ពិធីសូត្រគម្ពីរអាល់គួរអានទូទាំងប្រទេសលើកទី២៥ ឆ្នាំ២០១៦ក្រោមប្រធានបទ “ឥស្លាមនិងការអប់រំ

ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងថា ភាពជោគជ័យនិងបរាជ័យ ឬកេរ្តិ៍ឈ្មោះល្អ និងអាក្រក់ របស់ពិធី សូត្រគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺអាស្រ័យលើការអនុវត្តរបស់គណៈមេប្រយោគទៅលើការវិនិច្ឆ័យឲ្យពិន្ទុចំពោះករី និងករីអះ។ ការថ្លែងបែបនេះ នាពេលដែល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សូត្រ គម្ពីរអាល់គួរអានទូទាំងប្រទេសលើកទី២៥ឆ្នាំ២០១៦ នាបរិវេណវិហារធំឥស្លាមអាល់សៀរកាលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក មិន ឃិន សូមកោតសរសើរចំពោះលោកឱកញាចាងហ្វាងនៃគណៈដឹកនាំជាន់ សាសនាឥស្លាមកម្ពុជានិងមន្ត្រីគ្រប់លំដាប់ថ្នាក់ព្រមទាំងស្ថាប័នឯកជននានានៃសហគមន៍ឥស្លាមដែលបានបំពេញការងាររៀងៗខ្លួនជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងល្អដើម្បីសម្រេចបានដោយជោគជ័យ។ នេះជាសមិទ្ធផលសំខាន់ៗដែលសហគមន៍ឥស្លាមសម្រេចបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសង្គមកិច្ចដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក មិន ឃិន មានប្រសាសន៍ថា ប្រធានបទដែលបានដាក់ចេញក្នុងពិធីសូត្រគម្ពីរអាល់គួរអានទូទាំងប្រទេសលើកទី២៥ពិតជាបានបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាមដែលនឹងត្រូវស្តែងចេញជាសកម្មភាពយ៉ាងរស់រវើកនៅក្នុងសហគមន៍ឥស្លាមស្តីពីការអនុញ្ញាតឲ្យបញ្ចូលគ្រូឥស្លាមទៅក្នុងក្របខណ្ឌគ្រូរបស់ក្រសួងអប់រំ យុវជននិងកីឡាចំនួន១៥០០នាក់ពីព្រោះថា ការអប់រំជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតដែលពុំអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ សហគមន៍ និងសកលលោកទាំងមូល។ 

លោក មិន ឃិន បានមានប្រសាសន៍បន្តទៀតថា ដើម្បីឲ្យការអប់រំឥស្លាមដែលជាប្រធានបទនៃការសូត្រនាឆ្នាំនេះប្រ កបដោយប្រសិទ្ធភាពក្នុងសហគមន៍សូមឲ្យគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាត្រូវធ្វើការសិក្សាស្រាវជ្រាវដោយដាក់ចេញនូវកម្មវិធីសិក្សាអត្ថបទបង្រៀនលិខិតបទដ្ឋានពាក់ព័ន្ធនិងការអប់រំប្រជាពលរដ្ឋខ្មែរឥស្លាមដោយផ្សារភ្ជាប់ទៅនិងគោលការណ៍លិខិតបទដ្ឋាននានារបស់ក្រសួងអប់រំនិងក្រសួងធម្មការនិងសាសនាដោយធ្វើយ៉ាងណាឲ្យការអប់រំលើសាសនិករបស់ខ្លួនប្រព្រឹត្តទៅស្របតាមបំណងប្រាថ្នារបស់សាសនានិងប្រទេសជាតិ។ លោក មិន ឃិន បានសំណូមពរដល់គណៈកម្មការរៀបចំពិធីសូត្រត្រូវបំពេញការងាររៀងៗខ្លួនដោយធ្វើការសុភវិនិច្ឆ័យប្រកបដោយគណនេយ្យភាពនិងតម្លាភាពជាពិសេសគណៈមេប្រយោគត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌ស្មោះត្រង់ និងសីលធម៌ស្អាតស្អំលើការផ្តល់ពិន្ទុដល់អ្នកសូត្រដោយមិនមានការលំអៀងបច្ចេកទេសណាមួយឡើយ។

លោក ទូនី រ៉ូសេត អនុប្រធានគណៈកម្មការពិធីសូត្រ បានលើកឡើងថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិទូទាំងប្រទេសលើកទី២៥ក្រោមប្រធានបទ “ឥស្លាមនិងការអប់រំ” គឺសំដៅទៅរកសុភមង្គលនិងភាពសុខដុមក្នុងជីវិតបច្ចុប្បន្ន ពោលគឺរវាងមនុស្សជាមួយសង្គម រវាងសង្គមជាមួយនិងសង្គមដទៃទៀត។ ដើម្បីឲ្យពិធីសូត្រនេះរឹតតែមានភាពរលូន ប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាបានដាក់ចេញនូវគោលការណ៍មួយចំនួនដូចរួម មានៈ បេក្ខជន(ករី)-បេក្ខនារី(ករីអៈ)ជាតំណាងស្របច្បាប់របស់រាជធានី-ខេត្តដែលបានជ្រើសតាំងនិងត្រូវបានចាត់បញ្ជូនដោយគណៈអ៊ីម៉ាំរាជធានីខេត្ត។ ប្រយោគដែលត្រូវសូត្រសុទ្ធតែត្រូវបានជ្រើសរើសដោយគណៈកម្មការពីក្នុងខ្លឹមសារអាល់ញគួរអាន នុការីមដែលមានទំនាក់ទំនងនឹងប្រធានបទនៃពិធីសូត្រ។ ចំណែកគណៈមេប្រយោគត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នកចេះដឹងឥស្លាមខាងផ្នែកសូត្រនេះនៅកម្ពុជា ហើយមានអ្នកខ្លះធ្លាប់ជាតំណាងឲ្យកម្ពុជាទៅចូលរួមសូត្រនៅលើឆាកអន្តរជាតិដោយបែងចែកឲ្យទទួលខុសត្រូវក្នុងការឲ្យពិន្ទុតាមមុខវិជ្ជាដែលត្រូវវិនិច្ឆ័យនិងផ្តល់ពិន្ទុ។ ក្នុងមុខវិជ្ជានីមួយៗមានសមាជិក គណៈមេប្រយោគយ៉ាងតិចចំនួនបីនាក់ជាអ្នកវាយតម្លៃនិងផ្តល់ពិន្ទុ។ បញ្ជាក់ផងដែរថាពិធីបិទនៃការប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិទូទាំងប្រទេសលើកទី២៥ នឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

Flag Counter