​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​រាប់បាត្រ​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខ័ន្ធ​ជន​ស្លូត​ត្រង់​ដែល​ ​បាន​ស្លាប់​ក្នុង​របប​ប៉ុល​ពត​

  • Print

លោក មិន ឃិន និងលោកស្រី រួមជាមួយ ព្រះមេគណខេត្តកណ្តាលជាអធិបតី

ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥

រាជធានីភ្នំពេញៈ សមិទ្ធផលជាច្រើនដែលរីកចម្រើនមកដល់សព្វថ្ងៃនេះ គឺកើតចេញពីគុណបំណាច់ថ្ងៃ៧មករា១៩៧៩ ដែលប្រជាពលរដ្ឋគ្រប់រូបមិនអាចបំភ្លេចបាន។ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជាតិ ជាថ្ងៃសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរស់រានមានជីវិតឡើងវិញ ឆ្លងផុតពីការគ្រប់គ្រងរបស់ប៉ុលពតដែលបានកាប់សម្លាប់ប្រជាជនឯងអស់ជាង៣លាននាក់នៅក្នុងរបបគ្រប់គ្រងរបស់គេនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ការលើកឡើងបែបនេះ ខណៈពេល លោក មិន ឃិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីរាប់បាត្រព្រះសង្ឃឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

           លោក មិន ឃិន បានមានប្រសាសន៍ពាំនាំនូវការនឹករលឹកពី សម្ដេចអគ្គមហាទាំងបីជូនសមាជិកទាំងអស់ហើយការប្រារព្ធពិធីដ៏មានសារៈសំខាន់នេះស្របពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលជាផ្លែផ្កាជាច្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ៧ មករា ១៩៧៩ - ៧ មករា ២០១៥ ជាខួបលើកទី៣៦នៃការរស់ឡើងវិញរបស់ប្រជាពលរដ្ឋពីកណ្តាប់ដៃរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយសាររបបដ៏យង់ឃ្នងបានបំផ្លិចបំផ្លាញទាំងស្រុងរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម។ ក្រោមទង់រណសិរ្ស២ធ្នូ និងស្មារតីចងចាំជានិច្ចថ្ងៃ៧មករា១៩៧៩បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពស្តាកសាងនិងអភិវឌ្ឍប្រទេសដែលរហូតមកដល់ពេលនេះគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យអាណាចក្រនិងពុទ្ធចក្របានរីកចម្រើនគួរឲ្យកត់សម្គាល់។

          លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា នេះជាកាលានុវត្តភាពមួយដែលបានបញ្ជាក់ឲ្យយើងឃើញ កាន់តែច្បាស់ថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចទាំងបី ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើននិងមានកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់និងលើពិភព លោក។

          ព្រះមហារាជធម្ម វង្ស អានេតា សមាជិកគណៈសង្ឃនាយក អនុប្រធានទី១ថេរសភានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល មានសង្ឃដីកាថា បានរួបរួមគ្នាប្រារព្ធពិធីបុណ្យខួបគម្រប់៣៦ឆ្នាំឧទ្ទិសកុសលជូនដល់ប្រជាជនកម្ពុជាដែលបានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើទានដល់ប្រជារាស្ត្រដែលកំពុងជួបប្រទះនិងជីវភាពរាល់ថ្ងៃ។

          តមក លោក មិន ឃិន និងលោកស្រីជាភរិយា បានប្រគេនបច្ច័យមួយចំនួនធំដល់ ព្រះមហារាជធម្ម វង្ស អានេតា និងបានចែកអង្ករជូនប្រជាពលរដ្ឋ១១៣គ្រួសារក្នុងមួយគ្រួសារ១៣គីឡូក្រាម ទឹកត្រី២ដបនិងបាន ចែកសំភារៈសិក្សាដល់សិស្សានុសិស្សចំនួន២២៥នាក់៕ 

 លោក មិន ឃិន ចូលរួមក្នុងកម្មវិធីលោក មិន ឃិន និងលោកស្រី ជូនសំភារសិក្សានិងប្រដាប់ក្មេងលេងជូនសិស្ស