ប្រតិភូសង្ឃកូរ៉េខាងត្បូងចូលជួបសវនាកាជាមួយរដ្ឋមន្ត្រីក្រសួងធម្មការ

  • Print

លោក មិន ឃិន ប្រគល់វត្ថុអនុស្សាវរីយជូនសម្តេចសង្ឃប្រធានប្រតិភូ ហ៊ី យូសាង សម្តេចសង្ឃគណ៖ថ្នាក់ទី២

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤
ភ្នំពេញៈ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នាទីស្តីការក្រសួង លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអនុញ្ញាតិឲ្យប្រតិភូសង្ឃកូរ៉េខាងត្បូងដឹកនាំដោយសម្តេចព្រះសង្ឃប្រធានប្រតិភូ ហ៊ី យូសាង សម្តេចសង្ឃគណៈថ្នាក់ទី២ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។

            គោលបំណងនៃជំនួបនេះគឺបានផ្តោតទៅលើការរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ហើយប្រតិភូសង្ឃកូរ៉េខាងត្បូងក៏នឹងអញ្ជើញលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាចូលរួមក្នុងពិធីបុណ្យសាសនាមួយដ៏ធំ ដែលគ្រោងប្រារព្ធបើកនៅថ្ងៃទី១៥ដល់១៨ ខែឧសភា ឆ្នាំ២០១៥ នៅសាធារណរដ្ឋកូរ៉េខាងត្បូងនាពេលខាងមុខ។

            ជាការឆ្លើយតប លោក មិន ឃិន បានសំដែងការអរគុណចំពោះប្រតិភូសង្ឃកូរ៉េខាងត្បូងដែលមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថាក្រសួងធម្មការនិងសាសនា គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រងសាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាក្នុងនោះវិស័យព្រះពុទ្ធសាសនាមាននិកាយចំនួនពីរគឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយនិងមានវត្តចំនួន៤,៥១៤វត្តនិងព្រះសង្ឃចំនួន៥៦,៨២០អង្គ។ ចំណែកវិស័យពុទ្ធិកសិក្សាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

            លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៌ដោយលើកឡើងទៀតថាក្រៅពីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ នៅព្រះរាជាណាចក្រកម្ពុជាក៏មានសាសនាផ្សេងៗទៀតគឺសាសនាអ៊ីស្លាមសាសនាគ្រីស្ទនិងសាសនាដទៃៗទៀត ប៉ុន្តែសាសនាទាំងនោះបានពួនជ្រំគ្នាយ៉ាងសុខដុមនិងបានរក្សារនូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យនិងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ ។

            សម្តេចព្រះសង្ឃប្រធានប្រតិភូ ហ៊ី យូសាង សម្តេចសង្ឃគណៈថ្នាក់ទី២ បានសំដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងធម្មការនិងសាសនាដែលជាស្ថាប័នមួយក្នុងការបំពេញតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សទូទាំងប្រទេសតាមរយៈការចូលរួមរបស់ព្រះសង្ឃក៏ដូចសាសនានានានៅកម្ពុជាដែលសាសនាទាំងអស់មានគោលការណ៌ តែមួយគត់គឺអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ។ ប្រទេសកម្ពុជាជាប្រទេសមួយពោរពេញទៅដោយ សុខសន្តិភាព ដែលមិនមានវិវាទសាសនាណាមួយកើតឡើងឡើយ៕