ថ្នាក់ដឹកនាំសាខាអនុសាខាសមាគមអាចារ្យខ្មែរត្រូវចងក្រងនិងប្រមូលផ្តុំធនធានមនុស្សដ៏កម្រ​

គណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សាខាអនុសាខាសមាគមអាចារ្យខ្មែរខេត្តត្បូងឃ្មុំ

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥
ភ្នំពេញៈ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានលើកឡើងថា អាចារ្យជាសម្បត្តិមនុស្សដ៏មានតម្លៃក្នុងសង្គមខ្មែរដែលមិនអាចខ្វះបានហើយអាចារ្យគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងកិត្យានុភាពនៅតាមមូលដ្ឋានឲ្យមានកិត្តិយសនិងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ប្រកបដោយមោទនភាព។ ការលើកឡើងបែបនេះខណៈពេល លោក មិន ឃិន អញ្ជើញប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខានិងអនុសាខាសមាគមអាចារ្យខ្មែរខេត្តត្បូងឃ្មុំ ដែលពិធីប្រកាសធ្វើឡើងនាសាលាខេត្ត ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។

លោក មិន ឃិន មានប្រសាសន៍ថា ការប្រកាសទទួលស្គាល់សមាគមនេះក្នុងគោលបំណងបង្កើតឲ្យមានចំណងមិត្តភាព សាមគ្គីភាពឲ្យកាន់តែរឹងមាំនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកព្រមទាំងបានចូលរួមតម្រង់ទិសការដឹកនាំនិងការគោរពតាមរបៀបរបបទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ការបង្កើតសមាគមអាចារ្យខ្មែរនេះឡើង គឺមិនត្រឹមតែជាប្រយោជន៍សម្រាប់អាចារ្យ អាចារិនីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពរបស់សង្គមជាតិទាំងមូលដោយ បានប្រមូលនិងចងក្រងធនធានអាចារ្យដែលមានចំណេះដឹងត្រឹមត្រូវតាមក្បួនក្បាប់ពីបុរាណសម្រាប់រួមចំណែកនិងជួយជម្រុញដំណើរការអភិវឌ្ឍន៍សង្គមដោយរក្សាបាននូវវប្បធម៌ដ៏ផូរផង់និងអត្តសញ្ញាណជាតិរបស់យើងផងដែរ។

លោក មិន ឃិន បានចូលរួមផ្តល់យោបល់មួយចំនួនដោយសង្កត់ធ្ងន់ថា អាចារ្យ អាចារិនីទាំងអស់ត្រូវចៀសវាងការយកពិធីបុណ្យនានាធ្វើអាជីវកម្មដោយកំណត់និងបង្គាប់បញ្ជាហួសព្រំដែនសមត្ថភាពម្ចាស់ទាន កុំប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈឋានៈអ្នកមាន អ្នកក្រ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ក្រមសីលធម៌អាចារ្យខ្មែរ។

លោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងធម្មការនិងសាសនាដែលបានចងក្រងជាសមាគមអាចារ្យខ្មែរនេះឡើងគឺក្នុងទិសដៅចម្បងដើម្បីរួមចំណែកលើកស្ទួយអភិរក្សកេរ្តិ៍ដំណែលមរតកវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី លើកកម្ពស់គុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងខ្លឹមសារព្រះធម៌ ពិធីបុណ្យទាន ទម្រង់អាពាហ៍ពិពាហ៍និងពិធីកម្មផ្សេងៗក្នុងព្រះពុទ្ធសាសនា។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំមានប្រសាសន៍ថា ថ្នាក់ដឹកនាំសាខាអនុសាខាសមាគមអាចារ្យខ្មែរខេត្តត្បូងឃ្មុំមានសមាសភាព១១អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរក្រុងសួងមាន២០អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរស្រុកពញាក្រែកមាន៣៤អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរស្រុកអូររាំងឳមាន៧អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរស្រុកត្បូងឃ្មុំមាន១០អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរស្រុកតំបែរមាន៧អង្គ-នាក់ អនុសាខាសមាគមអាចារ្យខ្មែរស្រុកមេមត់មាន៩អង្គ-នាក់ និងអនុសាខាសមាគមអាចារ្យខ្មែរស្រុកក្រូចឆ្មារមាន១៦អង្គ-នាក់។
    តំណាងថ្នាក់ដឹកនាំសាខាអនុសាខាសមាគមអាចារ្យខ្មែរស្រុកត្បូងឃ្មុំបានឡើងប្តេជ្ញាចិត្តដោយខិតខំយកចំណេះដឹងរបស់ខ្លួនដែលបានសិក្សារៀនសូត្រយកទៅអនុវត្តឲ្យបានត្រឹមត្រូវជាក់ស្តែងតាមក្បួនខ្នាតព្រមទាំងកាត់បន្ថយភាពអសកម្មនិងពង្រឹងគុណភាពអាចារ្យខ្មែរដើម្បីជួយបង្ហាញផ្លូវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យមានធម៌អហិង្សាប្រកបដោយសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត៕

អាចារ្យក្នុងខេត្តត្បូងឃ្មុំចូលរួមក្នុងពិធី ពិធីប្រគល់កាទទួលស្គាល់ថ្នាក់ដឹកនាំសាខាអាចារ្យខ្មែរខេត្ត

Flag Counter