លោក មិន ឃិនៈ ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់របស់ពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចពុំអាចបំភ្លេច​បាន​ឡើយ

  • Print

លោក មិន ឃិន និងលោកស្រីជាភរិយាជាអធិបតី

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥
កំពង់ចាមៈ ប្រជាជនកម្ពុជាជាងបីលាននាក់បានស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងផែនការអនុវត្តផែនការសម្លាប់ យ៉ាងរង្គាលនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកប៉ុលពតដោយការអត់អាហារ ជំងឺតម្កាត់ផ្សេងៗ ទណ្ឌកម្ម និង ការកាប់សម្លាប់យ៉ាងឃោឃៅបំផុត។ នេះជាប្រសាសន៍រំលឹកឡើងវិញពីសំណាក់លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាសខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក័្ខន្ធ២០ឧសភាដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ នៅបរិវេណវត្តអូរត្រកួនជាទីកន្លែងដែលប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់ត្រូវបានពួកយង់ឃ្នងប៉ុលពតកាប់សម្លាប់យ៉ាងព្រៃផ្សៃ ស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥និងមានប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមប្រមាណ៨១៣នាក់។

          លោក មិន ឃិន មានប្រសាសន៍ថាទោះបីប្រទេសជាតិបានកំពុងរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក៏ដោយ ក៏ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់បានមកជួបជុំគ្នាដើម្បីប្រារព្ធទិវានេះផងដែរ ក្នុងគោលបំណងសំដែងនូវបនោសញ្ចេតនាគោរពដឹងគុណចំពោះមហាពលីកម្ម របស់វីរជនស្នេហាជាតិព្រមទាំងវិញ្ញាណក្ខ័ន្ធជនរួមជាតិស្លូតត្រងរបស់យើងដែលត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃនិងគួរឲ្យតក់ស្លុតបំផុតដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ដើម្បីជាការចងចាំសម្រាប់យុវជនជំនាន់ក្រោយ នូវ មេរៀនដ៏អាក្រក់នៃប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាលនិងសូមកុំឲ្យមេរៀននេះកើតមានជាថ្មីលើទឹកដីមាតុភូមិរបស់ យើងនិងគោរពទៅតាមគន្លងប្រពៃព្រះពុទ្ធសាសនា ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិដែលបានលាចាកលោកនេះទៅយ៉ាងអណោចអធម្មសូមឲ្យលោកបានទៅចាប់បដិសន្ធិជាថ្មីក្នុងសុគតិភព។

          លោក មិន ឃិន បានមានប្រសាសន៌បន្តទៀតថា ដោយសារមានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា យើងទាំងអស់គ្នាត្រូវបានរំដោះឲ្យរស់រានមានជីវិតឡើងវិញនិងមានអ្វីៗក្នុងបច្ចុប្បន្ននេះដូច្នេះយើងត្រូវចេះស្រលាញ់និងថែរក្សាសន្តិភាពពីព្រោះសន្តិភាពបាននាំមកនូវជីវភាពធូរធារ,ភាពសម្បូរសប្បាយជូនដល់ប្រជាជនកម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ការរីកចំរើនក្នុងសង្គមជាតិនាពេលបច្ចុប្បន្នគឺបានមកពីការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំប្រទេសនិងធ្វើឲ្យប្រជាជនកម្ពុជាទទួលបានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

          លោក មិន ឃិន បានថ្លែងបញ្ជាក់ទៀតថា ការរីកចំរើនគ្រប់វិស័យទាំងអស់នេះគឺបានមកពីនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព។ បើសិនជាពុំមានសុខសន្តិភាពបង្កើតឡើងតាមរយៈនយោបាយឈ្នះឈ្នះ ទេ យើងកុំនិយាយដល់ការអភិវឌ្ឍកុំនិយាយការកសាងសមិទ្ធផល ដូចនេះហើយឬសគល់នៃសន្តិភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសនាពេលសព្វថ្ងៃនេះគឺដោយសារតែទឹកចិត្តបង្រួបបង្រួមជាតិរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

          ក្នុងឱកាសប្រារព្ធពិធីដ៏មានអត្ថន័យ អង្គពិធីទាំងមូលបានប្រារព្ធពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានបាត់បង់ជីវិតក្នុងសម័យនោះផងដែរនិងបានរាប់បាត្រព្រះសង្ឃចំនួន៧៩អង្គ៕
 

លោក មិន ឃិន មានប្រសាសន៍ទៅកាន់សិស្សានុសិស្សចូលរួមពិធីរាប់បាត្រព្រះសង្ឃ៧៩អង្គស្តូបតម្កល់អដ្ឋិធាតុអ្នកស្លាប់ក្នុងរបបប៉ុពត