ពិធីបិទអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តព្រៃវែង

ព្រៃវែងៈប្រការដែលធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើននិងមានទំនុកចិត្តក្នុងការប្រតិបត្តិពីសំណាក់ប្រជាពុទ្ធបរិស័ទគឺទាមទៀរឲ្យព្រះសង្ឃគ្រប់អង្គនិងអាចារ្យទាំងអស់មានស្មារតីឈរលើសីល សមាធិ និងបញ្ញា។ការលើកឡើងបែបបនេះ ខណៈពេល លោក មិន ឃិនរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ

អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤ប្រគេនដល់ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តប្រមាណជាង៩០០អង្គនាក់ទូទាំងខេត្តព្រៃវែងដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តសុវណ្ណរង្សី ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

 

មានប្រសាសន៍ក្នុងឱកាសនោះលោកមិនឃិនបានធ្វើការវាយតម្លៃខ្ពស់ចំពោះការដឹកនាំពីមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការគ្រប់វត្តដោយបានផ្តោតព្រះទ័យទុកដាក់និងយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅដើម្បីបម្រើផលប្រយោជន៍នៃការបង្កើនធ្លុងមហាសាមគ្គីក្នុងជួរព្រះសង្ឃនិងពុទ្ធសាសនិកសម្រាប់ប្រមូលផ្តុំគំនិតនិងបញ្ញាញាណដ៏ទូលំទូលាយ រិះរិកវិធានការណ៍សមស្របដើម្បីរួមចំណែកកាត់បន្ថយនិងលុបបំបាត់អំពើអកុសល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាដើម្បីរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នាក្នុងចំណោមសាសនិកទាំងអស់ នៅតែបន្តការពារ និងគោរពព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប។

លោក មិន ឃិន មានប្រសាសន៍ទូលប្រគេនថា ការជួបជុំព្រះសង្ឃនិងអាចារ្យគណៈកម្មការវត្ដនៅទូទាំងខេត្តនាពេលនេះគឺសំដៅពិភាក្សារួមគ្នារកភាពរីកចំរើននិងភាពអវិជ្ជមានក្នុងវិស័យព្រះពុទ្ធសាសនាគឺធ្វើយ៉ាងណាត្រូវរួបរួមគ្នាដើម្បីបន្ដដឹកនាំវិស័យនេះឱ្យមានការរីកចំរើនទ្វេរដង។ ទន្ទឹមនឹងនេះ តាមរយៈការផ្សព្វផ្សាយនូវខ្លឹមសារនៃសង្ឃ ប្រកាសដែលបានដាក់ចេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះគឺជាយន្តការថ្មីៗត្រូវបានរំលេចឡើង ដើម្បីរំលេចឡើងដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាពនៃការអប់រំសីលធម៌ មនុស្សធម៌ តាមមាគ៌ារដ៏ត្រជាក់របស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។

លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានសូមបិណ្ឌបាតដល់មន្ដ្រីសង្ឃនិងអាចារ្យគណៈកម្មការវត្តទាំងអស់ឱ្យចេះមើលការខុសត្រូវលើគរុភណ្ឌវត្ដជាពិសេសត្រូវរៀបចំធ្វើប្លង់ដីឱ្យបានត្រឹមត្រូវនិងសូមបិណ្ឌបាតដល់ព្រះគ្រូចៅអធិការគ្រប់វត្ដបំផុសចលនាឱ្យមានការបំបួសកុលបុត្រឱ្យបានច្រើនតាមរយៈផ្ដល់ការអប់រំលើវិស័យ ពុទ្ធិកសិក្សាដែលជាថ្នាលបណ្តុះទាំងផ្លូវលោកនិងផ្លូវធម៌។ ត្រូវរៀបចំទីវត្តទាំងមូលឲ្យបានស្អាតសមជាទីប្រតិស្ថានព្រះពុទ្ធសាសនា គឺត្រូវរៀបចំវិហារ កុដិ សាលាបុណ្យ សាលាសិក្សា កប្បិយកុដិ វច្ចកុដិ ទីសួនច្បា និងស្រះអណ្តូង ដែលជាទីសេនាសនៈឬជាវត្ថុដែលត្រូវតែឲ្យមានក្នុងទីវត្តជាការចំាបាច់ត្រូវរៀបចំឲ្យបានសមរម្យឲ្យមានរបៀបរៀបរយល្អ កុំឲ្យច្រង៉េងច្រង៉ាងទាស់ភ្នែកទាំងពួង ជាពិសេសគឺត្រូវរៀបចំធ្វើឲ្យស្អាតគ្របើទីកន្លែង។

លោក មុំ ច័ន្ទតារាប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រៃវែងឡើងធ្វើរបាយការណ៌សង្ខេបស្តីពីការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៤ដោយបានដាក់ចេញនូវផែនការអនុវត្តសម្រាប់ឆ្នាំបន្តដោយធ្វើយ៉ាងណារវាងមន្ទីរធម្មការនិងសាសនាខេត្តរួមជាមួយគណសង្ឃនាយកខេត្តខិតខំធ្វើការបណ្តុះបណ្តាលនិងលើកកម្ពស់វិស័យពុទ្ធិកសិក្សាឲ្យបានរីកចំរើន៕  

 

Flag Counter