លោក មិន ឃិនៈ សំណង់​វិហារ​ព្រះពុទ្ធ​សាសនា​ជាអត្តសញ្ញាណរបស់ជាតិយើង

  • Print

លោក មិន ឃិន និងលោកស្រីជាភរិយាអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារទួលច្រឡាំង

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥
កណ្តាលៈ  វត្តអារាមនិងស្ថាប័នព្រះពុទ្ធសាសនាគឺជាទីកន្លែងឬមជ្ឈមណ្ឌលនិងជាស្នូលនៃព្រលឹងជាតិ សាមគ្គីធម៌ ភាតរភាព ការឯកភាពជាតិ មជ្ឈមណ្ឌលសីលធម៌សម្រាប់អភិវឌ្ឍកាយ វិចារ ចិត្ត។ វត្តនៅទីណាប្រជាជននៅកន្លែងនោះ។ ប្រជាជនជួយកសាងវត្ត វត្តជួយដល់ប្រជាជនតាមរយៈការជួយអប់រំឲ្យមានគំនិតអភិវឌ្ឍ។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត ទួលច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។

         លោក មិន ឃិន បានសម្តែងនូវការកោតសរសើរដោយស្មោះនិងសូមវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធផលដែល សម្រេចឡើងដោយព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ ពីសំណាក់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលបានរួបរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមនិងផ្តល់វិភាគទានយ៉ាងច្រើនបង្កើតបានសមិទ្ធផលថ្មីនាពេលនេះ ដើម្បីបានរួមចំណែកបន្ថែមទៀតបម្រើឲ្យវិស័យព្រះពុទ្ធសាសនារបស់យើង។

         លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា សម្រាប់ប្រទេសកម្ពុជាយើងវិស័យពុទ្ធចក្រនិងអាណាចក្រចាំបាច់ត្រូវ ដើរទន្ទឹមគ្នាជានិច្ចពីព្រោះព្រះពុទ្ធសាសនាបានចាក់ឬសយ៉ាងជ្រៅទៅក្នុងជំនឿផ្នត់គំនិតនិងទំនៀមទម្លាប់ប្រពៃណីរបស់ ប្រជាជនខ្មែរយើង។ ព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួនាទីជាស្នូលយ៉ាងសំខាន់នៃវប្បធម៌សន្តិភាព ភាពឯកភាពជាតិ ដែលប្រជាពលរដ្ឋទាំងមូលបានផ្តល់នូវតម្លៃយ៉ាងខ្ពស់ហើយខិតខំពង្រីកឲ្យក្លាយទៅជាសីលធម៌សង្គមនិងជាបែបផែនរស់ នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ស្រទាប់។ ជាក់ស្តែងដូចប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា ទ្រឹស្ដីព្រះពុទ្ធសាសនាគឺជាមាតានៃយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលបានរួមចំណែកដល់ការដណ្តើមបាននូវសន្តិភាពពេញលេញសម្រាប់ប្រជាជាតិកម្ពុជាកាលពីចុងឆ្នាំ១៩៩៨កន្លងទៅនេះ។

         ចំពោះបញ្ហារួបរួមគ្នាកសាងសមិទ្ធផលនានារបស់សប្បុរសជន លោក មិន ឃិន មានប្រសាសន៍ថា ការរួបរួមសាមគ្គីគ្នានិងការបរិច្ចាកទ្រព្យធនផ្ទាល់ខ្លួនដើម្បីកសាងសមិទ្ធផលនានាគឺជាប្រពៃណីនៃការចែករំលែករបស់ខ្មែរយើងទោះបីប្រជាពលរដ្ឋក្រមែន ប៉ុន្តែចិត្តមិនក្រនោះទេ បើទោះបីមានទ្រព្យសម្បត្តិតិចតួចក្តី ក៏ស្មារតីនៃការចែករំលែករបស់យើងនៅតែមានដដែល។

            លោក តែម រិទ្ធី អភិបាលស្រុកកណ្តាលស្ទឹង បានឡើងធ្វើរបាយការណ៍ស្តីពីសមិទ្ធផលនានាក្នុងបរិវេណវត្តទួលច្រឡាំងជាទួលចាស់មួយមានកំណើតជាយូរលង់ណាស់មកហើយ ប៉ុន្តែពុំទាន់បានស្រាវជ្រាវរកឃើញឯកសារណាមួយប្រាកដថា ដីទួលនេះកើតឡើងនៅក្នុងរជ្ជកាលណានោះទេគ្រាន់តែដឹងថាដីទួលនេះមុនឆ្នាំ១៩៧០ជាដីទួលមួយមានដើមឈើធំៗដុះចំរុះគ្នា។ សំណង់ទាំងអស់ដែលបានកសាងក្នុងវត្តនេះរួមទាំងព្រះវិហារថ្មីគឺជាកំណប់ ទ្រព្យដ៏ប្រពៃរបស់ម្ចាស់សទ្ធាទាំងអស់កប់ទុកក្នុងព្រះពុទ្ធសាសនាសម្រាប់អនាគតជាតិខាងមុខយ៉ាងពិតប្រាកដទៅតាមគោលជំនឿរបស់ព្រះពុទ្ធសាសនា។    បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរយសជូនសប្បុរសជនដែលបានបរិច្ចាកទ្រព្យធនរួចមក លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនបច្ច័យមួយចំនួនដល់ព្រះចៅអធិការវត្តទួលច្រឡាំង ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ២០ម៉ឺនរៀល សិស្ស៣០០នាក់ម្នាក់ៗថវិកា១ពាន់រៀល សមត្ថកិច្ចទាំងពីរប្រភេទថវិកា២០ម៉ឺនរៀល តាជី យាយជី៥០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល៕

លោករដ្ឋមន្ត្រីមិន ឃិន កាត់ឬសសីមារព្រះវិហារទួលច្រឡាំងសំណង់ព្រះវិហារដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់តាមផ្លូវព្រពុទ្ធសាសនា