​វត្តអារាម​និង​ព្រះសង្ឃ​ជា​ថ្នាល​បណ្ដុះ​បញ្ញាញាណ​ដល់​សង្គម​ជាតិ​ទាំងមូល​

លោក មិន ឃិន និងលោកស្រីជាភរិយាក្នុងពិធីវេរប្រគេនទេយ្យទានដល់ព្រះសង្ឃព្រះចៅអធីការវត្ត

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥
តាកែវៈ វត្តអារាមគឺជាមជ្ឈមណ្ឌលសម្រាប់កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ជាច្រើនសតវត្សមកហើយចំណែកព្រះសង្ឃវិញព្រះអង្គមិនគ្រាន់តែជាអ្នកតំណាងខាងសាសនាក្នុងការផ្សព្វផ្សាយព្រះធម៌ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាគ្រូអាចារ្យខាងសីលធម៌ អភិសមាចារ ខាងផ្លូវចិត្តនិងជាទីពឹងពំនាក់គ្រប់ពេលវេលារបស់ប្រជាពុទ្ធបរិស័ទ។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលនិងពាំនាំនូវគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៌ពាំនាំនូវការនឹករលឹកពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលប្រគេនចំពោះព្រះសង្ឃគ្រប់អង្គព្រមទាំងបានកោតសរសើរព្រះចៅអធិការវត្តប្រាសាទនាងខ្មៅក្នុងការខិតខំបណ្តុះបណ្តាលអប់រំធនធានព្រះសង្ឃឲ្យឈរលើគោលគ្រឹះសីល សម្មាធិនិងបញ្ញា គោលធម៌ទាំងបីនេះហើយទើបធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោក មិន ឃិន បានថ្លែងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានបញ្ជាក់យ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយភាគច្រើនលើសលុបនៃប្រជាជនកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដូចនេះប្រការដែលធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើននិងមានទំនុកចិត្តក្នុងការប្រតិបត្តិពីសំណាក់ប្រជាពុទ្ធបរិស័ទគឺទាមទៀរឲ្យព្រះសង្ឃគ្រប់អង្គមានស្មារតីឈរលើសីល សមាធិ និងបញ្ញា។ ក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវិស័យពុទ្ធចក្របានកំពុងរីកយ៉ាងស្គុសស្គាយនៅទូទាំងប្រទេសរហូតមកដល់ពេលនេះមានវត្តសរុប៤,៥១៤វត្តក្នុងនោះគណៈធម្មយុត្តិកនិកាយ១៧៤វត្ត និងព្រះសង្ឃទាំងពីរគណៈចំនួន៥៦,៨២០អង្គ និងមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។ការរីកចម្រើនទីវត្តអារាមទាំងនេះក៏ដោយសារមានការចូលរួមយ៉ាងស្អិតរមួតពីប្រជាពុទ្ធបរិស័ទជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា។

លោក មិន ឃិន បានសំណូមពរព្រះសង្ឃគ្រប់អង្គខិតខំបន្តការសិក្សារៀនសូត្រដែលជាវិស័យស្នូលដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានយូរអង្វែងនិងជាពិសេសបានបិណ្ឌបាត្រថ្នាក់ដឹកនាំស្ថានីយវិទ្យុពន្លឺត្រៃរត FM97. 3០MHzបន្តការផ្សាយព្រះធម៌ឲ្យបានទូលំទូលាយដើម្បីបានអប់រំចិត្តប្រជាពុទ្ធបរិស័ទ។
ព្រះភិក្ខុមុនិបាលោ ជួន កក្កដា ព្រះនាយកពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅមានសង្ឃដីកាថា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ មានសមណសិស្សថ្នាក់មត្តេយ្យកំរិតទាប១ថ្នាក់ចំនួន១០១អង្គ ថ្នាក់មត្តេយ្យកំរឹតខ្ពស់១ថ្នាក់ចំនួន១០០អង្គ ថ្នាក់ឆ្នាំទី១មាន២ថ្នាក់ចំនួន១២៦អង្គ សរុបរួមមាន៥ថ្នាក់ មានសមណសិស្ស៣៨២អង្គ។ មានឧទ្ទេសាចារ្យជាព្រះសង្ឃ១២អង្គ ជាគ្រហស្ថមាន៤រូបក្នុងនោះគ្រូភាសាអង់គ្លេស២រូប។

ក្នុងការភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនាក្នុងរដូវចូលព្រះវស្សានេះ លោក មិន ឃិន និងលោកស្រីជាភរិយាបាន ប្រគេនអង្ករ២តោន មី១២កេស ទឹកសុទ្ធ១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ និងបច្ច័យ១,៥០០,០០០ (មួយលាន ប្រាំ សែនរៀល)៕

ព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅលោក មិន ឃិន និងលោកស្រីជាភរិយាថតរូបរួមជាមួយថ្នាក់ដឹកនាំព្រះសងឃនៅប្រាសាទនាងខ្មៅអង្ករ២តោនប្រគេនវត្តប្រាសាទនាងខ្មៅ

Flag Counter