សម្ពោធសមិទ្ធផលវិស័យ​ព្រះពុទ្ធសាសនា​ក្នុងវត្តជេតពន

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងលោកស្រីជាភរិយា ជាអធិបតី

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥
កំពង់ចាមៈ ដោយមើលឃើញពីធនធានព្រះសង្ឃកំពុងដើរតួនាទីយ៉ាងសំខាន់នៅតាមសហគមន៌ជនបទ និងម៉្យាងដើម្បី តម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនាផងនោះ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រីជាភរិយារួមជាមួយសប្បុរសជនជិតឆ្ងាយអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផល នានាក្នុង វត្តជេតពន ស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

          សមិទ្ធផលរួមមានឃឿនដើមពោធិរតនៈមណ្ឌលបល្ល័ង្គពេជ្រតម្កល់ ព្រះពុទ្ធរូបថ្មកែវ៨អង្គ និងប្រក់នាគ១អង្គ រៀបការ៉ូឡាឃឿនជុំវិញ សាងបុស្សបុក្សតម្កល់រូមសំណាក សម្តេច ជួន ណាត កសាងសសរស្តមដងទង់ជាតិនិងទង់សាសនាកម្ពស់១៥ម៉ែត្រ កសាងជើងពានធំ១គូរនិងតូច៤បិតក្បាច់បូរាណ កសាងបណ្ណាល័យ១ខ្នងទុកតម្កល់គម្ពីរព្រះត្រៃបិដកនិងឯកសារផ្សេងៗសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ កសាងរោងម៉ាស៊ីនភ្លើងនិងទិញម៉ាស៊ីនភ្លើង សរុបថវិកាចំណាយអស់ជាង៧ម៉ឺនដុល្លា។

          លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៌ពាំនាំនូវក្តីនឹករលឹកពីសម្តេចទាំងបីជូនព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនោះផងដែរ និងសូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះស្នាដៃនូវសមិទ្ធផលទាំងនេះដែលសម្រេចឡើងដោយព្រះសង្ឃ អាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ព្រះគ្រូមហាថេរៈកិតិ្តបណ្ឌិត ជួន សំអ៊ន ទីប្រឹក្សាសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលអតីតជាចៅអធិការវត្ត និងព្រះតេជគណ សួន ម៉ុក ព្រះគ្រូចៅអធិការវត្តជេតពនដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមនិងផ្តល់វិភាគទានយ៉ាងច្រើនបង្កើតបានជាសមិទ្ធផលផ្សេងៗជាច្រើននាពេលនេះដើម្បីបានរួមចំណែកបន្ថែមទៀតបម្រើឲ្យវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិរបស់យើង។

          លោក មិន ឃិន បន្តថា ជាការពិតណាស់សមិទ្ធផលទាំងអស់នេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបម្រើឲ្យ វិស័យព្រះពុទ្ធសាសនាជាពិសេសសម្រាប់ព្រះសង្ឃផ្ទាល់ពីព្រោះព្រះសង្ឃមិនមែនបួសគ្រាន់តែសម្រាប់សូត្រមន្ត ទេសនាប៉ុណ្ណោះទេ ប៉ុន្តែព្រះសង្ឃក៏បានចូលរួមក្នុងសកម្មភាពការងារអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិផងដែរ ពោលគឺទាំងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ដល់ពុទ្ធបរិស័ទនិងទាំងការចូលរួមអភិវឌ្ឍនៅក្នុងវិស័យអាណា ចក្រផងដែរ។

            លោក មិន ឃិន បានសង្កត់ធ្ងន់ថា ក្នុងរបបបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ គឺជំនឿសាសនាទាំងអស់ ជាពិសេសព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំគ្មានសល់ វត្តអារាម ព្រះវិហារត្រូវបានប្រែក្លាយជាឃ្លាំងជារោងបាយនិងកន្លែងចិញ្ចឹមសត្វ។ ក្នុងតំណាក់កាលនោះហើយ មានតែគណបក្សប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូ ដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបខ្មៅងងឹត។ ក្រោយថ្ងៃ៧មករា ១៩៧៩ ប្រជាពលរដ្ឋយើងបានរស់នៅប្រកបដោយសេចក្តីសោមនស្សរីករាយ ចំណែកហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានកសាងរហូតទទួលបានការរីកចំរើនលើគ្រប់វិស័យរួមមានផ្លូវថ្នល់ ស្ពាន។ល។

            លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់គណៈកម្មការអាចារ្យវត្តនិងពុទ្ធបរិស័ទទាំងអស់រួមគ្នាថែរក្សានិងការពារសមិទ្ធផលដ៏ថ្លៃថ្លានេះឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីជាប្រយោជន៍ដល់ការពង្រឹងទាំងវិស័យសាសនានិងសីលធម៌សង្គម ជាពិសេសផ្តល់ជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយក្នុងការរួមរស់នៅជាមួយគ្នាដោយសុខសាន្តសប្បូរសប្បាយ និងសុខដុមរមនានៅក្នុងសហគម៍។

            តមក លោក មិន ឃិន និងលោកស្រីជាភរិយា បានបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជនដែលបានជួយកសាងក្នុងវត្តជេតពននិងបានឧបត្ថមដូនជីតាជី២០០នាក់ម្នាក់ៗក្រណាត់សមួយដុំ ថវិកា៥ពាន់ ប្រជាពលរដ្ឋ៣០០នាក់ ម្នាក់ៗសារុងមួយ លោកគ្រូអ្នកគ្រូ៣៩នាក់ ម្នាក់ៗសារុងមួយថវិកា១ម៉ឺនរៀល សិស្សានុសិស្ស៦៣០នាក់ ម្នាក់ៗថវិកាពីរពាន់រៀល សាលាបឋមសិក្សានិងអនុវិទ្យាល័យស្តៅ នូវសៀវភៅ៥០០ក្បាល ប៊ិច៥០០ដើម ថវិកា៥០ម៉ឺនរៀល៕

លោក មិន ឃិន កាត់ខ្សែបូសម្ពោធសមិទ្ធិផលនានាបម្រើឲ្យវិស័យព្រះពុទ្ធសាសនាព្រះបដិមារជាទីគោរពសក្ការៈរបស់ប្រជាពុទ្ធបរិស័ទបុស្សបុក្សតម្កល់រូបសំណាកសម្តេច ជួន ណាត

Flag Counter