគ្រោះនឹងតម្រងទិសដៅដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានិងទិសដៅនៃការអប់រំតាមរយៈវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

លោកស្រី ចាន់ កញ្ញា មន្ត្រីផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វ បានមានប្រសាសន៍ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងធម្មការនិងសាសនានិងមន្ត្រីសង្ឃដែលបានធ្វើការរួមគ្នាសំដៅលុបបំបាត់រាល់ទម្រង់នៃការរំលោភបំពានលើសិទ្ធកុមារ។ របកគំហើញសំខាន់ៗនៃការស្រាវជ្រាវបានបង្ហាញថា អំពើហិង្សាជា បញ្ហាចំបងក្នុងវ័យកុមារភាពក្នុងនោះមានកុមារច្រើនជាងពាក់កណ្តាលបានទទួលរងនូវការរំលោភបំពានលើរាងកាយ ដូចជា វាយតប់ ទាត់ ធាក់ វាយនឹងរំពាត់ឬវត្ថុអ្វីមួយ និងកុមារមួយភាគបីបានទទួលរងអំពើហិង្សាផ្លូវចិត្តពី សំណាក់ឳពុកម្តាយ អ្នកថែទាំ ឬមនុស្សធំដទៃទៀតដែលជាសាច់ញាតិ៕ អត្ថបទ រូបភាពៈ សុខជា ធម្មការ