លោក មិន ឃិនៈ ភាពជោគជ័យនៃជីវិតគឺកើតចេញពីការសិក្សារៀនសូត្រ

លោក មិន ឃិន សំណេះសំណាលជាមួយសមណសិស្សវត្តអង្គរបាន

ថ្លែងទៅកាន់សមណសិស្សចំនួន៤០អង្គ ក្នុងពិធីសំណេះសំណាលជាមួយសមណសិស្ស នៃពុទ្ធិកបឋមសិក្សាវត្តអង្គរបាន ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ នេះ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៍គូសបញ្ជាក់ថាភាពជោគជ័យនៃជីវិតគឺកើតចេញពីការខិតខំសិក្សារៀនសូត្រ។ ដូចនេះទើប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញអោយសមណសិស្សគ្រប់អង្គត្រូវតែខិតខំសិក្សារៀនសូត្រឲ្យទទួលបានចំណេះដឹងជ្រៅជ្រះព្រោះថាស្ថិតក្នុងភេទជាអ្នកបួសព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ។

ឯកឧត្តម មិន ឃិន មានប្រសាសន៍កោតសរសើរចំពោះ ព្រះវិនយរក្ខិតោ ឌេន លាង ព្រះរាជាណគណៈ ថ្នក់កិត្តិយស ព្រះធម្មធរគណស្រុកកងមាសនិងជាព្រះចៅអធិការវត្តអង្គរបាន គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ សប្បុរសជននានាដែលមានទឹកចិត្ដជ្រះថ្លាចំណាយធនធានថវិកាចូលរួមកសាងសមិទ្ធផលទាំងអស់នេះឡើងទុកជាប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា។ វិស័យព្រះពុទ្ធសាស នានៅកម្ពុជាមានប្រពៃណីទំនៀមទម្លាប់ល្អ មានការប្រៀនប្រដៅអប់រំមនុស្សឱ្យប្រព្រឹត្ដអំពើល្អដូចនេះទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងទៅលើការងារកសាងធនធានមនុស្សដែលក្នុងនោះមានការអប់រំបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់ព្រះសង្ឃនិងគ្រហស្ថដើម្បីបានជាចំណេះដឹងចំណេះធ្វើទុកជាគុណប្រយោជន៍សម្រាប់បុគ្គលរាល់រូបនិងសម្រាប់ប្រទេសជាតិផងដែរ។

ឯកឧត្តម មិន ឃិន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការបង្រួមបង្រួមជាតិ និងមានសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋ រក្សាបាននូវស្ថិរភាពនយោបាយ និងបូរណភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានបើកទូលាយនូវសិទ្ធិសេរីភាព ខាងជំនឿសាសនាដោយបានបង្កលក្ខណសម្បត្ដិដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ថែរក្សា សាមគ្គីភាពរវាងប្រជាជននិងប្រជាជនដោយរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា។ ក្នុងនោះវត្ដអារាមក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិដូចជាបានរួមចំណែកលើការងារអប់រំសីលធម៌សង្គម ការងារមនុស្សធម៌ សង្គមកិច្ចការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្សនិងជាកន្លែងដែលព្រះសង្ឃគង់នៅសិក្សារៀនសូត្រធម៌វិន័យទៀតផង។

ក្នុងឱកាសចុះសំណេះសំណាលនោះ ឯកឧត្តម មិន ឃិន និងលោកជំទាវជាភរិយា បានប្រគេនបច្ច័យដល់សមណសិស្សទាំង៣៤អង្គក្នុងមួយអង្គបច្ច័យ១ម៉ឺនរៀលនិងប្រគេនសៀវភៅមង្គលត្ថទីបនីភាគ១ចំនួន៥ក្បាល សៀវភៅមង្គលត្ថទីបនីភាគ២ចំនួន៥ក្បាល ពុទ្ធវិន័យភាគ១ចំនួន១០ក្បាល ពុទ្ធវិន័យភាគ២ចំនួន១០ក្បាល ពុទ្ធវិន័យភាគ៣ចំនួន១០ក្បាល ភាសាបាលីថ្នាក់ទី១ចំនួន១០ក្បាល ភាសាបាលីថ្នាក់ទី២ ចំនួន១០ក្បាលនិងភាសាបាលីថ្នាក់ទី៣ចំនួន១០ក្បាល៕

សមណសិស្សវត្តអង្គរបាន

Flag Counter