ប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

លោក មិន ឃិន ប្រគល់សេចក្តីសំរេចជូនប្រធានមន្ទីរធម្មការនិងសាសនាថ្មី

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥
ក្រចេះ៖  លោក សេង សុមុនី អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានឲ្យដឹងថា រដ្ឋបាលខេត្តក្រចេះនិងក្រសួងធម្មការនិងសាសនាបានប្រារព្ធពិធីប្រកាសតែងតាំងចូលកាន់ដំណែង លោក ស៊ូ សែជាប្រធានមន្ទីធម្មការនិងសាសនាខេត្តក្រចេះជំនួសលោក នូ ច័ន្ទតារា ដែលបានចូលនិវត្តន៍តាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រកាសចូលកាន់ដំណែងធ្វើឡើងក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នាសាលាខេត្តក្រចេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក មិន ឃិន សូមកោតសរសើរចំពោះ លោកនូ ច័ន្ទតារា ដែលបានដឹកនាំការងារវិស័យធម្មការនិងសាសនាព្រមទាំងបានធ្វើឲ្យវិស័យធម្មការនិងសាសនាមានការរីកចំរើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រហើយការប្រកាសតែងតាំងប្រធានមន្ទីរថ្មីគឺជាប្រពៃណីទំនៀមទំលាប់របស់ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវីលក្នុងជួររាជរដ្ឋាភិបាលក្នុងការពង្រឹងនូវសមត្ថភាពការងារក្នុងសង្គមលើការងារអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥នៃរដ្ឋសភាក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពការងារ ការសហការល្អនិងការប្តេជ្ញាចិត្តខ្ពស់ស្របតាមគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលព្រមទាំងអនុវត្តតាមយុទ្ធសាស្ត្រនិងគោលការណ៍របស់រាជរដ្ឋាភិបាលសំដៅធ្វើឲ្យវិស័យសាធារណៈកាន់តែប្រសើរឡើងថែមទៀត។

លោក មិន ឃិន ក៏បានចែករំលែកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដែលជាយន្តការក្នុងការដឹកនាំអង្គភាពឲ្យមានការរីកចម្រើននិងត្រូវធ្វើការកែលម្អសេវាសាធារណៈដោយត្រូវបង្កើនការផ្សព្វផ្សាយលិខិតបទដ្ឋាន សារាចរនិងច្បាប់នានា ព្រមទាំងក្តាប់ឲ្យបាននូវរាល់អធិករណ៍ដែលបានកើតឡើងនិងជាពិសេសត្រូវធ្វើឲ្យវិស័យសាសនាមានការរីកចំរើននិងបានជម្រុញឲ្យលោកប្រធានមន្ទីរទើបចូលកាន់តំណែងត្រូវតែបន្តអនុវត្តការងារនេះឲ្យស្របទៅតាមកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៣នៃរដ្ឋសភាសំដៅធ្វើឲ្យកង់អាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា។
លោក មិន ឃិន បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មីសូមឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនិងសាមគ្គី ជាមួយអង្គភាពផ្សេងៗដែលមានមូលដ្ឋានក្នុងខេត្តរបស់ខ្លួន។ ជាពិសេសត្រូវខិតខំធ្វើការបម្រើព្រះសង្ឃនិងសាសនិកសាសនាដទៃក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរគឺធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាទើបតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអាជ្ញាធរខេត្តនិងគណៈសង្ឃខេត្តព្រមទាំងរក្សាសាមគ្គីផ្ទៃក្នុងនិងទំនាក់ទំនងល្អជាមួយស្ថាប័ននានា អង្គការជាតិនិងអន្តរជាតិដែលមានចារិកសាសនាក្នុងខេត្តសំដៅដល់ការអភិវឌ្ឍន៍វិស័យសាសនានៅទូទាំងខេត្តឲ្យមានការរីកចំរើនផងដែរ។

គណះអធិបតីធ្វើការប្រគល់ត្រាជូន លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាជំនួសលោក នូ ច័ន្ទតារា

Flag Counter