លោក មិន ឃិនៈការចូលរួមពីអង្គការមនុស្សធម៌ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត

លោក មិន ឃិន និងលោកស្រីជាភរិយា និងលោកប្រធានសមាគមព្រះគុណអស្ចារ្យចែកអំណោយជូនប្រជាពលរដ្ឋក្នុងឃុំរាយប៉ាយ

ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥
កំពង់ចាមៈ ការចូលរួមពីអង្គការមានចារឹកសាសនាឬអង្គការមនុស្សធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្ត ពីព្រោះ អង្គការទាំងនោះបានបំពេញបេសកកម្មការងារមនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសខណៈពេលនាំអំណោយជាគ្រឿងបរិភោគយកមកចែកជូនប្រជាពលរដ្ឋ១០០គ្រួសារមកពី៨ភូមិ ក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលពិធីចែកអំណោយនេះធ្វើឡើងក្នុងបរិវេណវត្តរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥។

លោក មិន ឃិន មានប្រសាសន៍ថា ជំនួសមុខឲ្យប្រជាពលរដ្ឋទាំង១០០គ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញា សៀ សុភ័ក្ត្រ ប្រធានសមាគមព្រះគុណអស្ចារ្យនិងជាប្រធានក្រុមហ៊ុនអេធីអេសគ្រុប ដែលតែងតែចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋជួបការលំបាករហូតមក ដែលពេលនេះបានពាំនាំអំណោយជាអង្ករនិងមី ជាការងារមនុស្សធម៌របស់សហគមន៍គ្រីស្ទបរិស័ទនៅប្រទេសកាណាដា។

លោក មិន ឃិន បានលើកឡើងថាគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធានានូវស្ថិរភាពសង្គមនយោបាយ សន្តិភាពនិងសណ្តាប់ធ្នាប់សង្គ ម ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងជំនឿសេរីភាពសាសនា ដោយគ្មានរើសអើងអ្វីទាំងអស់។

លោក មិន ឃិន ក៏បានជម្រាបជូនប្រជាពលរដ្ឋពីការរីកចំរើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំបំពេញភារកិច្ចដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាទទួលបានសេចក្តីសុខសន្តិភាពនិងរីកចំរើនរុងរឿង។ ចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេច តេជោ ហ៊ុន សែន គឺកសាងស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើនទៀតទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋហើយសមិទ្ធផលទាំងអស់នេះគឺជាទ្រព្យសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងការបម្រើជីវភាពប្រចាំថ្ងៃនិងរួមចំណែកកាត់បន្ថយភាពក្រីក្រពិតៗរបស់ប្រជាពលរដ្ឋ។

លោកឧកញា សៀ សុភ័ក្ត្រ ប្រធានសមាគមព្រះគុណអស្ចារ្យនិងជាប្រធានក្រុមហ៊ុនអេធីអេសគ្រុប បាន មានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានលោក មិន ឃិន ជាប្រធានក្រុមការងារបានបង្ករលក្ខណៈងាយស្រួលដល់សមាគមព្រះគុណអស្ចារ្យមកបំពេញការងារមនុស្សធម៌និងបានជួយចែករំលែកការលំបាករបស់ប្រជាពលរដ្ឋដែលនេះជាព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលឲ្យសមាគមព្រះគុណអស្ចារ្យចុះមកជួយប្រជាពលរដ្ឋកម្ពុជា ហើយលោកនិងពាំនាំទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាទៅដល់សហគមន៍គ្រីស្ទបរិស័ទនៅ ប្រទេសកាណាដា។

តមកក្រុមការងារនិងថ្នាក់ដឹកនាំសមាគមព្រះគុណអស្ចារ្យបានប្រគល់ជូនប្រជាពលរដ្ឋទាំង១00គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាមនិងមី១កេស៕

 

Flag Counter