លោក មិន ឃិនៈទំនាក់ទំនងកម្ពុជា និងវៀតណាមកាន់តែបានរីកធំធាត់និងរឹងមាំជាប្រចាំ​

លោក ហ្សាប ហ្សុង ជំនួបជាមួួលោក មិន ឃិន នាទីស្តីការក្រសួង

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥
ភ្នំពេញៈ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ លោក ហ្សាប ហ្សុង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លើវិស័យធម្មការនិងសាសនា។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានលើកឡើងថាក្រសួងធម្មការនិងសាសនាគឺជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រងសាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាក្នុងនោះវិស័យព្រះពុទ្ធសាសនាមាននិកាយចំនួនពីរគឺគណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយនិងមានវត្តចំនួន៤,៥១៤វត្តនិងព្រះសង្ឃចំនួន៥៦,៨២០អង្គ។ចំណែកវិស័យពុទ្ធិកសិក្សាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

លោក មិន ឃិនបានមានប្រសាសន៌ ទៀតថាក្រៅពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៏មានសាសនាផ្សេងៗទៀតគឺសាសនាអ៊ីស្លាម សាសនាគ្រីស្ទនិងសាសនាដទៃៗទៀត ប៉ុន្តែសាសនាទាំងនោះបានពួនជ្រំគ្នាយ៉ាងសុខដុមនិងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក មិន ឃិន បានសង្កត់ធ្ងន់ថា ជារួមសាសនាទាំងអស់គឺត្រូវតែមានគម្ពីរក្បួនច្បាប់របស់ខ្លួនក្នុងការប្រៀនប្រដៅអប់រំអ្នកដែលជឿតាមនោះឲ្យប្រព្រឹត្តតែអំពើល្អហើយភាពសុខដុមរម្យនារវាងសាសនាទាំងអស់នៅកម្ពុជាបានបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍន៌ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តន៌ទៅមុខជានិច្ច។

ជាការឆ្លើយតប លោក ហ្សាប ហ្សុង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរដ្ឋាភិបាលវៀតណាមបានសំដែងការរីករាយក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយបានមើលឃើញពីការរីកចំរើនគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ហ្សាប ហ្សុង បានបន្តទៀតថា នៅប្រទេសវៀតណាមមានប្រជាជនជាង៩៥ភាគរយកំពុងប្រណិបត្តិទៅតាមជំនឿរៀងៗខ្លួនរបស់ពួកគេហើយព្រះពុទ្ធសាសនាជាសាសនាមួយដែលមានអាយុវែងជាងគេនិងមានអ្នកកាន់សាសនាជាង១២លាននាក់។ សាសនាទីពីរនៅវៀតណាមគឺសាសនាកាតូលីកនិងមានអ្នកជំនឿលើសាសនានេះចំនួន៦,៥លាននាក់ចំណែកសាសនាកៅដាយនិងបាហាយមានអ្នកប្រណិបត្តិតិចតួចណាស់។ សាសនាប្រូតេស្តង់មានអ្នកកាន់សាសនាជាង៣លាននាក់និងអ្នកកាន់សាសនាអ៊ីស្លាមជាង៨ម៉ឺននាក់។

លោកបានបន្តទៀតថា សាសនាទាំងអស់នៅប្រទេសវៀតណាមមិនដែលបានបង្កអរិភាពរវាងសាសនិក អ្នកកាន់សាសនាឡើយដោយហេតុថាសាសនាទាំងនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនិងសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ សាសនានិងសាសនាពិតជាទទួលបានលទ្ធផលល្អដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក គោរពបូរណភាពនៃប្រទេសទាំងពីរដោយធ្វើយ៉ាងណាពួនជ្រំនៃកិច្ចសហប្រតិបត្តិការឲ្យបានស្អិតរមួត៕

លោក មិន ឃិន សំដែងការគួរសមជាមួយប្រតិភូវៀតណាមគណៈប្រតិភូថតរូបរួមគ្នាជាមួួលោក មិន ឃិន

Flag Counter