សម្ពោធឆ្លងខ្សែសម្លេងព្រះត្រៃបិដកជាសម្បត្តិជាតិនិងព្រះពុទ្ធសាសនា

រាជធានីភ្នំពេញៈ សម្លេងព្រះត្រៃបិដកខ្មែរជា CD និង MP3 ដែលចងក្រងឡើងដោយព្រះឧត្តមកិច្ច ណូ វ៉ាន់នី ព្រះរា ជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិការវត្តត្រពាំងឈូកសសរ១០៨ ត្រូវបានដាក់សម្ពោធឆ្លងតាមពុទ្ធានុញ្ញាតិ ក្នុង ការប្រើប្រាស់ជាសម្បត្តិជាតិនិងព្រះពុទ្ធសាសនា ក្រោមអធិបតីភាព សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ និង លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ

 

និងសាសនា កាលពីរសៀលថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៦ នាបរិវេណវត្តត្រពាំងឈូក ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

 

លោក មិន ឃិន បានទូលប្រគេនដោយបានកោតសរសើរដោយស្មោះនិង សូមវាយតម្លៃខ្ពស់ចំពោះស្នាដៃនិង សមិទ្ធផលដែលសម្រេចបានដោយព្រះឧត្តមកិច្ច ណូ វ៉ាន់នី ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិការ វត្ត ត្រពាំងឈូកសសរ១០៨ ដែលបានផ្តួចផ្តើមកសាងអានថតនូវគម្ពីរព្រះត្រៃបិដកមកធ្វើជាខ្សែសម្លេងព្រះត្រៃបិដកខ្មែរ ចំនួន០៣វ៉ុលដោយប្រើរយៈពេល៨ឆ្នាំនិង៨ខែទើបសម្រេចបានក្នុងឆ្នាំ២០១៦នេះដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ពុទ្ធសាសនិកខែ្មរ។ ខ្សែអាត់សំលេងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ហើយក៏ផ្តល់ភាពងាយស្រួលដល់ព្រះ សង្ឃនិងមហាជនទូទៅក្នុងការសិក្សាស្វែងយល់ពីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលបានប្រៀនប្រដៅសត្វលោកឲ្យប្រព្រឹត្តតែអំពើល្អនិងសីលសមាធិនិងបញ្ញាក្នុងខ្លួន។

លោក មិន ឃិន បានទូលប្រគេនបន្តទៀតថា CD និង MP3 សម្លេងព្រះត្រៃបិដកនេះគឺជាកំណប់ទ្រព្យដ៏ប្រពៃ របស់ព្រះឧត្តមកិច្ច ណូ វ៉ាន់នី និងសហការី ព្រមទាំងម្ចាស់សទ្ធាទាំងអស់ដែលបានរួមចំណែកលើការងារនេះព្រោះថា ធម្មទានដែលយើងបានធ្វើនិងទទួលអានិសង្សដ៏ប្រសើរថ្លៃថ្លាបំផុតក្នុងព្រះពុទ្ធសាសនាដូចព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ត្រាស់ថា សព្វទានំ ធម្មទានំ ជិនាតិ ប្រែថា ធម្មទានឈ្នះអស់ទានទាំងពួង។

ព្រះឧត្តមកិច្ច ណូ វ៉ាន់នី ព្រះចៅអធិការវត្តត្រពាំងឈូកមានសង្ឃដីកាថា ក្នុងភេទជាអ្នកបួសដែលបាន និង កំពុង ទ្រទ្រង់ប្រតិបត្តិព្រះពុទ្ធសាសនាគឺបានឆ្លងកាត់សិក្សាធម៌វិន័យតាមគ្រប់រូបភាពនិងមានការលំបាកផងនិងមានការងាយស្រួលផង។ ផ្តើមចេញពីនេះញ៉ាំងអាត្មាភាពរិះរកគ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណាឲ្យពុទ្ធវច្ចនៈរបស់ព្រះបរមគ្រូ នៃ យើងបានជ្រាបចូលជ្រៅក្នុងស្រទាប់ពុទ្ធសាសនិកនិងមហាជនទូទៅដោយផ្អែកលើមូលដ្ឋាន៤យ៉ាងគឺៈ១.គិតអាណិត អាសូរចំពោះពុទ្ធបរិស័ទដែលពិការភ្នែកតាំងពីកំណើត។២.ពុទ្ធបរិស័ទខ្លះភ្នែកភ្លឺតែមិនចេះអក្សរ។៣.ពុទ្ធបរិស័ទខ្លះទៀតចេះអក្សរតែមិនចេះអានភាសាបាលី។៤.រីឯពុទ្ធបរិស័ទមួយចំនួនទៀតគ្មានពេលទំនេរប៉ុន្តែអានព្រះត្រៃបិដកបាន។ទាំងអស់នេះជាមូលហេតុចំបងដែលបានជម្រុញទឹកចិត្តអាត្មាភាពរៀបចំជាសម្លេងព្រះត្រៃបិដកខ្មែរក្នុងCDនិងMP3 ដោយសម្លេងអាត្មាភាពផ្ទាល់។ អាត្មាភាពមានសេចក្តីសង្ឃឹមជឿជាក់ថា សម្លេងព្រះត្រៃបិដកខ្មែរនេះពុទ្ធបរិស័ទនិងបានប្រើប្រាស់ទូទៅហើយការចេះចាំយល់ដឹងតាមរយៈនេះនិងកើតមានច្រើនធ្វើឲ្យព្រះពុទ្ធសាសនារបស់យើងមានភាពផូរផង់គង់វង្សយូរអង្វែង។

លោក ផន ដាវី ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានទូលប្រគេនថាការបង្កើតចងក្រងខ្សែអាត់សម្លេងព្រះត្រៃបិដកក្នុងCD និង MP3 ពិតជាមានអត្ថន័យខ្លឹមសារជ្រាលជ្រៅទៅលើវិស័យព្រះពុទ្ធសាសនា។កន្លងមកក្នុងក្របខណ្ឌរាជធានីភ្នំពេញមិនដែលបានរៀបចំការសូត្រព្រះត្រៃបិដកឬបង្កើតជាខ្សែអាត់សម្លេងព្រះត្រៃបិដកនោះទេ ពេលនេះមានតែព្រះឧត្តមកិច្ច ណូ វ៉ាន់នី ជាលើកដំបូងដែលព្រះអង្គបានអានហើយថតដាក់ទៅក្នុងCD និង MP3។ ក្នុងពិធីឆ្លងសម្ពោធខ្សែអាត់សម្លេងព្រះត្រៃបិដក លោក មិន ឃិន បានចូលបច្ច័យមួយលានរៀលផងដែរ៕

 

Flag Counter