លោក មិន ឃិនៈ អាចារ្យជាគ្រូដើមនិងជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរ

គណអធិបតីក្នុងពិធី

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥

ព្រៃវែងៈ អាចារ្យគឺជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរទាំងមូល ដោយហេតុថាពួកគាត់គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យមានមនោសញ្ចេតនាឲ្យស្គាល់ពីតម្លៃនៃសីលធម៌ដែលជាកេរ្តិ៍មរតកពីដូនតានិងការប្រព្រឹត្តទៅតាមគន្លងធម៌នៃព្រះពុទ្ធសាសនារបស់យើង។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការសាខា អនុសាខាសមាគមអាចារ្យខ្មែរខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ក្នុងបរិវេណកីឡាដ្ឋានខេត្ត ។

 លោក មិន ឃិន បានមានប្រសាសន៍ថាការប្រកាសទទួលស្គាល់សាខា អនុសាខាសមាគមអាចារ្យខ្មែរ នេះឡើងគឺពិតជាបានចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីពីបុរុមបុរាណដើម្បីតម្កល់ទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឲ្យយល់ដឹងនិងស្គាល់ពីតម្លៃមរតកវប្បធម៌រស់ដែលពិភពលោកកំពុងកោតស្ងប់ស្ងែងពីទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង។ 

លោក មិន ឃិន មានប្រសាសន៍លើកឡើងទៀតថា សមាគមនេះមានគោលបំណងបង្កើតឲ្យមានចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែរឹងមាំនិងជួយគ្នាទៅវិញទៅមកព្រមទាំងមានការអប់រំអាចារ្យទូទៅឲ្យយល់ពីអត្ថន័យក្រមសីលធម៌អាចារ្យខ្មែរនិងបានចូលរួមផងដែរនូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌និងខ្លឹមសារព្រះធម៌ ពិធីបុណ្យទាន ទម្រង់អាពាហ៍ពិពាហ៍និងពិធីកម្មផ្សេងៗក្នុងព្រះពុទ្ធសាសនា។សាខាអនុសាខាសមាគមអាចារ្យខ្មែរមានទិសដៅលើកស្ទួយសមត្ថភាពក្នុងការបដិបត្តិដឹកនាំរបស់អាចារ្យខ្មែរក្នុងពិធីកម្មផ្សេងៗដើម្បីឈានទៅរកការឯកភាពគ្នាពីទំនៀមទម្លាប់ឲ្យកាន់តែប្រសើរឡើងព្រមទាំងកាត់បន្ថយភាពអសកម្មនិងពង្រឹងគុណភាពអាចារ្យខ្មែរតាមរយៈការបណ្តុះបណ្តាលលើមុខវិជ្ជាផ្សេងៗពាក់ពន្ធ័នឹងពិធីមង្គលការនិងពិធីបុណ្យនានាដើម្បីបានជួយបង្ហាញផ្លូវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យមានធម៌អហឹង្សាប្រកបដោយនិរន្តភាព។

លោក មិន ឃិន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាខា អនុសាខាសមាគមអាចារ្យខ្មែរខេត្តព្រៃវែងត្រូវប្រតិបត្តិទៅតាមតួនាទីរបស់ខ្លួនគឺមិនអនុញ្ញាតិឲ្យយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តក្នុងអំពើជាអកុសលឡើយដោយហេតុថា យើងទាំងអស់គ្នាជាអ្នកតំរង់ទិសនិងជាអ្នកអភិរក្សនូវវប្បធម៌រស់របស់ជាតិយើង ហេតុនេះថ្នាក់ដឹកនាំសាខា អនុសាខាសមាគមអាចារ្យខ្មែរទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា រក្សាសេចក្តីថ្លៃថ្នូរនិងខិតខំបំពេញភារកិច្ចដែលក្រសួងក៏ដូចសាលាខេត្តប្រគល់ជូនឲ្យទទួលបានជោគជ័យ ៕

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាប្រគល់ប្រកាសទទួលស្គាល់សាខា អនុសាខាសមាគមអាចារ្យខ្មែរ

Flag Counter