ទិវា​សប្ដាហ៍​សុខដុមរមនា​អន្តរជំនឿពិភពលោក

សម្តេច បួរ គ្រី និងលោក មិន ឃិន ជាអធិបតីក្នុងអង្គសិក្ខាសាលា

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ មេដឹកនាំសាសនាទាំងអស់នៅកម្ពុជាបានមកជួបជុំក្នុងគោលបំណងប្រារព្ធទិវាសប្ដាហ៍សុខដុមរមនាអន្តរជំនឿសាសនាពិភពលោក ក្រោមព្រះអធិបតីភាព សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និង លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលពិធីរៀបចំឡើងនៅភោជនីដ្ឋាន ទន្លេបាសាក់ពីរ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

          មានប្រសាសន៍ក្នុងពិធីនេះ លោក មិន ឃិន រដ្ឋមន្រី្តក្រសួងធម្មការនិងសាសនាបានសង្កត់ធ្ងន់ថា ”ទិវាសប្ដាហ៍សុខដុមរមនាអន្តរជំនឿពិភពលោក គឺជាកតិកាសញ្ញារបស់អង្គការសហប្រជាជាតិត្រង់មាត្រា៦៥/៥ ស្តីពី សប្ដាហ៍សុខដុមរមនាអន្តរជំនឿពិភពលោក (world Interfaith Harmony Week)។ ហើយទិវានេះ គ្រប់សាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចប្រារព្ធរួមគ្នា បានច្រើនវិធី ច្រើនយ៉ាងដូចជា “ផ្សាយមេត្តាធម៌ បួងសួង និងអធិដ្ឋាន”។ សរុបមកសិក្ខាសាលាក្នុងថ្ងៃនេះ គឺជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីពង្រើកការយល់ដឹងដល់គ្រប់មេដឹកនាំសាសនា និងលើកកម្ពស់សាមគ្គីភាព ការកសាងសន្តិភាពខាងជំនឿសាសនាលើពិភពលោក នឹងតម្រង់ទិសដៅដល់ការគោរពនិងអនុវត្ត កតិកាសញ្ញារបស់អង្គការសហប្រជាជាតិ ត្រង់មាត្រា៦៥/៥ស្តីពី “សប្ដាហ៍សុខដុមរមនាអន្តរជំនឿពិភពលោក” ផង និងការអនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្តនិងទិសដៅនៃការអប់រំតាមរយៈវិសយ័អន្តរសាសនានៅកម្ពុជា។

          លោក មិន ឃិន សូមសម្តែងនូវការកោតសរសើចំពោះអង្គការដានមិសសិន Danmission ដែលបានខិតខំប្រឹងប្រែងជម្រុញឲ្យកម្មវិធីនេះដំណើរការបានជោគជយ័គួជាទីមោទនៈ។ ខ្ញុំសូមអំពាវនាវដល់គ្រប់មេដឹកនាំសាសនាទាំងអស់នៅកម្ពុជា មេត្តាគោរពប្រតិបតិ្តតាមធម៌វិន័យសាសនារៀងៗខ្លួននិងច្បាប់រដ្ឋ រួមចំណែកអប់រំផ្សព្វផ្សាយបរិស័ទរបស់ខ្លួនឲ្យមានភាពសុខដុមរមនាអន្តរជំនឿសាសនា។ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានផ្តល់អនុសាសន៍ដល់ អង្គការ សមាគម ដែលមានចរិតសាសនា ត្រូវមកចុះបញ្ជីនៅក្រសួងធម្មការ និងសាសនាឲ្យបានគ្រប់។ គ្រប់អង្គការ សមាគមសាសនា ធ្វើយ៉ាងណាតស៊ូអត់ធ្មត់ព្យាយាមរក្សាឲ្យបាននូវភាពថ្លៃថ្នូរ គោរពវិន័យសាសនា និងចូលរួមធ្វើសកម្មភាពប្រកបដោយគុណធម៌ អប់រំឲ្យគោរពច្បាប់រួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ។ គ្រប់សាសនាទាំងអស់ដែលមានវត្តមាននៅលើទឹកដីកម្ពុជា ប្រឹងប្រែងយកលទ្ធផលនៃសិក្ខាសាលានេះទៅអនុវត្តដើម្បីសុខដុមរមនា។

          លោក Ernst Jurgensen ប្រធានអង្គការ Danmission ប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីសប្ដាហ៍សុខដុមរមនាអន្តរជំនឿសាសនាពិភពលោកគឺជាកម្មវិធីថ្មីមួយ សំរាប់ទូទាំងសកលោកនិងនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកប្រធានអង្គការ Danmission បានបន្តទៀតថា វាជាការសំខាន់ណាស់ដែលថាសហគមន៍សាសនាព្យាយាមកសាងទំនាក់ទំនងនិងបង្កើតភាពសុខុដុមរម្យនា។ដើម្បីធ្វើដូច្នេះបានយើងត្រូវជួបមុខ ពិភាក្សាជាមួយគ្នា ស្គាល់ពីគ្នាទៅវិញទៅមក រៀនអំពីជំនឿរបស់គ្នាទៅវិញទៅមក និងធ្វើការួមគ្នាសម្រាប់សេចក្តីល្អរួម។ ហើយលោកសង្ឃឹមថាសិក្ខាសាលាថ្ងៃនេះគឺ ជាការចាប់ផ្តើមនៃស៊េរីនៃគំនិតផ្តួចផ្តើមមួយ ដើម្បីលើកកម្ពស់ភាពសុខដុមរមនាអន្តរសាសនាទាំងនៅក្នុងតំបន់និងកម្រិតជាតិ ហើយ ជឿជាក់ថាការចូលរួមចំណែកដ៏មានតម្លៃរបស់មេដឹកនាំសាសនាទាំងអស់នឹងមានតំលៃក្នុងការលើកកំពស់ភាពសុខដុមរមនាអន្តរជំនឿជាមិនខាន៕

វាគ្មិនសាសនាធំៗនៅកម្ពុជាចូលរួម

Flag Counter