សម្តេច នន្ទ ង៉ែត អមដំណើរដោយ ឯកឧត្តម មិន ​ឃិន​ យាង អញ្ជើញ​ប្រកាស​តែងតាំង​គោរម្យងារ​សមណសក្ដិ​-ស្រោចព្រះ​សុគន្ធវារី​ព្រះ​មុនី​សីលសោភ័ណ ពេជ្រ សុភាព

សម្តេចនន្ទ ង៉ែត រួមជាមួយលោក មិន ឃិន ប្រគល់ព្រះរាជក្រឹត្យតែងតាំង

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានយាងអញ្ជើញប្រកាសតែងតាំងព្រះមុនីសីលសោភ័ណ ពេជ្រ សុភាព ស្ថិតក្នុងបរិវេណវត្តកងត្រង់ណឹង ឃុំកងតាណឺង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងការប្រតិបត្តិធម៌វិន័យនិងការរៀនសូត្រធម៌អាថ៌ ការសិក្សាអំពីការអប់រំផ្លូវចិត្តនៅតាមវត្តអារាមសំដៅលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

           សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាផ្តាំផ្ញើព្រះសង្ឃដែលទើបនឹងត្រាស់បង្គាប់តែងតាំងថ្មីត្រូវប្រតិបត្តិតែអំពើល្អនិងចេះកសាងហេដ្ឋារចនាសម្ពន្ធក្នុងវត្តឲ្យសក្តិសមជាទីសក្ការៈពីប្រជាពុទ្ធបរិស័ទ។

         លោក មិន ឃិន មានប្រសាសន៍ថាចរិយាធម៌ក្នុងសង្គមខ្មែរបច្ចុប្បន្នកាន់តែរីកចម្រើនក្នុងស្ថានភាពថ្មីមួយនិងបំពេញបាននូវភាពច្បាស់លាស់ក្នុងការដឹកនាំវិស័យពុទ្ធចក្រ។   ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនិងក្នុងនាមក្រសួងធម្មការនិងសាសនាលោកបានកោតសរសើរចំពោះទឹកព្រះទ័យរបស់ព្រះមុនីសីលសោភ័ណ ពេជ្រ សុភាព ដែលមានការចេះដឹងច្រើនខាងផ្លូវធម៌ គុណធម៌និងសីលធម៌ដ៏ឧត្តុង្គឧត្តមនិងមានឧបការគុណចំពោះសង្គមជាតិនិងព្រះពុទ្ធសាសនាយ៉ាងច្រើនក្នុងរយៈពេលកន្លងមកនិងបានឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងនេះ។

          លោក មិន ឃិន បានមានប្រសាសន៍សំណេះសំណាលនិងសាកសួរសុខទុក្ខដល់ព្រះសង្ឃព្រមទាំងបានកោតសរសើរដល់អាជ្ញាធរដែនដីដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រនិងអាណាចក្រនិងបានផ្តាំផ្ញើដល់ពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃគ្រប់អង្គត្រូវធ្វើយ៉ាងណាត្រូវចេះប្រម៉ែប្រមូលសាមគ្គីគ្នាក្នុងការកសាងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋទុកឲ្យកូនខ្មែរយើងបន្តគោរពពីព្រោះព្រះពុទ្ធសាសនាមានទ្រឹស្ដីល្អប្រពៃណាស់សម្រាប់ការដុសខាត់ផ្នត់គំនិតស្មារតីឲ្យជ្រះថ្លា។

          បន្ទាប់ពី ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានអានព្រះរាជក្រឹត្យស្តីពី ការតែងតាំងព្រះតេជគណ ពេជ្រ សុភាព ឲ្យឡើងទីជាព្រះមុនីសីលសោភ័ណ ព្រះរាជាថ្នាក់កិត្តិយស រួចមក លោក មឿង ផា អភិបាលស្រុកកងមាស បានលើកពីប្រវត្តិ វត្តកងត្រង់ណឹងបានបង្កើតឡើងអំឡុងឆ្នាំ១៩០៧ដល់១៩៧៥បានឆ្លងព្រះចៅអធិការវត្តជាច្រើនអង្គ ប៉ុន្តែក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានវាយបំផ្លិចបំផ្លាញខ្ទេចខ្ទីនៅសល់តែខឿនព្រះវិហារប៉ុណ្ណោះ។

          តមក សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត និងលោក មិន ឃិន ព្រមទាំងលោកស្រីជាភរិយា បានយាង អញ្ជើញកាត់ខ្សែបូរសម្ពោធសាលាបាលីរងនៅបរិវេណវត្តកងត្រង់ណឹងទុកជាសម្បត្តិព្រះពុទ្ធសាសនាដើម្បីបានព្រះសង្ឃនិងកូនចៅរបស់ប្រជាពលរដ្ឋទទួលចំណេះដឹងខាងផ្លូវលោកនិងផ្លូវព្រះធម៌ផងដែរ។

លោក មិន ឃិន ប្រគល់ផ្លិតរាជាគណ៖ថ្នាក់កិត្តិយសសម្តេច នន្ទ ង៉ែត ស្រោចព្រះសុគ្ធាវារិ

Flag Counter