ឥស្លាម​សាសនា​និង​គ្រិស្តសាសនា​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា​

ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ មេដឹកនាំសាសនានៅព្រះរាជាណាចក្រកម្ពុជាត្រូវជំរុញធ្វើសកម្មភាពដើម្បីរួមចំណែកអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពដើម្បីបង្កើនការយល់ដឹងនិងជួយទប់ស្កាត់អំពើហិង្សាលើកុមារនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានចូលរួមបើកអង្គសិក្ខាសាលាមួយដែលរៀបចំដោយ អង្គការ យូនីសេហ្វនិងអង្គការទស្សនៈពិភពលោក សហការជាមួយក្រសួងធម្មការនិងសាសនាស្តីអំពីតួនាទីឥស្លាមសាសនានិងគ្រិស្តសាសនាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

 លោក មិន ឃិន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ចែងថាៈ ប្រជាជនខ្មែរទាំងពីរភេទមាន សិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿនិងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌដែល មិនប៉ះពាល់ដល់ជំនឿសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ទន្ទឹមនឹងនោះផងដែរ គ្រប់ជំនឿនិងសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមហើយបានទ្រទ្រង់នូវអរិយធម៌វប្បធម៌ជាតិទាំង មូល។

លោក មិន ឃិន បានលើកឡើងទៀតថា អង្គសិក្ខាសាលាដែលរួមគ្នាពិភាក្សានាពេលនេះគឺពិតជាបានរួម ចំណែកអភិវឌ្ឍជាតិស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមរយៈការចូលរួមផ្តល់ការគាំទ្រនិងការការពារដល់កុមារ។ ក្រសួងធម្មការនិងសាសនាដែលជាស្ថាប័នទទួលខុសត្រូវលើជំនឿសាសនា របស់ប្រជាពលរដ្ឋបាននិងកំពុងធ្វើការអភិវឌ្ឍជាតិយ៉ាងយកចិត្តទុកដាក់ខ្ពស់ដើម្បីលើកកម្ពស់សីលធម៌ប្រជាពលរដ្ឋ កម្ពុជាសំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារពិសេសការអប់រំតាមរយៈទ្រឹស្ដីសាសនារៀងៗខ្លួន។ ជារួមអង្គសិក្ខាសាលាក្នុងថ្ងៃនេះគឺជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងតួនាទីរបស់មេដឹកនាំសាសនាលើការជួយ លើកកម្ពស់សិទ្ធិកុមារ ការការពារកុមារ និងកុមារងាយរងគ្រោះ និងតម្រង់ទិសដៅដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានិងបានផ្ដល់អនុសាសន៍មួយចំនួនសូមឲ្យមេដឹកនាំសាសនា មេត្តាយកធម៌វិន័យទ្រឹស្ដីសាសនារបស់ខ្លួន ជួយអប់រំផ្សព្វផ្សាយអំពីសីលធម៌ គុណធម៌ ការការពារកុមារនៅតាម វិហារ ស្នាក់ការសាលារៀននិងគ្រប់សហគមន៍ដែលនៅជិតបំផុត។ការទប់ស្កាត់អំពើហិង្សាលើកុមារដើម្បីពង្រឹងសុខដុមនីយកម្មក្នុងសង្គមជាតិយើងនិងត្រូវប្រឹងប្រែងគោរពប្រណិប័តន៍ធម៌វិន័យទ្រឹស្តីរបស់ខ្លួន ដើម្បីជាគំរូល្អដល់ កុមារទាំងឡាយ។

លោកស្រី ណុប វ៉ាន់ធី ទីប្រឹក្សាប្រតិបត្តិរបស់នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកបានអរ គុណយ៉ាងខ្លាំងចំពោះក្រសួងធម្មការនិងសាសនាដែលបានដឹកនាំអង្គសិក្ខាសាលាពិភាក្សាក្នុងចំណោមមេដឹកនាំពាហិរសាសនាដែលនឹងក្លាយទៅជាគ្រូបង្គោលដ៏សំខាន់ដើម្បីរួមគ្នាបញ្ចប់អំពើហិង្សាលើកុមារ។ អង្គការយូនីសេហ្វនិងអង្គការទស្សនៈពិភពលោកទទួលស្គាល់ថាមានតែការរួមមតិស្របគ្នារវាងសាសនានៅទូទាំងប្រទេសឲ្យយល់ដឹងពីសេចក្តីថ្លៃថ្នូររបស់មនុស្សដោយរួមបញ្ចូលទាំងកុមារផងនិងរួមគ្នាបដិសេធរាល់ទម្រង់នៃការរំលោភបំពាន លើកុមារ៕ 

 

Flag Counter