របាយការណ៍បឋមស្ដីពីវឌ្ឍនភាពនៃការកសាងឯកសារទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជា

  • Print

 ក្រសួងធម្មការនិងសាសនាដោយមានការគាំទ្រពីគណៈសង្ឃទាំងពីរគណៈបានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការគៀងគរព្រឹទ្ធាចារ្យ អ្នកជំនាញផ្នែកព្រះពុទ្ធសាសនា និងវប្បធម៌ ជាងចម្លាក់ និងវិចិត្រករ ដែលមានទេពកោសល្យធ្វើការសិក្សាស្រាវជ្រាវ និងប្រជុំកំណត់ទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមាជាច្រើនលើក

ដើម្បីរៀបចំជាឯកសារគោល មានចម្លាក់បដិមា ដែលបានកំណត់ក្រឹត្យក្រម បែបផែនទៅតាមខ្នាតពីបូរាណ មានចំនួនប្រាំបួនព្រះអង្គ តម្កល់ទុកនៅក្រសួងធម្មការ និងសាសនា ក្នុងនោះរួមមានព្រះពុទ្ធដបដិមាទ្រង់ធ្វើសមាធិ ព្រះពុទ្ធបដិមាផ្ចាញ់មារ ព្រះពុទ្ធបដិមាសម្ដែងធម្មចក្រ ព្រះពុទ្ធបដិមាទ្រង់ឲ្យអភ័យដល់ពពួកសត្វ ព្រះពុទ្ធបដិមាទ្រង់ប្រទានពរ ព្រះពុទ្ធបដិមាទ្រង់បិណ្ឌបាត ព្រះពុទ្ធបដិមាទ្រង់ផ្ទុំឬបរិនិព្វាន និងព្រះបដិមាធ្វើទុក្ករកិរិយាជាដើម។ ទម្រង់ទាំងនេះកំណត់យកតាមរចនាបថព្រះពុទ្ធអង្គគោកធ្លក (ប្រាសាទបាយ័ន សតវត្សទី១៣) និងព្រះបដិមាអង្គរតូចទុកជាគម្រូ និងបានសិក្សាបន្ថែមទៅលើខ្នាតទាំងនោះឲ្យត្រូវតាមព្យញ្ជនៈដែលបានកំណត់ទៅតាមអាការៈនៃសភាវធម៌ (ព្រះត្រៃបិដក)។
    ក្រៅពីការងារឯកសារ ក្រុមការងារក៏បានចុះសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីតាំងផលិតចម្លាក់ព្រះពុទ្ធបដិមាទាំងនោះមានជាអាទិ៍ នៅខេត្តពោធិសាត់ ភ្នំសន្ទុកខេត្តកំពង់ធំ និងនៅក្នុងខេត្តសៀមរាបជាដើម។ លើសពីនោះ ក្រសួងក៏បានរៀបចំសិក្ខាសាលាចំនួនបីលើករួចមកហើយ ដើម្បីប្រមូលផ្ដុំនូវគំនិត យោបល់ស្ថាបនានានា ពីអ្នកសិក្សាស្រាវជ្រាវ ព្រះសង្ឃ អាចារ្យ វិចិត្រករ និងជាងចម្លាក់ ដែលអញ្ជើញមកពីទូទាំងប្រទេស ដើម្បីឲ្យធ្វើកិច្ចការចងក្រងឯកសារគោលស្ដីពីពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជា មានទម្រង់ឯកភាព ឈរលើគោលការណ៍ជាក្រឹត្យក្រមបែបផែន និងខ្នាតពីបូរាណាចារ្យ ក្នុងសម័យកាលនៃព្រះពុទ្ធសាសនារីកចម្រើនរុងរឿង។
    ផ្អែកលើតឹកតាង និងទិន្នន័យសិក្សាស្រាវជ្រាវដែលទទួលបានទាំងនេះ រួមជាមួយនឹងពុម្ពគម្រូព្រះពុទ្ធបដិមាជាក់ស្ដែង ដែលស្មូនឡើងដោយព្រឹទ្ធាចារ្យ វឌ្ឍកីទេពនិម្មិត ចាន់ ស៊ីម (ព្រឹទ្ធាចារ្យមរត៌កមនុស្សរស់) ក្រសួងបានចងក្រងឯកសារគោលបឋម ដើម្បីទូលថ្វាយ-ប្រគេនសុំយោបល់បន្ថែមទៀតពីសំណាក់ សម្ដេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត     ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះធម្មលិខិត លាស់ ឡាយ  សម្ដេចព្រះសង្ឃនាយករងទី១ សម្ដេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ និងសម្ដេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ ដោយព្រះរាជយោបល់ និងយោបល់គាំទ្រយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលព្រះពុទ្ធសាសនាដ៏ត្រចះត្រចង់ក្នុងជំនាន់ថ្មីនេះ សម្រាប់ការយល់ដឹង ការសិក្សាបន្ត និងការគោរពប្រណិបត្តិក្នុងន័យព្រះធម៌ដ៏បរិសុទ្ធ។
    ឯកសារទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជានេះ នឹងក្លាយជាឯកសារគោលមួយដ៏សំខាន់សម្រាប់ជាគម្រូដែលមានសាវតា បែបផែន និងខ្នាតច្បាស់លាស់ ទុកប្រើប្រាស់ជារួមសម្រាប់ព្រះសង្ឃ ពុទ្ធសាសននិក ក៏ដូចជាអ្នកប្រកបរបរទទួលទានខាងផ្នែកស្មូន គំនូរ ចម្លាក់ព្រះពុទ្ធបដិមាឲ្យមានឯកភាព ជៀសវាងនូវការធ្វើឡើងដោយខ្វះវិជ្ជាជីវៈ និងតាមតែគំនិតរបស់ជាងនោះទេ។ លើមូលដ្ឋាននេះ ឯកសារទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការតម្រង់ទិសការប្រើប្រាស់ចម្លាក់ព្រះពុទ្ធបដិមានៅពេលអនាគតក្នុងទម្រង់ឯកភាព និងជាអត្តសញ្ញាណព្រះពុទ្ធសាសនាខ្មែរមួយ ដែលកើតចេញពីសម័យកាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
    លើការរៀបចំឯកសារនេះ នៅពេលខាងមុខក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការពិនិត្យ និងវាយតម្លៃចុងក្រោយ ដើម្បីបោះពុម្ពឯកសារកម្រង «សៀវភៅទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជា» ផ្សព្វផ្សាយជាផ្លូវការ។ ចំពោះចម្លាក់ព្រះពុទ្ធបដិមាទាំងឡាយ ដែលបានកសាងរួចកំពុងតម្កល់គោរពបូជានៅតាមបណ្ដាវត្ត ឬអាស្រមនានានឹងរក្សាទុកឲ្យគោរពបូជាដដែល ដោយពុំប៉ះពាល់ ហើយចំពោះវត្តអារាមដែលកសាងថ្មី ក្រោយថ្ងៃប្រកាសឲ្យប្រើប្រាស់ឯកសារទម្រង់ពុម្ពគម្រូព្រះពុទ្ធបដិមានៅកម្ពុជា ត្រូវលើកទឹកចិត្តឲ្យកសាងតាមពុម្ពគម្រូព្រះពុទ្ធបដិមាថ្មីនេះ។ ម្យ៉ាងទៀត ក្រសួងនឹងបើកទូលាយ ព្រមទាំងលើកទឹកចិត្តឲ្យវត្តអារាមណាដែលមានសទ្ធា ហើយស្ម័គ្រចិត្តកែសម្រួលចម្លាក់ព្រះពុទ្ធបដិមា ឬតម្កល់បន្ថែម តាមទម្រង់ព្រះពុទ្ធបដិមាថ្មីនេះតាមលទ្ធភាពផងដែរ។