​សម្ពោធ​ថាមពល​ពន្លឺព្រះអាទិត្យក្នុង​បរិវេណ​វត្តព្រែកប្រាំង​

សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីអធិបតីក្នុងពិធីវេរប្រគេនថាមពលពន្លឺព្រះអាទិត្យ

ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥
កណ្តាលៈ ថាមពលដើរដោយពន្លឺព្រះអាទិត្យដែលមានកម្លាំង៦០គីឡូវ៉ាត់និងកម្លាំងប្រើប្រាស់ប្រចាំថ្ងៃ១១០គីឡូវ៉ាត់(ពេលថ្ងៃប្រើបាន៥៥គីឡូវ៉ាត់និងពេលយប់ប្រើបាន៥៥គីឡូវ៉ាត់)និងមានផ្ទាំងSOLARចំនួន៨០បន្ទះព្រមទាំងបានរៀបចំប្រព័ន្ធខ្សែរបណ្តាញដែលធានាសុវត្ថិភាពក្នុងទីធ្លាវត្តដោយចំណាយថវិកាចំនួន៥ម៉ឺន២ពាន់ដុល្លារសហរដ្ឋអាមេរិចត្រូវបានប្រារព្ធពិធីវេរឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់តាមបវេណីព្រះពុទ្ធសាសនាក្នុងបរិវេណវត្ត ព្រែកប្រាំង ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥។

សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិតនន្ទិយោ ដួង ផង់ មានសង្ឃដីការថាការធ្វើជាធម្មទាននូវថាមពលដើរដោយពន្លឺព្រះអាទិត្យក្នុងឱកាសដែលព្រះសង្ឃទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យចូលព្រះវស្សាដែលជាពេលវេលាព្រះសង្ឃត្រូវគង់នៅក្នុងវត្តដើម្បីសិក្សារៀនសូត្រព្រះធម៌វិន័យហើយធម្មទាននេះពិតជាបានកុសល្យផលបុណ្យ ណាស់ និងជាប្រទីបសម្រាប់បំភ្លឺស្វែងរកសេចក្តីសុខទៅអនាគតជាតិ ហើយការទទួលអនុសង្ឃមកវិញនោះគឺមាននេត្រាភ្លឺច្បាស់និងមានបញ្ញាភ្លឺស្វាងដូចការដុតបំភ្លឺនៃទៀនវស្សាយ៉ាងដូចនេះឯង។

លោក មិន ឃិន បានមានប្រសាសន៌លើកឡើងពីការរឹតចំណងសាមគ្គីភាពមិតភាពទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនដ៏ល្អជាមួយគ្នាតាំងពីយូរយារណាស់មកហើយមិនតែប៉ុណ្ណោះការឧបត្ថម្ភជាថាមពលដើរដោយពន្លឺព្រះអាទិត្យពិតជាបានបង្ហាញឲ្យឃើញពីការរឹតចំណងសាមគ្គីភាពមិត្តភាពដែលមិនអាចកាត់ថ្លៃបានហើយក្នុងដំណាក់កាលនេះផងដែរព្រះពុទ្ធសាសនានៃប្រទេសយើងទាំងពីរកម្ពុជា-ចិនគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅធ្វើឲ្យសាសនាទាំងពីរកាន់តែមានភាពស្អិតរមួតថែមទៀតនិងបានកោតសរសើរយ៉ាងស្ងប់ស្ងែងចំពោះក្រុមហ៊ុន ដាឈួន អ៊ិនវេសមិន ខេមបូឌា ខូអិលធីឌី។

លោក មិន ឃិន មានប្រសាសន៍បន្តទៀតថាក្រោមការដឹកនាំរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី វិស័យព្រះពុទ្ធមានការរីកចំរើនហើយវត្តអារាមមានតួនាទីអប់រំសីលធម៌សម្រាប់អភិវឌ្ឍកាយ វាចានិងចិត្ត។ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាបានបណ្តាលនិងលើកទឹកចិត្តឲ្យពុទ្ធសាសនិកខិតខំប្រព្រឹត្តតែអំពើជាកុសលនិងបានបង្រៀនមនុស្សឲ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខាក្នុងចិត្ត។

តំណាងអគ្គនាយកក្រុមហ៊ុនដាឈួន អ៊ិនវេសមិន ខេមបូឌា ខូអិលធីឌី មានប្រសាសន៍ថា ការបំពាក់ថាមពលដើរដោយព្លឺព្រះអាទិត្យក្នុងបរិវេណវត្តព្រែកប្រាំងថ្វាយសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិតនន្ទិយោ ដួង ផង់ សមាជិកថេរសភាសង្ឃនិងជាព្រះចៅអធិវត្តដោយបុព្វហេតុព្រះបរមអដ្ឋិសម្តេចព្រះគ្រួ Ben Huan យកមកតម្កល់ទុកទីនេះគ្រាន់ជាទីសក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទទូទៅ។ ម៉ាស៊ីនភ្លើងដែលដើរដោយពន្លឺព្រះអាទិត្យជាបច្ចេកវិទ្យាកែឆ្នៃថាមពលពីពន្លឺព្រះអាទិត្យចុងក្រោយគេបង្អស់ដែលអត្ថប្រយោជន៍របស់វាគឺផ្តល់នូវផាសុខភាពខ្ពស់មិនមានគ្រោះថ្នាក់និងមិនប៉ះពាល់ដល់អ្នកប្រើប្រាស់និងធនធានធម្មជាតិហើយបច្ចេកវិទ្យាមួយនេះទទួល បានការគាំទ្រយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក តំបន់អ៊ឺរ៉ុបនិងនៅក្នុងប្រទេសចិន៕

 

Flag Counter