ពិធីចុះអនុស្សារណៈនៃភាពជាដៃគូរវាង ក្រសួងធម្មការនិងសាសនាជាមួយអង្គការរីស្សូ កូសី-កៃ

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦
ភ្នំពេញៈ  រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងធម្មការនិងសាសនាមានរៀបចំពិធីចុះអនុស្សារណៈលើការគាំទ្រសកម្មភាពពុទ្ធសាសនបណ្ឌិត្យដែលមានរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមកិច្ចជំនួយពីម្ចាស់គម្រោង មូលនិធិឧបត្ថម្ភអាហារមួយពេលសម្រាប់សន្តិភាពនៃអង្គការរីស្សូ កូសី-កៃ ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងព្រះតេជគុណ ម៉ាសាហ៊ីរ៉ូ ណេម៉ូតូ ប្រជាគណៈកម្មការដឹកនាំ។

    លោក មិន ឃិន បានលើកឡើងថា ក្រសួងធម្មការនិងសាសនាមានបេសកកម្មដឹកនាំនិងគ្រប់គ្រងវិស័យធម្មការនិងសាសនា ពុទ្ធិកសិក្សា ការអប់រំ ការសិក្សាស្រាវជ្រាវ វប្បធម៌ អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ និងការបោះពុម្ពផ្សាយនានាទាក់ទងនឹងសាសនា ក្នុងនោះ វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំចងក្រង ស្រាវជ្រាវ ផ្សព្វផ្សាយឯកសារគ្រប់ប្រភេទទាំងសំណេរ ទាំងរូបភាព ទាំងសំឡេង ទាំងសម្ភារៈ និងភាពយន្ត។ល។ ដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ អក្សរសាស្ត្រ សាសនា និងប្រវត្តិសាស្ត្រខ្មែរ ហើយក៏ជាសេនាធិការមួយឲ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់សំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះសាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ នេះបញ្ជាក់ឲ្យឃើញពីការរួបរួមរវាងសាសនាទាំងអស់នៅកម្ពុជាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយជាពិសេសគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ព្រះតេជគុណ ម៉ាសាហ៊ីរ៉ូ ណេម៉ូតូ ប្រធានគណៈកម្មការដឹកនាំមូលនិធិ នៃ អង្គការរីស្សូ កូសី-កៃ ប្រទេសជប៉ុន មានប្រ សាសន៍ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទើប អង្គការរីស្សូ កូសី-កៃ ចុះ អនុស្សារណៈលើកិច្ចប្រឹងប្រែងសហការរួមគ្នាដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពការងាររបស់ពុទ្ធសាសនបណ្ឌិត្យ តាមរយៈការផ្សព្វផ្សាយសកម្មភាពនានា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងពុទ្ធសាសនបណ្ឌិត្យ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងគាំទ្រលើការលើកស្ទួយមិត្តភាពនិងការយោគយល់គ្នាល្អរវាងពុទ្ធសាសនិកកម្ពុជា និងជប៉ុនដើម្បីទទួលបានសុខសន្តិភាពក្នុងពិភពលោក។
    នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាភាគីទាំងពីរបានឯកភាពក្នុងការបោះពុម្ពទស្សនាវដ្តីកម្ពុជ សុរិយាឲ្យបានទៀងទាត់ អភិរក្សឯកសារចាស់ៗនិង បោះពុម្ពសៀវភៅថ្មីៗស្តីពីសាសនានិងវប្បធម៌ចារិកសាសនានៃ ព្រះរាជាណាចក្រកម្ពុជា រៀបចំបាឋកថាស្តីពីសាសនានិងវប្បធម៌ចារិកសាសនាជាទៀងទាត់នៅព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងនិងថែរក្សាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យឲ្យមានសណ្តាប់ធ្នាប់ល្អនិងពង្រីកការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពពុទ្ធសាសនបណ្ឌិត្យដល់សាធារណជនតាមរយៈយន្តការបច្ចេកវិទ្យាព័ត៌មាន  លើកកម្ពស់បរិយាកាសការងារពុទ្ធសាសនបណ្ឌិត្យឲ្យបានកាន់តែល្អប្រសើរនិងពង្រឹងបន្ថែមនូវសមត្ថភាពបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ៕

Flag Counter