មហាសង្ក្រាន្ត ឆ្នាំមមែ សប្ដស័ក

មហាសង្ក្រាន្ត 2015

មហាសង្ក្រាន្ត

ឆ្នាំមមែ សប្ដស័ក

ចុល្លសករាជ១៣៧៧ មហាសករាជ១៩៣៧

ពុទ្ធសករាជ២៥៥៩ គ្រិស្តសករាជ២០១៥

សុភមស្តុ ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសន អតិក្កន្តាកន្លងទៅហើយបាន២៥៥៨ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំមមែ សប្ដស័ក តទៅចូលពុទ្ធសករាជ២៥៥៩។

 

នឹងគណនាឆ្នាំមមែឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ..២០១៥ វេលាម៉ោង១៤ និង០២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម រាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតផ្កា ឈូក អាភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្តស្ដាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់គង់លើខ្នង អស្សតរ(សេះ) ជាពាហនៈ។ ទើបនាំអស់ទេវបុត្តទេពធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាសខេត្តហេមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្តទេពធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្ម កែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្តនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

 

ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ..២០១៥ វេលាម៉ោង ១៤ និង០២នាទី ជាថ្ងៃចូលឆ្នាំមមែ សប្ដស័ក ជាថ្ងៃ មហាសង្ក្រាន្ត

 

ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ..២០១៥ ជា វរៈវ័នបត

 

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ..២០១៥ នៅវេលាម៉ោង១៨ និង២១នាទី ៣៦វិនាទី ជា វរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំមមែ សប្ដស័ក ចុល្លសករាជ១៣៧៧ និងមហាសករាជ១៩៣៧ តទៅ ។

 

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្ត ទេពធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតា និងឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

 

រណ្ដាប់ទទួលទេវតា

 

រណ្ដាប់ទទួលទេវតាតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាជ៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នាំគ្នានមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរំឭក លុះចប់ពិធីទទួលទេវតា។

 

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ។

 

ទំនាយប្រចាំថ្ងៃ

កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពអាទិត្យ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣ បង្អុរទឹកភ្លៀង៤០០មេ ដែលចែកចេញជា៖

o    ចក្រវាឡ ១៦០មេ

o    ព្រៃហេមពាន្យ១២០មេ

o    មហាសមុទ្រ៨០មេ

o    និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ បណ្ដាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំ កណ្ដាល និងចុងឆ្នាំភ្លៀងស្មើល្អ ។

កេណ្ឌធារាទិគុណ ឆ្នាំនេះមានកេណ្ឌ ត្រូវត្រង់តេជោធាតុចុះ ទំនាយថា ភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ។

ទំនាយទឹកទន្លេ ឆ្នាំនេះ ទំនាយអំពីទឹកទន្លេមានសំណល់៨ ទំនាយថាទឹកទន្លេមានជាមធ្យម មិនធំមិនតូច។

កេណ្ឌធញ្ញាហារ ឆ្នាំនេះមានកេណ្ឌ () មានឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវដំណាំស្រែចម្ការ នឹងបានផលពាក់កណ្ដាល ខូចខាតអស់ពាក់កណ្ដាលភោជនាហារបានផលជាមធ្យម។ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះទុក្ខខ្លះស្មើគ្នា។

ទំនាយការធ្វើស្រែ ទំនាយកេណ្ឌ ការធ្វើស្រែមានសេស២ ទំនាយថា ស្រែទំនាប និងស្រែដីទួល បានផលល្អដូចគ្នាទាំងពីរយ៉ាង។

កេណ្ឌព្រឹក្សា ឆ្នាំនេះត្រូវចំសេស២ ត្រូវត្រង់ ដើមល្វា ជាស្ដេច មានទំនាយ មនុស្សផងទាំងឡាយមានសេចក្ដីសុខក្សេមក្សាន្ត។

កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះដំរី ទំនាយថា ភ្លៀងកាចសាហាវ ស្រុកនាម នាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្ដុរ។

 

 

 

Flag Counter