លោក មិន ឃិនៈ ការបណ្តាក់ទុនលើវិស័យពុទ្ធិកសិក្សាពិតជាបានជួយទ្រទ្រង់​ព្រះពុទ្ធ​សាសនា​​ឲ្យបានយូរអង្វែង

សម្តេច នន្ទ ង៉ែត និងលោក មិន ឃិន កាត់វិញ្ញាសារប្រឡងឌីប្លូម

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ព្រះពុទ្ធសាសនាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍ទូលប្រគេនលើកឡើងបែបនេះ ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អមដំណើរយាងជាមួយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជា យាង-អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាបរិវេណពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ និងមានបេក្ខសមណសិស្សចំនួន៣៣៩អង្គ។

     សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលផ្តាំផ្ញើដល់បេក្ខសមណសិស្សគ្រប់អង្គត្រូវបំពេញក្បាលសន្លឹកកិច្ចការឲ្យបានហ្មត់ចត់និងត្រូវខិតខំធ្វើកិច្ចការ ប្រឡងនេះឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រូវបញ្ចេញសមត្ថភាពឲ្យអស់នាពេលនេះដើម្បីទទួលបានជោគជ័យ។

     លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានទូលប្រគេនឲ្យដឹងថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្នុងនោះវិស័យធម្មការនិងសាសនាក៏មានការរីកចំរើនគួរឲ្យកត់សំគាល់ផងដែរ។ ជាការពិតណាស់ការរីកចំរើនរបស់ពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នាវានឹងផ្តល់ឲ្យគ្នាទៅវិញទៅមកជាការចាំបាច់ ជាក់ ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំសីលធម៌សង្គមនិងការកសាងសមិទ្ធផលផ្សេងៗជូនសង្គមជាតិទាំងមូល។

     លោក មិន ឃិន បានទូលប្រគេនលើកឡើងបន្តទៀតថាវិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលទាំងផ្លូវធម៌និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់។ ដោយមានកិច្ចសហការរួមគ្នាយ៉ាងល្អរវាងក្រសួងធម្មការនិងសាសនានិងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៅព្រះរាជាណាចក្រកម្ពុជាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

     ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទូលប្រ គេនថាការប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិគឺជាការវិនិច្ឆ័យកម្រិតសមត្ថភាពចំណេះដឹងវប្បធម៌ របស់បេក្ខសមណៈប្រកបដោយគតិយុត្តិធម៌ហើយការប្រឡងនេះមានរយៈពេលបីថ្ងៃគឺថ្ងៃទី០៦-០៧-០៨ ខែកុម្ភៈ ឆ្នាំ២០១៥និងមានបេក្ខសមណសិស្សនិមន្តប្រឡងចំនួន៣៣៩អង្គ លើមុខវិជ្ជាភាសាបាលី. ភាសាខ្មែរ, គីមីវិទ្យា, ព្រះវិន័យនិងអភិធម្ម, ភាសាសំស្ក្រឹត, រូបវិទ្យា, ផែនដីវិទ្យា, ភូមិវិទ្យា, គណិតវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស, ប្រវត្តិវិទ្យា, សីលធម៌ និងពលរដ្ឋវិទ្យា៕

បេក្ខសមណសិស្សចំនួន៣៣៩អង្គនិមន្តមកប្រឡងយកសញ្ញាបត្រ

Flag Counter