ពិធីឆ្លងសមិទ្ធិផលនានាវត្តនទីមង្គលារាម ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

កំពង់ចាមៈ បន្ទាប់ពីបានកសាងរួចរាល់ជាស្ថាពរក្រោមកំលាំងសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយនិងពុទ្ធបរិស័ទចំណុះជើងវត្ត រាល់សមិទ្ធិផលនានាក្នុងវត្តនទីមង្គលារាម (វត្តពាមជីកង) ស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានប្រារព្ធ

ពិធីសម្ពោធនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាស និង លោកស្រីជាភរិយា។

 

លោក មិន ឃិន បានសម្តែងនូវការកោតសរសើរដោយស្មោះនិងសូមវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធិផលដែល សម្រេចឡើងដោយព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីសំ ណាក់ព្រះគ្រូចៅអធិការវត្តព្រះនាម ច្រឹង ម៉ាង ដែលមានព្រះជន្ម១០៥ព្រះវស្សា ដែលបានរួបរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមនិងផ្តល់វិភាគទានយ៉ាងច្រើនបង្កើតបានសមិទ្ធផលផ្សេងៗជាច្រើននាពេលនេះរួមចំណែកបន្ថែមទៀតបម្រើឲ្យវិស័យព្រះពុទ្ធសាសនារបស់យើង។

លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា សម្រាប់ប្រទេសកម្ពុជាយើងវិស័យពុទ្ធចក្រនិងអាណាចក្រចាំបាច់ត្រូវដើរទន្ទឹមគ្នាជានិច្ចពីព្រោះព្រះពុទ្ធសាសនាបានចាក់ឬសយ៉ាងជ្រៅទៅក្នុងជំនឿផ្នត់គំនិតនិងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើងហេតុដូចនេះហើយទើបក្រសួងធម្មការនិងសាសនាបានខិតខំបង្កើតនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម កម្មវិធីទស្សនទានតាមទ្រឹះស្តីព្រះពុទ្ធសាសនាក្នុងគោលបំណងលើកតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជាពិសេសពង្រឹងនូវការអប់រំសីលធម៌សង្គមដល់ប្រជាពុទ្ធបរិស័ទនិងយុវជនជំនាន់ក្រោយឲ្យវៀកចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ ការបង្កើតកម្មវិធីទាំងនេះធ្វើឡើងក្នុងគោលបំណងជួយអប់រំបណ្តុះស្មារតីផ្នត់គំនិតកូនខ្មែរគ្រប់រូបឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរ ស្គាល់គុណទោស បាប បុណ្យ និងស្គាល់នូវព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។

ក្នុងឱកាសចូលរួមពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិការនិងឆ្លងសមិទ្ធិផលនានាក្នុងបរិវេណវត្តនទីមង្គលារាម លោក មិន ឃិន បានជម្រុញឲ្យព្រះសង្ឃគ្រប់អង្គខិតខំសិក្សារៀនសូត្រនូវធម៌វិន័យមានព្រះត្រៃបិដកជាគោល ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កំរិតឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៍ភាសាបាលីសំស្រ្កឹតនិងចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈមួយដ៏ប្រពៃក្នុងសង្គមជាតិ។ ពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរួបរួមសាមគ្គីគ្នាកសាងសង្គមនិងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿងដោយជោសវាងការប្រកាន់បក្សពួកដែលអាចធ្វើឲ្យពុទ្ធបរិស័ទបាត់បង់ជំនឿនិងធ្វើឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនា។

ក្នុងនាមអាជ្ញាធរស្រុកកងមាស លោក មឿង ផា បានលើកឡើងពីប្រវត្តិនៃវត្តនទីមង្គលារាម មានទីតាំងស្ថិតនៅភូមិពាមជីកង ស្រុកកងមាស ជាប់ដងទន្លេមេគង្គហើយវត្តនេះត្រូវបានស្ថាបនាកសាងឡើងក្នុងឆ្នាំ១៧៩២និងធ្លាប់មានព្រះចៅអធិការវត្តជាច្រើនអង្គមកហើយៗ ព្រះចៅអធិការវត្តបច្ចុប្បន្នព្រះនាម ច្រឹង ម៉ាង ដែលយើងធ្វើពិធីស្រោចសុគន្ធវារីគម្រប់ព្រះជន្ម១០៥ព្រះវស្សានាពេលនេះ។ សមិទ្ធិផលជាច្រើនដែលប្រារព្ធពិធីបុណ្យឆ្លងនាពេលនេះ រួមមានព្រះវិហារ, កុដិ, សាលាឆាន់, ខ្លោងទ្វារ, របងវត្ត របាំងការពារច្រាំងទន្លេ, ចាក់សាបក្នុងបរិវេណវត្ត, សំយ៉ាបឧបដ្ឋានសាលា, រូបសំណាក។ល។

តមក លោក មិន ឃិន និងលោកស្រីជាភរិយាបានឧបត្ថម្ភបច្ច័យ២លានរៀលដល់កម្មវិធីបុណ្យទាំងមូល។ បច្ច័យ១លានរៀលជួសជុលច្រាំងទន្លេនិងរបងវត្ត។ ជូនយាយជីតាជី៥០នាក់ម្នាក់ៗក្រណាត់ស១ដុំថវិកា៥ពាន់រៀល ប្រគេនព្រះសង្ឃនិមន្តចូលរួម៦០អង្គក្នុងមួយអង្គបច្ច័យ១ម៉ឺនរៀលនិងកងកម្លាំងប្រដាប់អាវុធ២០ម៉ឺនរៀល៕

 

Flag Counter