ដាក់វត្តខ្ពបតាមពុទ្ធានុញ្ញាតិឲ្យដំណើរការឡើងវិញបន្ទាប់ពីមានអធិករណ៍កើតឡើង

 

កណ្តាលៈ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងលោកស្រីជាភរិយា លោក រស់ វណ្ណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ “កាំសាប” និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាននិងប្រជាពុទ្ធបរិស័ទជាច្រើននាក់

បានអញ្ជើញទៅប្រកាសដាក់ឲ្យប្រើប្រាស់តាមពុទ្ធានុញ្ញាតិឡើងវិញនូវវត្តខ្ពបស្ថិតនៅភូមិសរមាស ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីបានកើតឡើងនូវអធិករណ៍អស់រយៈពេលមួយឆ្នាំ ។

 

លោក មិន ឃិន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការឯកភាពជាតិ ការពារបូរណភាពទឹកដី ការសិក្សាអប់រំនិងការរក្សាអត្តសញ្ញាណរបស់ជាតិយើង ជាពិសេសការផ្សះផ្សារបង្រួបបង្រួមជាតិយើងកន្លងមក។ សម្រាប់កម្ពុជាយើង វិស័យពុទ្ធចក្រនិងអាណាចក្រចាំបាច់ត្រូវដើរទន្ទឹមគ្នាជាដរាបពីព្រោះព្រះពុទ្ធសាសនាបានចាក់ឬសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតនិងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើងជាច្រើនសតវត្សកន្លងមកហើយ។

លោក មិន ឃិន មានប្រសាសន៍ទៀតថា ទ្រឹះស្តីព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានរួមចំណែកដល់ការដណ្តើមយកបានមកវិញនូវសុខសន្តិភាពពេញបរិបូណ៌សម្រាប់ប្រទេសជាតិយើង។ ទ្រឹះស្តីអហឹង្សារបស់ព្រះសម្មាសម្ពុទ្ធគឺជាឱសថទិព្វដ៏សក្តិសិទ្ធសម្រាប់ព្យាបាលជម្ងឺខាងផ្នែកស្មារតីរបស់ប្រជាជនយើងក្រោយពីត្រូវញ៉ាំញីដោយសារការបែកបាក់ប្រេះឆានិងសង្រ្គាមដែលបានអូសបន្លាយជាយូរឆ្នាំកន្លងមកហើយ។

លោក មិន ឃិន បានផ្តាំផ្ញើដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត គណៈកម្មការកសាង ដែលទើបទទួលបានសេចក្តីសម្រេចបណ្តោះអាសន្នទាំង២៧អង្គ-នាក់ផ្តាំត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយចាត់ទុកគ្នាជាគ្រួសារតែមួយមានប្រពៃណីយោគយល់គ្នា ជួយគ្នាដើម្បីជម្រុញការងាររបស់យើងឲ្យមានភាពរស់រវើកខ្លាំងក្លានិងទទួលបានជោគជ័យនិងត្រូវប្រតិបត្តិតាមតួនាទីដែលមានចែងក្នុងសេចក្តីសម្រេចនោះឲ្យមានប្រសិទ្ធភាព។

លោក រស់ វណ្ណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ “កាំសាប” និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានបើកឲ្យដំណើរការឡើងវិញនូវត្តខ្ពបនេះដើម្បីបានប្រជាពុទ្ធបរិស័ទប្រារព្វពិធីបុណ្យទានតាមផ្លូវព្រះពុទ្ធសាសនាក្រោយពីវត្តនេះបានកើតឡើងវិវាទអស់រយៈមួយឆ្នាំកន្លងមកហើយ។

លោក នីម នីរ៉ាដេត អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល បានមានប្រសាសន៍ពីការរីកចំរើនលើវិស័យ សាសនាក្នុងស្រុកអង្គស្នួលមានវត្ត៣២ ក្នុងនោះវត្តធម្មយុត្តិកនិកាយចំនួន២វត្ត ព្រះសង្ឃសរុបចំនយន៤១៣អង្គ ភិក្ខុ១១០អង្គ អាចារនិងគណៈកម្មការវត្តសរុបចំនួន៣៣០នាក់ ស្រ្តី៩នាក់ តាជីដូនជី១១៤នាក់។ ចំណែកវិស័យពុទ្ធិកសិក្សាមានពុទ្ធិកអនុវិទ្យាល័យ១កន្លែង ពុទ្ធិកបឋមសិក្សាមាន៧កន្លែង៕

 

Flag Counter