ឯកឧត្តម មិន ឃិនៈព្រះពុទ្ធសាសនាជាមាគ៌ារអភិវឌ្ឍន៍និងសន្តិភាព​

លោក មិន ឃិន ជម្រុញឲ្យសមណសិស្សត្រូវបន្តសិក្សាឲ្យបានចប់

ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានទូលប្រគេននៅចំពោះមុខសមណសិស្សចំនួន៣៤អង្គថាព្រះពុទ្ធសាសនាជាសាសនាមួយដែលមានវ័យចំណាស់ជាយូរមកហើយចំណែកពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធតាមរយៈការប្រទានឱវាទពីសំណាក់ព្រះសង្ឃគឺជាមាគ៌ារមួយនាំសង្គមមនុស្សនិងសង្គមជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍និងមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការលើកឡើងយ៉ាងដូចនេះខណៈពេល ឯកឧត្តម មិន ឃិន អញ្ជើញសំណេះសំណាលជាមួយសមណសិស្សនៅសាលាពុទ្ធិកបាលីរងវត្តកងត្រង់ណឹង ស្ថិត នៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥។

ឯកឧត្តម មិន ឃិន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគេនដល់សមណសិស្សគ្រប់អង្គដោយបានលើកឡើងថាក្រសួងធម្មការនិងសាសនាជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រងសាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាក្នុងនោះវិស័យព្រះពុទ្ធសាសនាមាននិកាយចំនួនពីរគឺគណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយនិងមានវត្តចំនួន៤,៥១៤វត្តនិងព្រះសង្ឃចំនួន៥៦,៨២០អង្គ។ចំណែកវិស័យពុទ្ធិកសិក្សាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

ឯកឧត្តម មិន ឃិន បានទូលប្រគេនបន្តទៀតថា វិស័យពុទ្ធិកសិក្សាគឺជាវិស័យអាទិភាពក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងមានវិសាលភាពដ៏ទូលំទូលាយក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃនិងគ្រហស្ថនៅទូទាំងប្រទេសហើយវិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលទាំងផ្លូវធម៌និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់។

តាមការបញ្ជាក់ឲ្យដឹងពីនាយកពុទ្ធិកបឋមសិក្សាកម្រងធម្មវិជ្ជាកងមាសថា មុខវិជ្ជាដែលបានបង្រៀនមានភាសាបាលី ព្រះវិន័យ តែងសេចក្តី គណិតវិទ្យានិងសិក្សាសង្គមដោយបានបែងចែកពេលវេលាសិក្សាមានពេលព្រឹកនិងពេលល្ងាច។

ក្នុងឱកាសចុះសំណេះសំណាលនោះ ឯកឧត្តម មិន ឃិន និងលោកជំទាវជាភរិយាបានប្រគេនបច្ច័យដល់សមណសិស្សទាំង៣៤អង្គក្នុងមួយអង្គបច្ច័យ១ម៉ឺនរៀលនិងប្រគេនសៀវភៅមង្គលត្ថទីបនីភាគ១ចំនួន៥ក្បាល សៀវភៅមង្គលត្ថទីបនីភាគ២ចំនួន៥ក្បាល ពុទ្ធវិន័យភាគ១ចំនួន១០ក្បាល ពុទ្ធវិន័យភាគ២ចំនួន១០ក្បាល ពុទ្ធវិន័យភាគ៣ចំនួន១០ក្បាល ភាសាបាលីថ្នាក់ទី១ចំនួន១០ក្បាល ភាសាបាលីថ្នាក់ទី២ចំនួន ១០ក្បាលនិងភាសាបាលីថ្នាក់ទី៣ចំនួន១០ក្បាល៕

 

Flag Counter