ស្ត្រីជាដៃគូរបស់បុរសដោយខ្វះពុំបានក្នុងការកសាងសង្គមគ្រួសារ

  • Print

លោក មិន ឃិន និងលោកស្រូីជាភរិយាជាអធិបតីក្នុងពិធី

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ 
រាជធានីភ្នំពេញៈសង្គមគ្រួសារមួយប្រកបដោយសុភមង្គលនិងផ្តល់តំលៃឲ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៌សិទ្ធិស្មើគ្នាឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៌សំដៅលើការផ្តល់តំលៃយ៉ាងសក្តិសមដល់សក្តានុពលរបស់ស្ត្រីដែលស្មើគ្នាជាមួយបុរសក្នុងការទទួលបាននូវចំណេះដឹងជំនាញបច្ចេកទេសគ្រប់ផ្នែកនិងគ្រប់សកម្មភាពលើគ្រប់វិស័យទាំងផ្នែកនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ការលើកឡើងបែបនេះ ខណៈពេលដែលក្រសួងធម្មការនិងសាសនាប្រារព្ធរៀបចំមិទ្ទិញអបអរទិវាអន្តរជាតិ៨មីនាខួប១០៤ឆ្នាំ ក្រោមអធិបតីភាពលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវជាភរិយា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។

          លោក មិន ឃិន រដ្ឋមន្ត្រីក្រសូងធម្មការនិងសាសនាបានកោតសរសើរដោយវាយតំលៃខ្ពស់ចំពោះការខិត ខំប្រឹងប្រែងតស៊ូដោយមិនខ្លាចការលំបាកលើការងារក្រសួង ដោយទទួលបានលទ្ធផលយ៉ាងធំធេង នេះសំដែងឲ្យឃើញពីការផ្តល់សិទ្ធិដល់ស្ត្រីលើកិច្ចការសាសនា។ ប្រធានបទស្តីពី”ដំណើរឆ្ពោះទៅមុខៈ ស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ១៩៩៥” ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីនៅទូទាំងសាកលលោកក្នុងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្តី។ការរីកចំរើនរបស់ស្ត្រីនៅតាមស្ថាបនរដ្ឋពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើការលើកកម្ពស់តំលៃស្ត្រីដោយបានផ្តល់អនុសាសន៌ជាច្រើនពាក់ព័ន្ធនឹងការងារនិងអត្ថប្រយោជន៌របស់ស្ត្រីនៅតាមក្រសួងស្ថាប័នអង្គភាពសាធារណៈក៏ដូចជាឯកជនសំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើននិងប្រកបដោយគុណភាព ប្រសិទ្ធភាពពីសំណាក់ស្ត្រីក្នុងដំណើរការអភិវឌ្ឍន៌និងសេដ្ឋកិច្ចជាតិ។

          នៅក្នុងព្រះរាជសារទិវានារីអន្តរជាតិ៨មីនារបស់ព្រះមហាក្សត្រិយានីនរោត្តម មុនីនាថ-សីហនុ ព្រះវររាជមា តាជាតិខ្មែរដែលអានដោយលោកស្រី ងួន ធួន ក៏បានលើកឡើងពីការផ្តល់តំលៃដល់សក្តានុពលរបស់មនុស្ស តាមរយៈការលើកកម្ពស់សិទ្ធិនិងឱកាសដូចគ្នារវាងស្ត្រីនិងបុរសក្នុងការទទួលបានចំណេះដឹងជំនាញបច្ចេកទេស ដូចគ្នារវាងបុរសនិងស្ត្រី។ ពិសេសផ្តល់សិទ្ធិឋានៈតួនាទីស្ត្រីនៅក្នុងគ្រួសារលើការគ្រប់គ្រងថែបំប៉ន អប់រំសីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស។

          លោកស្រី កែវ សុធារី អគ្គនាយិការដ្ឋបាលនិងហិរញ្ញវត្ថុ និង ប្រធានក្រុមការងារនារីប្រចាំក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្រសួងធម្មការនិងសាសនាមានស្ត្រីបម្រើការងារមានៈរដ្ឋលេខាធិការ១រូប, អនុរដ្ឋលេខាធិការ១រូប,អគ្គនាយិកា២រូប, ថ្នាក់នាយកដ្ឋាន៦រូប, ថ្នាក់ការិយាល័យ២២រូប។ មន្ត្រីរាជការសរុបក្នុងក្រ សួងធម្មការនិងសាសនា៣៥៥រូបក្នុងនោះស្ត្រី៥៧រូប។  

          ក្នុងពិធីនោះដែរ លោក មិន ឃិន និងលោកស្រីជាភរិយាក៏ជូនវត្ថុអនុស្សាវរីយ៍ដល់បងប្អូនស្ត្រីទាំង១០៦នាក់ក្នុងនោះស្រ្តីជាមន្ត្រីក្របខណ្ឌចំនួន៦១នាក់ក្នុងម្នាក់ៗទទួលបានសំពត់ហូលមួយក្បិន, ក្រណាត់ប៉ាក់, ក្រណាត់សំពត់ និងថវិកា៣ម៉ឺនរៀល។ ស្ត្រីជាមន្ត្រីជាប់កិច្ចសន្យាចំនួន៤៥នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១និងថវិកា១ម៉ឺនរៀល៕

មន្ត្រីរាជការជាស្ត្រីក្នុងក្រសួងធម្មការនិងសាសនាចូលរួម