ឯកឧត្តម មិន ឃិនៈ ការបណ្តាក់ទុនលើវិស័យពុទ្ធិកសិក្សាពិតជាបានជួយទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានយូរអង្វែង

 

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណនិស្សិត-និស្សិតចំនួន៨៣អង្គ-នាក់នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ព្រះញាណវិជ្ជា ជួន សាវឿន សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីការពីដំណើរការបណ្តុះបណ្តាលថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧តាមប្រកាសរបស់រាជរដ្ឋាភិបាល

ប៉ុន្តែការបង្កើតឡើងវិញជាលើកដំបូងនេះគឺបណ្តុះបណ្តាលសមណនិស្សិតត្រឹមកម្រិតមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។នៅឆ្នាំ២០០០ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានបង្កើនកម្រិតនៃការបណ្តុះបណ្តាលដល់ថ្នាក់បរិញ្ញាបត្រឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនារហូតដល់ឆ្នាំ២០០៣ពុទ្ធិកមហាវិទ្យាល័យនេះបានបង្កើតពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀតតាមប្រកាសលេខ៦១ក.ធ.ស ប្រ.ក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣របស់ក្រសួងធម្មការនិងសាសនា។ ដើម្បីពង្រីកការយល់ដឹងរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទ នៅឆ្នាំ២០០៦ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤មានឯកទេសចំនួន៨និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យចំនួនមួយនិងមានសាខានៅតាមបណ្តាខេត្តមួយចំនួនដូចជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង សាខាខេត្តបាត់ដំបង និងសាខាខេត្តកំពង់ចាម។

 

លោក មិន ឃិន សូមសំដែងការកោតសរសើរដ៏ស្មោះចំពោះសាស្ត្រាចារ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សមណៈនិស្សិត-និស្សិតរហូតទទួលបានជោគជ័យដែលជាមូលដ្ឋានចំណេះដឹងព្រះពុទ្ធសាសនាក៏ដូចជាចំណេះដឹងទូទៅដើម្បីឲ្យព្រះសង្ឃនិងបុព្វជិតដែលបានសិក្សាក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃនិងលើកស្ទួយព្រះពុទ្ធសាសនាឲ្យមាននិរន្តភាពនិងមានការអភិវឌ្ឍន៍រីកចំរើនសក្តិសមជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធសាសនាបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក មិន ឃិន បានរំលឹកពីការកកើតវិស័យពុទ្ធិកសិក្សាឡើងថា នៅឆ្នាំ១៩៩៨មានតែសាលាបាលីរងតែពីរប៉ុណ្ណោះគឺនៅវត្តទួលទំពូងនិងវត្តនិរោធរង្សីហើយមកដល់ពេលនេះយើងមានព្រះសង្ឃបានសិក្សារៀនសូត្រហើយបានក្លាយជាបណ្ឌិតមួយចំនួនដោយអង្គខ្លះបានលាចាកសិក្ខាបទទៅបម្រើការងារនៅក្នុងសង្គមចំណែកព្រះអង្គខ្លះគង់នៅទ្រទ្រង់ព្រះពុទ្ធសាសនា។

ដើម្បីរួមចំណែកអបអរសាទរនិងស្វាគមន៍ចំពោះលទ្ធផលខាងលើនេះ លោក មិន ឃិន សូមរួមចំណែកជាអនុសាសន៍ឲ្យព្រះសង្ឃគ្រប់អង្គនិងនិស្សិតទាំងអស់បន្តខិតខំសិក្សារៀនសូត្របន្ថែមទៀតដើម្បីទទួលបានចំណេះដឹងកាន់តែជ្រៅជ្រះលើវិស័យព្រះពុទ្ធសាសនានិងសូមឲ្យគណៈគ្រប់គ្រងបន្តបើកវគ្គសិក្សាបន្តបន្ទាប់ថែមទៀតដើម្បីរួមចំ ណែកអភិវឌ្ឍន៍ជាតិ៕

 

Flag Counter