លោក មិន ឃិនៈ ដើម្បីរក្សាបាននូវ​វប្បធម៌​ប្រពៃណីដ៏ល្អរបស់ជាតិយើង ត្រូវរួមគ្នាអភិរក្សឲ្យបានជាដាច់ខាត

លោក មិន ឃិន និងលោកស្រីជាភរិយាអញ្ជើញជា អធិបតីក្នុងពិធី

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥
ភ្នំពេញៈ ប្រពៃណីព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរដ៏ល្អផូរផង់គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ជាតិ សីលធម៌ គតិបណ្ឌិតនិងវិថីជីវិត ដើម្បីជួយដល់ប្រជាជនឲ្យមានជីវិតរុងរឿង សាមគ្គីធម៌ ភាតរភាព សុខុមាលភាព អភិវឌ្ឍសង្គមដូចនេះដើម្បីរក្សាបាននូវវប្បធម៌ប្រពៃណីដ៏ល្អរបស់ជាតិយើង មានតែតាមរយៈវិធានការអប់រំនិងរួមគ្នាអភិរក្សឲ្យបានជាដាច់ខាតពីសំណាក់លោកអាចារ្យ-អាចារិនីខ្មែរទូទាំងប្រទេស។ ការលើកឡើងបែបនេះខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីសន្និបាតបូកសរុបសកម្មភាពនិងលទ្ធផលការងារសមាគមអាចារ្យខ្មែរលើកទី២ប្រចាំឆ្នាំ២០១៤និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំបន្ត២០១៥ នាបរិវេណក្រសួងធម្មការនិងសាសនា នារថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៥ និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អាចារ្យ អាចារិនីចំនួន៣០៦អង្គ នាក់។       

          លោក មិន ឃិន មានប្រសាសន៌ដោយកោតសរសើរចំពោះលោកអាចារ្យក៏ដូចអាចារិនីខ្មែរនៅទូទាំងប្រទេសដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងពិធីរៀបមង្គលក៏ដូចពិធីបុណ្យផ្សេងៗ នេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងការអភិរក្សនូវវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរយើង។ សម្បត្តិធនធាននិងកេរ្តិ៍មរតកទាំងអស់នេះគឺជាមូលធនសង្គមដ៏ចាំបាច់និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការកសាងសង្គមកម្ពុជាមួយដែលមានកោសិកាផ្សារភ្ជាប់ដ៏រឹងមាំ មានប្រជាជនដែលមានចំណេះដឹងជ្រៅជ្រះច្បាស់លាស់អំពីវប្បធម៌និងប្រពៃណីរបស់ជាតិខ្លួនរស់នៅក្នុងជីវភាពថ្លៃថ្នូរសុខសន្តិភាព មានភាពសុខដុមរមនា និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពនិងវិបុលភាព។

          លោក មិន ឃិន មានប្រសាសន៌បន្តទៀតថា អស់រយៈពេលមួយថ្ងៃនេះ សន្និបាតបូកសរុបលទ្ធផល ការងាររបស់សមាគមអាចារ្យខ្មែរលើកទី២ប្រចាំឆ្នាំ២០១៤និងទិសដៅការងារសម្រាប់អនុវត្តនាឆ្នាំបន្តព្រមទាំងបានពិភាក្សាយ៉ាងល្អិតល្អន់លើលក្ខន្តិកៈដែលបានព្រៀងឡើងក្នុងគោលបំណងសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងបន្តពង្រឹងនិងពង្រីកសាមគ្គីភាពរវាងអាចារ្យ អាចារិនីខ្មែរនិងសង្គមទាំងមូលដើម្បីឲ្យសមាគមមួយនេះមានការរីកចំរើនក្នុងការលើកកម្ពស់ការអប់រំ ចរិយាធម៌ សីលធម៌ វប្បធម៌និងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ទម្រង់អាពាហ៍ពិពាហ៍ បុណ្យទាននានាតាមបែបបទប្រពៃណីជាតិរបស់យើង។

          លោក មិន ឃិន បានចូលរួមផ្តល់យោបល់មួយចំនួនដល់អង្គសន្និបាតដោយសង្កត់ធ្ងន់ថា អាចារ្យ អាចារិនីទាំងអស់ត្រូវចៀសវាងការយកពិធីបុណ្យនានាធ្វើអាជីវកម្មដោយកំណត់និងបង្គាប់បញ្ជាហួសព្រំដែនសមត្ថភាពម្ចាស់ទាន កុំប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈឋានៈអ្នកមាន អ្នកក្រ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ក្រមសីលធម៌អាចារ្យខ្មែរ។

          តាមរបាយការណ៍របស់នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមបានឲ្យដឹងថាក្រសួងធម្មការនិងសាសនាបានបើកវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរបាន១៩វគ្គរួចមកហើយនិងមានសិក្ខាកាមអាចារ្យចូលរួមចំនួន៤,៩៨៩។ ដោយឡែកវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ដូនជីខ្មែរ
បានពីរវគ្គមានចំនួន៥០៤រូប។ ការប្រកាសថ្នាក់ដឹកនាំសាខាអនុសាខាសមាគមអាចារ្យខ្មែរបានចំនួន១៥ខេត្តរួចមកហើយ៕

ថ្នាក់ដឹកនាំ អាចារ្យ អាចារីនី ចំនួនជាង៣០៦នាក់ចូលរួមក្នុងសន្និបាតការងារអាចារ្យខ្មែរ

Flag Counter