កិច្ចប្រជុំត្រៀមរាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គនៅមុខព្រះបរមរាជវាំង

  • Print

លោករដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់អង្គប្រជុំ

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥

ភ្នំពេញៈ  រសៀលថ្ងៃទី២៨ ខែឧសភា នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានកិច្ចប្រជុំមួយក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការនិមន្តចូលរួមពីមន្រ្តីសង្ឃជាព្រះមេគណ ព្រះអនុគណគ្រប់រាជធានី ខេត្តដើម្បីពិភាក្សាលើការងារដឹកនាំព្រះសង្ឃក្នុងការរាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គដើម្បីអបអរសាទរថ្វាយព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក្ពុជាក្នុងឱកាសដែលព្រះអង្គបានទទួលព្រះរាជគោរមងារកិត្តិយសពីព្រះសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនាមកពីប្រទេសជប៉ុន ប្រទេស ម៉ុងហ្គោលី និងប្រទេសសិង្ហបុរី។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា ការផ្តល់ព្រះរាជគោរមងារកិត្តិយសពីព្រះសង្ឃជាន់ខ្ពស់ទាំងបីប្រទេសនេះគឺដោយសារព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គមានព្រះរាជហរទ័យមកលើព្រះពុទ្ធសាសនាដោយរក្សាបាននូវទសពិធរាជធម៌ ហើយដើម្បីចូលរួមញាំងឲ្យកម្មវិធីនៃការថ្វាយព្រះរាជគោរមងារកិត្តិយសនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះក្រសួងធម្មការនិងសាសនានឹងរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន១០០០០អង្គនិមន្តមកពីតាមបណ្តា វត្តអារាមក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ដើម្បីបំពេញព្រះរាជកុសល និងព្រះរាជសព្វសាធុការក្នុងក្នុងឱ កាសព្រះរាជពិធីថ្វាយព្រះរាជគោរមងាកិត្តិយស “ព្រះស្រីលោកធម្មករាជ” ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅប្រកមដោយភាពអធិកអធម និងទទួលបានលទ្ធផលល្អស្របតាមគោលបំណងនិងសំណូមពរ ក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់គ្រប់ក្រសួងមន្ទីរ ជួយឧបត្ថម្ភជាចង្ហាន់សម្រាប់រាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គក្នុងមួយកញ្ចប់មាន បាយប្រអប់ ម្ហូបគ្រៀម ទឹកសុទ្ធ ទឹកក្រូច ផ្លែឈើ និង បច្ច័យតាមសទ្ធាជ្រះថ្លា។

ព្រះរាជគោរមងារកិត្តិយសជាភាសាខ្មែរ ដោយប្រើពាក្យសំស្រ្កឹត និងបាលី “ព្រះស្រីលោកធម្មិករាជ” មាន ន័យថា “ព្រះរាជាមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជាគម្រូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើ សកល លោក៕

អង្គពិធីទាំងមូល