ការ​ពង្រឹង​វិស័យ​ធម្មការ​និង​សាសនា​ពិត​ជា​នាំ​មក​នូវ​សុខដុមរមនា​ទាំង​អស់​គ្នា​

  • Print

លោក មិន ឃិន អធបតីក្នុងអង្គប្រជុំប្រចាំខែ

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥

ភ្នំពេញៈ វិស័យសាសនានៅកម្ពជាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនៅចំពោះមុខប្រធានមន្ទីរនិងមន្ត្រីរាជការក្រសួងបែបនេះខណៈ លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមប្រជុំប្រចាំខែកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នា សាលប្រជុំក្រសួងធម្មការនិងសាសនា។

       លោក មិន ឃិន មានប្រសាសន៍ទៀតថា ទទន្ទឹមនឹងការរីកចំរើនផ្នែកសាសនានៅកម្ពុជា ក៏ទាមទាឲ្យយើងទំាងអស់គ្នាបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងនិងធ្វើអធិការកិច្ចគ្រប់ទីកន្លែងទាំងអស់ព្រមទាំងចុះសំរង់ស្ថិតិអំពីស្ថានភាពវត្តអារាម ព្រះសង្ឃ ដូនជី តាជី និងសិស្សនិស្សិតកំពុងស្នាក់នៅតាមវត្តអារាមឲ្យបានច្បាស់លាស់ចៀសវៀងកុំឲ្យមានបាតុភាពផ្សេងៗកើតឡើងជាយថាហេតុណាមួយ។

       លោក មិន ឃិន បានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិ កាលទី៥នៃរដ្ឋសភា ក្រសួងធម្មការនិងសាសនាបន្តផ្តោតលើសកម្មភាពសំខាន់ៗជាអទិភាពគឺបង្កើនការអប់រំស្រទាប់យុវជននិងកុមារឲ្យយល់ដឹងច្បាស់អំពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរដែលជាអត្តសញ្ញាណជាតិហើយចូលរួមថែរក្សាលើកតម្កើងអភិវឌ្ឍវប្បធម៌ជាតិនិងកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមាន ពីបរទេស ថែមទាំងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បន្តពង្រឹងពង្រីកពុទ្ធិកសិក្សាគ្រប់កំរឹតនឹងគាំទ្រសកម្មភាពនៃសាសនាផ្សេងៗទៀតក្នុងសង្គម។

       លោករដ្ឋមន្ត្រីក្រសួងបានសំណូមពរឲ្យប្រធានមន្ទីរទាំងអស់បន្តពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើង បែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងសាសនាសំ ដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ទៅជាកម្លាំងជំរុញការអភិវឌ្ឍសង្គម ពង្រឹងសន្តិភាព សាមគ្គីភាព និងលើកកម្ពស់តម្លៃសីលធម៌។

       លោក មិន ឃិន បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តការងារដែលបានអនុវត្ត

កន្លងមកឲ្យមានប្រសិទ្ធិភាពខ្ពស់សំដៅធ្វើយ៉ាងណាឲ្យវិស័យសាសនានិងធម្មការនៅកម្ពុជាមានការរីកចំរើននិងរស់នៅក្នុងភាពសុខដុមរម្យណីកម្មក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រូបភាពៈ សុខជា ធម្មការ

មន្ត្រីនិងប្រធានមន្ទីរចូលរួមប្រជុំ