ពិធីបើកការដ្ឋានជួសជុលស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តតាកែវ

តាកែវៈព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មិន ឃិន អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្រីជាភរិយា លោក ងៀន អាញ់ហ្សុង ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ

បានអញ្ជើញប្រារព្ធពិធីបើកការដ្ឋានជួសជុលឡើងវិញនូវស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅលើសួនច្បារក្នុងក្រុងដូនកែវ ខេត្តតាកែវ។

 

ក្នុងនាមក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក មិន ឃិន បានមានប្រសាសន៍ថា ការបើកការដ្ឋានជួសជុលឡើងវិញនូវស្តូបមិត្តភាពកម្ពុជា-វៀតណាមនាពេលនេះបានបញ្ជាក់ឲ្យឃើញពីភាពរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ តាមទិសស្លោក “ជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង” ជាក់ស្តែងទំនាក់ទំនងប្រទេសទាំងពីរក៏បានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍន៍ និងការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ក្នុងការរួមចំណែកដល់សុខសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក។

លោក មិន ឃិន មានប្រសាសន៍ថា ទំនាក់ទំនងទ្វេរភាគីកម្ពុជា វៀតណាម បាននិងកំពុងស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យតាំងពីវិស័យនយោបាយរហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យាសាស្រ្ត និងពាណិជ្ជកម្មជាពិសេសប្រទេសយើងទាំងពីរសម្រេចបានដំណោះស្រាយនៃការបោះបង្គោលព្រំដែនគោកស្ទើចប់ទាំង ស្រុងថែមទាំងបានផ្តល់បរិស្ថានគ្របដណ្តប់សម្រាប់ការថែរក្សាសន្តិភាព ស្ថេរភាព ការបង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ពីប្រវត្តិកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាមត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៨៦ដោយលោក ប៉ុល សារឿន លេខាបក្សខេត្តតាកែវ ហើយបានជួសជុលកែលម្អបានពីរលើករួចមកហើយគឺឆ្នាំ២០០៥និងឆ្នាំ២០០៨ក្រោមការជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកាក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវនិងខេត្តអានយ៉ាង។ ការជួសជុលកែលម្អលើកទីបីនេះខេត្តតាកែវបានទទួលថវិកាពីអនុព័ន្ធ យោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងគោលបំណងកែលម្អសោភ័ណភាពឲ្យសមស្របទៅតាមការអភិវឌ្ឍន៍រីកចំរើននិងបន្តថែរក្សារឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។

លោក ងៀន អាញ់ហ្សុង ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការជួសជុលកែលម្អរស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តតាកែវគឺដើម្បីកត់ត្រាទុកកុំឲ្យអ្នកជំនាន់ក្រោយបំភ្លេចបានពីអ្វីៗដែលប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរ កងទ័ពយើងទាំងពីរបានសហការជាមួយគ្នា ស្មាគៀកស្មាគ្នា ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពួជសាសន៍ប៉ុល ពត ក្នុងឆ្នាំ១៩៧៩។ ស្តូបមិត្តភាពនេះពិតជាមានតម្លៃណាស់ ជាកេរ្តិ៍តំណែលមួយដែលមនុស្សជំនាន់មុនបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុដើម្បីជាតិនិងប្រជាជន នេះជានិមិត្តរូបនៃចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរកម្ពុជា-វៀតណាម៕

 

Flag Counter