លោក មិន ឃិន អញ្ជើញបិទមហាសន្និបាតពុទ្ធិកសមាគម​កម្ពុជរដ្ឋ​

គណៈអធិបតីនិមន្តចូលរួមបិទមហាសន្និបាតពុទ្ធិកសមាគមកម្ពុជរដ្ឋ

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥
ភ្នំពេញៈ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកស្រីជាភរិយា បានអញ្ជើញបិទមហាសន្និបាតពុទ្ធិកសមាគមកម្ពុជរដ្ឋ អាណត្តិទី៦ នាបរិវេណវត្តបទុមវតី រាជធានីភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាល លោក មិន ឃិន សូមសំដែងនូវការកោតសរសើរដល់ឥស្សរជននិងពុទ្ធសាសនិកជនដែលបានបង្កើតសមាគមនេះឡើងក្នុងគោលបំណងបំរើវិស័យពុទ្ធចក្រនិងមានសុឆន្ទៈល្អជួយដល់សង្គមជាតិ ឲ្យចេះរួបរួមសាមគ្គីទាំងព្រះសង្ឃនិងគ្រហស្ថដើម្បីកសាងសង្គមជាតិឲ្យរីកចំរើន។

លោក មិន ឃិន មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានមកប្រតិស្ថាននៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជានឹងបានក្លាយទៅជាសាសនារបស់រដ្ឋមានវប្បធម៌ អារ្យធម៌ និងជាអត្តសញ្ញាណជាតិដែលមានតម្លៃពុំអាចកាត់តម្លៃបាន។ នៅក្នុងប្រទេសកម្ពុជាយើងបានចាត់ទុកព្រះពុទ្ធសាសនាជាថ្នាលបណ្តុះបណ្តាលវប្បធម៌សង្គមជាតិ ថ្នាលបណ្តុះបណ្តាលវប្បធម៌សន្តិភាព និងជាថ្នាលបណ្តុះចំណេះដឹងក្នុងវិស័យសង្គមដល់កុលបុត្តកុលធីតា ខ្មែរ។ សមិទ្ធផលសង្គមទាំងអស់ដែលបានរីកចំរើនរឹងមាំនិងគង់វង់នៅបានពិតជាមិនអាចកាត់ផ្តាច់ពីការអប់រំសីលធម៌និងគុណធម៌បានឡើយ។

លោក មិន ឃិន មានប្រសាសន៍សង្កត់ធ្ងន់ថា ព្រះសង្ឃពុទ្ធសាសនិកបានចូលរួមការងារជាមួយសង្គមជាតិយ៉ាងច្រើនជាពិសេសព្រះសង្ឃពុទ្ធសាសនាមានសក្តានុពលជាងគ្រហស្ថក្នុងការអប់រំសីលធម៌សង្គម ជាការ ពិតទាំងព្រះសង្ឃនិងគ្រហស្ថត្រូវមានសមត្ថិភាពនិងគុណធម៌ខ្ពស់រួមចំណែកយ៉ាងសកម្មជួយបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំតាមគ្រប់សកម្មភាពដែលអាចធ្វើទៅបានដោយគោរពទៅតាមច្បាប់ព្រះពុទ្ធសាសនានិងច្បាប់របស់ រដ្ឋ ហើយ លោក មិន ឃិន សង្ឃឹមថា ពុទ្ធិកសមាគមកម្ពុជរដ្ឋអាណត្តិទី៦នេះពិតជាអាចនាំមកនូវទស្សនវិស័យ ល្អៗជាច្រើនដើម្បីអភិវឌ្ឍន៍ការងារពុទ្ធិកសមាគមកម្ពុជរដ្ឋឲ្យកាន់តែរីកចំរើនជាងនេះទៅទៀត។

លោក សារ៉ាយ ឆុន អគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋបានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលការងារដែលសមាគមសំរេចបាននាពេលកន្លងមកថា ពុទ្ធិកសមាគមកម្ពុជរដ្ឋត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ពុទ្ធិកសមាគមកម្ពុជរដ្ឋមានបេសកកម្មចំបងៗចំនួនប្រាំគឺ ការងារឃោសនាអប់រំ និងបោះពុម្ភផ្សាយ ការងារអប់រំសីលធម៌ និងវប្បធម៌សន្តិភាព ការងារមនុស្ស ធម៌ និងសង្គហធម៌ ការងារទំនាក់ទំនងសាធារណៈក្នុងជាតិនិងលើឆាកអន្តរជាតិ និងការងារគ្រប់គ្រងសម្ភារៈ បរិក្ខារ និងថវិការ។

លោកអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ បានលើកឡើងទៀតថា សមាគមបានពង្រីកសមាជិកថ្មីកើនឡើងទាំងព្រះសង្ឃនិងគ្រហស្តព្រមទាំងលើកទិសដៅការងារអនុវត្តបន្តដើម្បីឲ្យពុទ្ធិកសមាគមកម្ពុជរដ្ឋមានការរីកចំរើនដើម្បីជាគុណប្រយោជន៍សម្រាប់ជាតិ និងសម្រាប់ព្រះពុទ្ធសាសនា។

តមក លោក មិន ឃិន និងលោកស្រីជាភរិយាបានឧបត្ថម្ភបច្ច័យ២លានរៀលដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋផងដែរនិងបានប្រកាសបិទមហាសន្និបាតចាប់ពីពេលនេះតទៅ។

សមាជិកចូលរួមក្នុងមហាសន្និបាតសមាគមកម្ពុជរដ្ឋដូនជីចូលរួមព្រះសង្ឃនិមន្តចូលរួមលោក មិន ឃិន ប្រគេនបច្ច័យ២លានរៀលដល់អអ្គមហាសន្និបាត

Flag Counter