លោកឯកអគ្គរាជទូតថ្មីប្រទេសឥណ្ឌាចូលជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រីធម្មការ​

លោក មិន ឃីន ប្រគល់វត្ថុអនុស្សាវរីយជូនទូថ្មីឥណ្ឌាប្រចាំកម្ពុជា

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥
ភ្នំពេញៈ វិស័យពុទ្ធិកសិក្សាគឺជាវិស័យអាទិភាពក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងមានវិសាលភាពដ៏ទូលំទូលាយក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃនិងគ្រហស្ថនៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបានអនុញ្ញាតិឲ្យលោកណាវីន ស៊ី្រវ៉ាស្តាវ៉ា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥។

លោក មិន ឃិន បានមានប្រសាសន៌លើកឡើងទៀតថាវិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលទាំងផ្លូវធម៌និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិ ស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់។ ដោយមានកិច្ចសហការរួមគ្នាយ៉ាងល្អរវាងក្រសួងធម្មការនិងសាសនានិងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជាណាចក្រកម្ពុជាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែងសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

លោក មិន ឃិន បានសង្កត់ធ្ងន់ថា ជារួមព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា គឺត្រូវតែមានគម្ពីរក្បួនច្បាប់របស់ខ្លួនក្នុងការប្រៀនប្រដៅអប់រំអ្នកដែលជឿតាមនោះឲ្យប្រព្រឹត្តតែអំពើល្អហើយភាពសុខដុមរម្យនារវាងសាសនាទាំងអស់នៅកម្ពុជាបានបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍន៌ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តន៌ទៅមុខជានិច្ចនៃសាសនា។

លោក មិន ឃិន បានថ្លៃងការអំណរគុណចំពោះសាស្ត្រាចារ្យឥណ្ឌាមួយចំនួនដែលបានមកជួយបង្រៀនភាសាបាលីសំស្រ្កឹតដល់សមណសិស្ស-និស្សិតកម្ពុជាឲ្យទទួលបានចំណេះដឹងយ៉ាងទូលំទូលាយដែលជាយាន្តមួយបង្ហាញពីអត្តសញ្ញាណរបស់ជាតិ ។

ជាការឆ្លើយតប លោក ណាវីន ស៊ី្រវ៉ាស្តាវ៉ា បានត្រេកអរដោយបានមើលឃើញពីការរីកចំរើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យហើយក៏អរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសឥណ្ឌាជាពិសេសស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញហើយប្រទេសឥណ្ឌានឹងខិតខំធ្វើឲ្យប្រសើរឡើងលើការបណ្តុះបណ្តាលធនធានព្រះសង្ឃផ្នែកភាសាបាលីនិងសំស្រ្កិត។

លោក ណាវីន ស៊ី្រវ៉ាស្តាវ៉ា បានលើកឡើងទៀតថាព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅហើយក៏ជាអច្ឆរិយបុគ្គលមួយដ៏អស្ចារ្យនិងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយចាប់តាំងពីសតវត្សទី៦មុនគ្រឹះសករាជរហូតមកដល់បច្ចុប្បន្ននេះហើយបានរីករាលដាលទៅកាន់គ្រប់ទីកន្លែងជាច្រើននៅជុំវិញពិភពលោកក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍។ ការទំនាក់ទំនងរវាងប្រទេសកម្ពុជានិងឥណ្ឌាគឺបានផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរនិងបានប្តេជ្ញាចិត្តគោរពសាសនាព្រះពុទ្ធដែលមានអាយុរាប់ពាន់ឆ្នាំមកហើយ៕

លោក មិន ឃិន ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកទូតឥណ្ឌាថ្មីប្រចាំកម្ពុជា

Flag Counter