លោក មិន ឃិនៈ រួមគ្នាថែរក្សានិងលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរ

ពិធីប្រកាសទទួលស្គាល់ថា្នក់ដឹកនាំសាខានិងអនុសាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុ

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥
កំពង់សោមៈ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងថា តាមពិតទំនៀមទម្លាប់ខ្មែរយើងតាំងពីទសវត្សរ៍៥០-៦០គឺការរៀបការកូនប្រុស-ស្រីម្តងៗបានចំណាយពេលការកូន២យប់៣ថ្ងៃទើបចប់សព្វគ្រប់តែបច្ចុប្បន្ននេះត្រូវបានកាត់បន្ថយពេលវេលាមកនៅត្រឹមមួយថ្ងៃមួយយប់ដោយសារសភាពការវិវត្តន៍នៃសម័យកាល។ ការលើកឡើងយ៉ាងដូចនេះក្នុងឱកាសលោក មិន ឃិន អញ្ជើញប្រកាសទទួលស្គាល់សាខានិងអនុសាខា សមាគមអាចារ្យខ្មែរខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥និងមានអាចារ្យចូលរួម២០០នាក់។

លោក មិន ឃិន មានប្រសាសន៍ថា ការប្រកាសទទួលស្គាល់សាខានិងអនុសាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុនាពេលនេះ អាចារ្យទាំងអស់ត្រូវខិតខំបំពេញនូវតួនាទីភារកិច្ចនិងគោរពឲ្យបាននូវលក្ខន្តិកៈរបស់ សមាគមក្នុងគោលបំណងធ្វើយ៉ាងណាជួយទ្រទ្រង់និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនារបស់យើងឲ្យកាន់តែមានភាពរុងរឿងនិងស្ថិតនៅក្នុងដួងចិត្តរបស់ពុទ្ធសាសនិកកម្ពុជាក៏ដូចម្ចាស់កម្មវិធីមង្គលជាដើម។

លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសទទួលស្គាល់ សមាសភាពថ្នាក់ដឹកនាំសាខានិងអនុសាខាសមាគមអាចារ្យខ្មែរនាពេលនេះសំដៅពង្រឹងសតិសម្បជញ្ញៈលោកអាចារ្យ អាចារិនីទាំងអស់ឲ្យមានក្រមសីលធម៌ប្រសើរជាគម្រូដល់ពុទ្ធបរិស័ទជារួមលោកអាចារ្យ អាចារិនីត្រូវមានវិជ្ជាសម្បត្តិគ្រប់គ្រាន់ចេះដឹងនិងយល់ច្បាស់នូវពិធីកម្មព្រះពុទ្ធសាសនា ពិធីកម្មក្នុងពិធីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរក្នុងការដឹកនាំឲ្យបានល្អប្រសើរ។

លោក កង ឌីណាត ប្រធានសាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុ បានលើកឡើងថា សមាគមបាន បញ្ជូនអាចារ្យ អាចារិនីទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ចអាចារ្យខ្មែរក្នុងពិធីទំនៀមទម្លាប់ប្រពៃណីខ្មែរ គិតពីវគ្គទីមួយរហូតដល់វគ្គទី១៧បានចំនួន៦២នាក់ក្នុងនោះអាចារិនីមានចំនួន១២នាក់។កន្លងមក សាខាសមាគមអាចារ្យខ្មែរបានចុះទៅធ្វើការផ្សព្វផ្សាយតួនាទីនិងភារកិច្ចអាចារ្យខ្មែរក្នុងពិធីទំនៀមទម្លាប់ប្រពៃណីខ្មែរបានចំនួនពីរលើកនៅវត្តមុនីសាលព្រឹក្ស ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងបានបំពេញការងារសង្ឃហធម៌ជួយអាចារ្យក្នុងសមាគមដែលបានទទួលមរណភាពកន្លងមក។

តំណាងថ្នាក់ដឹកនាំសាខានិងអនុសាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុបានឡើងប្តេជ្ញាចិត្តថា ខិតខំយកចិត្តទុកដាក់ឲ្យអស់កម្លាំងកាយចិត្តអនុវត្តនូវរាល់ការងារទាំងឡាយដែលទាក់ទងនិងប្រពៃណីជាតិខ្មែរនិងទំនៀមទម្លាប់ព្រះពុទ្ធសាសនាក៏ដូចរាល់សេចក្តីណែនាំរបស់ថ្នាក់លើនិងរាល់ការងារចំពោះមុខឲ្យសម្រេចនិងទទួលបានលទ្ធផលល្អជូនសមាគមអាចារ្យខ្មែរនិងណែនាំដល់សមាជិកសមាជិកាសមាគមអាចារ្យខ្មែរប្រចាំខេត្តព្រះសីហនុនិងពុទ្ធបរិស័ទឲ្យបានយល់ដឹងពីគោលបំណងនៃការបង្កើតសមាគមនេះឡើងដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន៕

អាចារ្យចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុពិធីប្រគល់សេចក្តីសំរេចទទួស្គាល់ថ្នាក់ដឹកនាំសាខាសមាគមអាចារ្យខ្មែរខេត្តព្រះសីហនុ

Flag Counter