លោក មិន ឃិនៈ ពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះធនធានទាំងព្រះសង្ឃនិងបុព្វជិត

ភ្នំពេញៈ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងនៃអគ្គាធិ ការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា ព្រះបិដក ម៉ៅ នីម នាយកពុទ្ធិ កវិទ្យាល័យព្រះសុរាម្រឹត និង លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

បាននិមន្តអញ្ជើញពិនិត្យមើលសមណសិស្ស-សិស្សចំនួន៣៦៧អង្គ-នាក់ក្នុងនោះមានបេក្ខនារីចំនួន៣នាក់ផងដែរ ប្រលងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ នាបរិវេណមណ្ឌលប្រលងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

 

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានទូលប្រគេនសមណសិស្ស-សិស្ស រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងចំពោះវិស័យពុទ្ធិកសិក្សាដែលជាថ្នាលបណ្តុះធនធានព្រះសង្ឃអោយមានចំណេះដឹងខ្ពង់ខ្ពស់សក្តិសមទៅនឹងបាវចនារបស់ជាតិព្រមទាំងបាននិងកំពុងខិតខំពង្រីកគ្រឹះស្ថានពុទ្ធិកសិក្សាឲ្យមានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។លោក មិន ឃិន បានទូលប្រគេនបន្តទៀតថាវិស័យពុទ្ធិកសិក្សានៅទូទាំងប្រទេសពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអបរំតាមបែបព្រះពុទ្ធសាសនាដែលបានអនុគ្រោះនិងផ្តល់ឱកាសឲ្យមនុស្សគ្រប់រូបគ្រប់ស្រទាប់វណ្ណៈបានចូលសិក្សារៀនសូត្រ។លើសពីនេះទៅទៀតវិស័យពុទ្ធិកសិក្សាបានបើកទ្វាយ៉ាងធំទូលាយជាសកលក្នុងការទទួលយកយុវជនយុវតីទាំងបុព្វជិតទាំងគ្រហស្ថឲ្យចូលសិក្សារៀនសូត្រនិងផ្តល់ទៅវិញនូវចំណេះដឹងទាំងផ្នែកពុទ្ធសាសនា និងភាសាបាលីព្រមទាំងមុខវិជ្ជាពាក់ព័ន្ធនានា ។

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈាន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានថេរដីកាថា ការប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិគឺជាឈ្នាន់ដើម្បីឈានចូលទៅការសិក្សានៅពុទ្ធិកមហាវិទ្យាល័យដែលត្រូវចំណាយពេលវេលាជាច្រើនឆ្នាំបន្តទៀត។ ការសិក្សានៅពុទ្ធិកមហាវិទ្យាល័យព្រះសង្ឃគ្រប់អង្គនឹងក្លាយជាសាស្ត្រាចារ្យជាអ្នកដឹកនាំប្រកបដោយគុណធម៌និងចរិយាធម៌ល្អដែលមានសមត្ថភាពបកស្រាយពុទ្ធសាសនាឲ្យបានត្រឹមត្រូវ។

ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា មានសង្ឃដិការឲ្យដឹងថា ការប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានរយៈពេលបីថ្ងៃគឺថ្ងៃទី២៦-២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយថ្ងៃនេះជាថ្ងៃប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី២លើវិញ្ញាសារប្រឡងមាន១៤មុខវិជ្ជាក្នុងនោះរួមមានភាសាបាលី ផែនដីវីទ្យា សាសនាបើរៀបធៀប គីមីវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យា ព្រះអភិធម្ម រូបវិទ្យា ភូមិវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស ភាសាសំស្រ្កឹត ជីវវីទ្យា សីលធម៌ និងពលរដ្ឋវិទ្យា ។

ក្នុងឱកាសនិមន្តពិនិត្យមើលការប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិទាំងសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និងលោក មិន ឃិន បានបិណ្ឌបាត្រដោយទទូចដល់គណៈមេប្រយោគ គណៈកម្មការប្រឡងគ្រប់ផ្នែកត្រូវមានមនសិការខ្ពស់ចំពោះភារកិច្ចដ៏ឧត្តុង្គឧត្តមនេះទោះក្នុងស្ថានភាពបែបណាក៏ត្រូវរក្សាភាពហ្មត់ចត់ស្មោះត្រង់និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួលភារកិច្ចរបស់ខ្លួនដើម្បីឲ្យការប្រឡងគ្រប់ផ្នែកនៃក្រសួងធម្មការនិងសាសនាប្រកបដោយជោគជ័យនិងកិត្តិយសថ្លៃថ្នូរ៕

 

Flag Counter