បណ្តុះបណ្តាលតួនាទីភារកិច្ចក្រមសីលធម៌អាចារ្យ អចរិនីខ្មែរចំនួន២៥៤អង្គ\នាក់

លោក មិន ឃិន និងលោកស្រីជាភិយា អធិបតីក្នុងពិធីបើកវគ្គអាចារ្យ

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥
ភ្នំពេញៈ  អាចារ្យ អចរិនីទាំងអស់ត្រូវបន្តខិតខំរៀនសូត្រនូវគម្ពីរក្បួនច្បាប់ឲ្យបានជ្រៅជ្រះថែមទៀតដើម្បីឲ្យការ អនុវត្តមានភាពត្រឹមត្រូវទៅតាមក្បួនច្បាប់បុរាណរបស់យើង ទើបយើងអាចថែរក្សានិងអភិរក្សឲ្យបានគង់វង្សនិង រីកចំរើននូវអត្តសញ្ញាណជាតិរបស់យើង។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ចក្រមសីលធម៌អាចារ្យ អចរិនី ខ្មែរលើកទី២១ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នាទីស្តីការក្រសួងធម្មការនិងសាសនា។

លោក មិន ឃិន មានប្រសាសន៍ទៀតថា ការបើកវគ្គបណ្តុះបណ្តាលនេះឡើងគឺបង្កើតឲ្យមានការវិវឌ្ឍន៍រីកចំរើនថ្មីៗបន្ថែមទៀតទាក់ទងទៅនឹងការថែរក្សានិងអភិរក្សនូវប្រពៃណីវប្បធម៌របស់ជាតិ សំដៅរួមចំណែកកសាងធនធានមនុស្សនិងលើកស្ទួយវិស័យវប្បធម៌សាសនា ពិសេសគឺការចែករំលែកចំណេះដឹងដើម្បីតម្រង់ទិសរបៀបរៀបចំមង្គលនិងពិធីបុណ្យផ្សេងៗដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាមយកចិត្តទុកដាក់និងឆន្ទះមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យក្នុងការបង្ហាត់បង្រៀនផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើដល់អាចារ្យ អចរិនី។

លោក មិន ឃិន បានរំលឹកពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងទាំង អស់សូម្បីតែប្រពៃណីវប្បធម៌ក៏ត្រូវបានពួកយង់ឃ្នងបំបិតសិទ្ធិមិនឲ្យមានផងដែរទើបនៅថ្ងៃរំដោះ៧មករា ១៩៧៩ ប្រជាជននិងប្រទេសជាតិក្នុងនោះប្រពៃណីទំនៀមទម្លាប់ក៏ត្រូវបានសង្គ្រោះឲ្យរស់រានមានជីវិតឡើងវិញ ផងដែរ។

នេះជាគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានដែលគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំពុះពារជំនះរាល់ការលំបាកទាំងឡាយក្នុងបុព្វហេតុការពារនិងកសាងមាតុភូមិដែលប្រជាជនកម្ពុជាបានចងចាំនិងដឹងគុណជានិច្ចឥតបំភ្លេចបានក្នុងក្រអៅបេះដូង។

លោក មិន ឃិន បានបញ្ជាក់ទៀតថា ដោយសារការអនុវត្តតាមតំបន់នីមួយៗមិនមានការដូចគ្នាដែលផ្ទុយពីក្បួនច្បាប់ពីបុរាណទើបក្រសួងធម្មការនិងសាសនាបានបើកវគ្គនេះឡើងក្នុងគោលបំណងរួមគ្នាសិក្សាស្រាវជ្រាវនិងចងក្រងឯកសាររួមមួយដើម្បីធ្វើការផ្សព្វផ្សាយបន្តតាមរយៈការបើកវគ្គបណ្តុះបណ្តាលនេះឡើងដែលរហូតមកដល់ពេលនេះបានចំនួន២១វគ្គនិងមានអាចារ្យ អចរិនីចំនួន៨៣២០អង្គ\នាក់។

លោក ប៉ុក វណ្ណធីរ គណៈសហប្រធានវគ្គសិក្សា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលតួនាទីភារកិច្ចក្រម សីលធម៌អាចារ្យ អចរិនីខ្មែរបានចំនួន២០លើករួចមកហើយដោយឡែកវគ្គនេះជាវគ្គទី២១ដែលមានរយៈពេលការសិក្សាចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ និងមានអាចារ្យ អចរិនី ចំរុះមកពីបណ្តារាជធានី ខេត្តទូទាំងប្រទេសមានចំនួន២៥៤អង្គ\នាក់។ មានព្រះឧទ្ទេសាចារ្យ លោកឧទ្ទេសចារ្យ ចំនួន៣២អង្គ\នាក់ជាអ្នកធ្វើបទបង្ហាញមេរៀនតាមជំនាញទេពកោសលរៀងៗខ្លួនលើ១៥មុខវិជ្ជាធំៗ៕

សិក្ខាកាម អាចារ្យ អចរិនីខ្មែរ

Flag Counter