វត្តអារាមនិងព្រះសង្ឃជាថ្នាលបណ្តុះបញ្ញាញាណដល់សង្គម

  • Print

លោក មិន ឃិន និងលោកជំទាវ រួមទាំងអភិបាលខេត្តព្រៃវែងជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥

ព្រៃវែងៈ វត្តអារាមគឺជាមជ្ឈមណ្ឌលសម្រាប់កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ជាមជ្ឈមណ្ឌលសម្រាប់ថែរក្សាវប្បធម៌និងធនធានធម្មជាតិជាច្រើនសតវត្សមកហើយចំណែកព្រះសង្ឃវិញព្រះអង្គមិនគ្រាន់តែជាអ្នកតំណាងខាងសាស នាក្នុងការផ្សព្វផ្សាយព្រះធម៌ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាគ្រូអាចារ្យខាងសីលធម៌ អភិសមាចារ ខាងផ្លូវចិត្តនិងជាទី ពឹងពំនាក់គ្រប់ពេលវេលារបស់ប្រជាពុទ្ធបរិស័ទ។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី២៣នៅខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ និងមានការនិមន្ត អញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ព្រះសង្ឃនិងពុទ្ធបរិស័ទចំនួនជាង៧០០អង្គ-នាក់។

 លោក មិន ឃិន បានថ្លែងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានបញ្ជាក់យ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយភាគច្រើនលើសលុបនៃប្រជាជនកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដូចនេះប្រការដែលធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើននិងមានទំនុកចិត្តក្នុងការប្រតិបត្តិពីសំណាក់ប្រជាពុទ្ធបរិស័ទគឺទាមទារឲ្យព្រះសង្ឃគ្រប់អង្គមានស្មារតីឈរលើសីល សមាធិ និងបញ្ញា។ ស្មារតីនិងសកម្មភាពចូលរួមប្រកបដោយផ្លែផ្កានេះជានិមិត្តរូបនៃឆន្ទះដ៏ភ្លឺស្វាងនិងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ព្រះសង្ឃគ្រប់អង្គក៏ដូចជាប្រជាពុទ្ធបរិស័ទគ្រប់រូបក្នុងការអភិរក្សនិងអភិវឌ្ឍន៍ វប្បធម៌ អរិយធម៌ ចរិយាធម៌ ចំណេះដឹងនិងសាមគ្គីភាពដែលប្រការទាំងនេះគឺជាធនធានយ៉ាងចំបងរបស់សង្គមជាតិទាំងមូលក៏ដូចជាឆន្ទៈរបស់រាជរដ្ឋាភិបាលដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបបយ៉ាងសំដៅកសាងសង្គមជាតិមួយប្រកបដោយសុខសន្តិភាព ភាពសុខដុមរមនានិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។  

ឯកឧត្តម មិន ឃិន មានប្រសាសន៍លើកឡើងទៀតថាទន្ទឹមនឹងការរីកចម្រើនដ៏ធំធេង យើងក៏នៅសង្កេត ឃើញថា ការគោរពនិងការប្រតិបត្តិរបស់ព្រះសង្ឃភាគតិចបំផុតក៏នៅមានចំនុចខ្វះខាត ខ្វះការឈ្វេងយល់បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគោរពនិងការប្រណិបត្តិធម៌វិន័យព្រះពុទ្ធសាសនានិងច្បាប់រដ្ឋញ៉ាំងសទ្ធាបរិស័ទឲ្យធ្លាក់ចុះដែលយើងត្រូវរួមគ្នាពង្រឹងនិងទប់ស្កាត់ចំណុចអវិជ្ជមានទាំងនោះដើកម្បីលើកកម្ពស់ការគោរពប្រណិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបន្ថែមទៀត។

ក្នុងឱកាសផ្សព្វផ្សាយពីខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី២៣ លោក មិន ឃិន បានចូលរួមផ្តល់អនុសាសន៍សូមឲ្យគណៈសង្ឃនាយកទាំងពីរគណៈសហការជាមួយមន្ទីរជំនាញនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចរបស់ខ្លួនដោះស្រាយនិងរម្ងាប់អធិករណ៍ទាំងឡាយក្នុងពុទ្ធសាសនាឲ្យបានល្អរក្សាបានតាមពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាត អភិសមាចារនិងច្បាប់របស់រដ្ឋពិសេសត្រូវគោរពតាមព្រះរាជសង្ឃប្រកាស មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៣និងសារាចរណែនាំនិងសង្ឃប្រកាសនានាថែមទាំងមានការអធ្យាស្រ័យល្អជាមួយពុទ្ធបរិស័ទចេះរួមសុខរួមទុក្ខជាមួយពុទ្ធបរិស័ទទូទៅនិងមិនប្រកាន់និន្នាការ ពណ៌សម្បុរ ឋានៈអ្នកមានអ្នកក្រឡើយ៕

 

ព្រះសង្ឃទូទាំងខេត្តនិមន្តចូលរួមក្នុងពិធីអនុសំវច្ឆរៈ