លោក មិន ឃិនៈសូមប្រើគុណធម៌ដើម្បីដោះស្រាយបញ្ហា

កំពង់ស្ពឺៈ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងទទូចឲ្យព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវៀងការប្រើអំពើហិង្សា ជាពិសេសត្រូវប្រើនូវគុណធម៌ដើម្បីថ្លឹងថ្លែងដោះស្រាយបញ្ហាដែលជួបប្រទះ។ការថ្លែងទទូចបែបនេះ ខណៈ លោក មិន ឃិន បានដឹកនាំគណៈកម្មការចំរុះមួយរបស់ក្រសួងទៅ

ពិនិត្យមើលការដោះស្រាយអធិករណ៍របស់ថេរសភាសង្ឃខេត្តកំពង់ស្ពឺដែលបានកើតឡើងរវាងព្រះសង្ឃនិងព្រះសង្ឃដែលមានទំនាស់ដោយការយល់ច្រឡំក្នុងការតែងតាំងជាព្រះចៅអធិការវត្ត ក្រោយពេលព្រះចៅអធិការវត្តចាស់បានសឹកទៅហើយ។ ការចុះពិនិត្យមើលការដោះស្រាយនេះបានធ្វើឡើងនៅវត្តជ្រៃហូរព្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦។

 

ក្នុងឱកាសនោះ លោក មិន ឃិន បានលើកឡើងពីការគោរពច្បាប់ ធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋដូច្នេះសូមឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទមេត្តាចេះគោរពស្រលាញ់គ្នាកុំបង្កការលំបាកដល់គ្នានិងគ្នា នាំឲ្យខូចផលប្រ យោជន៍រៀងៗខ្លួន។លោក មិន ឃិន មានប្រសាសន៍ទូលប្រគេនថា ថេរសភានៃព្រះពុទ្ធសាសនាគឺជាសហធម្មិកសង្ឃជាន់ខ្ពស់ក្នុងការបំពេញបេសកកម្មជួយអភិបាលកិច្ចសង្ឃដោះស្រាយរម្ងាប់អធិករណ៍ដែលកើតមានឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាតួអង្គជំនុំជម្រះអធិករណ៍ដែលកើតឡើងរវាងព្រះសង្ឃនិងព្រះសង្ឃ រវាងសង្ឃនិងគ្រហស្ថ។ រកគ្រប់វិធីធ្វើការណែនាំសម្រុះសម្រួលនូវភាគីបង្ករអធិករណ៍ឲ្យយល់គ្នាដោយប្រើប្រាស់គ្រប់រូបភាពសីល្បវិធីក្នុងនាមជាសហធម្មិកនិងជាភាតរភាតក្នុងពុទ្ធសាសនាមណ្ឌល។ល។

ព្រះមុនីសត្ថាចរិយកោសល្យ ឌូ វ៉ាន់ឌឿន ព្រះមេគណខេត្តកំពង់ស្ពឺមានសង្ឃដីកាទូលប្រគេនពីលទ្ធផលក្នុងការដោះស្រាយបញ្ចប់អធិករណ៍គឺថេរសភាសង្ឃខេត្ត ថេរសភាសង្ឃស្រុក មន្ត្រីសង្ឃគ្រប់ឋានានុក្រមបានសំរេចដោយធ្វើការប្រគល់វត្តជ្រៃហូរព្នៅនេះទាំងមូលឲ្យទៅព្រះអង្គព្រះចៅធអិការវត្តស្តីទីព្រះនាម អ៊ូ ពុទ្ធីណា អាចារ្យគណៈកម្មការវត្តនិងប្រជាពុទ្ធបរិស័ទទាំង១១ភូមិជាអ្នកគ្រប់គ្រងនិងបានបំពេញបុណ្យកុសលក្នុងការលើកតម្លៃនៃការគោរពបូជាតាមផ្លូវព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋទៀតផង។

ជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងស្រុកគងពិសី លោក ម៉ា សាវ៉ាត អភិបាលស្រុកគងពិសីមានប្រសាសន៍ថ្លែង ការអរគុណចំពោះគណៈប្រតិភូក្រសួងនិងមន្រីសង្ឃខេត្តដែលបានចុះមកដោះស្រាយអធិករណ៍ដែលបានកើតឡើងក្នុងទីអាវាសនេះ។ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចង់បានការគង់នៅរបស់ព្រះសង្ឃមានការស្រុះស្រួលគ្នាដែលចាត់ ទុកថាព្រះស្ឃជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទ។

លោក វ៉ាង វណ្ណេត ប្រធានការិយាល័យធម្មការនិងសាសនាស្រុកគងពិសីមានប្រសាសន៍ថា អធិករណ៍ដែលកើតឡើងនៅទីនេះគឺបន្ទាប់ពីរដូវកឋិនកាលបានបញ្ចប់បន្ទាប់ព្រះចៅអធិការព្រះនាម ហែម ហន បានលាចាកសិក្ខាបទទៅក៏បានចេញលិខិតតែងតាំងព្រះអង្គ ឆោ ឈឿន ដោយអង្គឯងដោយមិនមានការឯកភាពដឹងលឺពីអាជ្ញាធរស្រុកគងពិសីនោះឡើយហើយក៏ឈ្លោះកើតវិវាទរវាងព្រះសង្ឃនិងព្រះសង្ឃដោយបានយល់ច្រឡំក្នុងការតែងតាំងជាព្រះចៅអធិការវត្ត។

តំណាងអាចារ្យគណៈកម្មការវត្តបានលើកឡើងថា វត្តនេះពីដើមរៀងមក មានកេរ្តិ៍តំណែលខ្ពង់ខ្ពស់ណាស់ចាប់ពីកកើតវត្តនេះមកមិនដែលមានបញ្ហាអធិករណ៍កើតឡើងនោះទេ ហើយវត្តជ្រៃហូរព្នៅ នេះត្រូវបានកើតឡើងវិញក្រោយថ្ងៃ៧ មករា ១៩៧៩គឺនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩២។ ការកសាងនៅទីនេះគឺមានតែបាតដៃទទេគឺមានសុទ្ធតែវាល សូម្បីទីសេនាសនៈក៏គ្មានផងដែរ។ មិនអាចឲ្យមានបក្សពីរក្នុងវត្តនេះបានជាដាច់ខាត៕

 

Flag Counter