មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័កពុទ្ធសករាជ២៥៦០ គ្រិស្តសករាជ២០១៦

មហាសង្ក្រាន្ត
ឆ្នាំវក អដ្ឋស័ក
ចុល្លសករាជ ១៣៧៨ មហាសករាជ ១៩៣៨ ពុទ្ធសករាជ ២៥៦០
គ្រិស្តសករាជ ២០១៦
សុភមស្តុ ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តា កន្លងទៅហើយបាន ២៥៥៩ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក តទៅចូលពុទ្ធសករាជ ២៥៦០ ។
នឹងគណនាឆ្នាំវកឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០១៦ វេលាម៉ោង២០ និង០០នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្ដាលទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រទី៤នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ អន លម្អនូវព្រះកាណ៌ដោយសៀតផ្កា ចម្ប៉ាអភរណៈទ្រង់ពាក់កែវ ពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រះនេត្រលើខ្នង គទ្រភៈ (សត្វលា) ជាពាហនៈ។ ទើបនាំអស់ទេវបុត្តទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវគន្ធមាលីនាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។ ថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០១៦ វេលាម៉ោង២០ និង០០នាទី ជាថ្ងៃចូលឆ្នាំវក អដ្ឋស័ក (ជាវារៈមហាសង្ក្រាន្ត)។
    ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៦ ជាវារៈវ័នបត ។
    ថ្ងៃសុក្រ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស. ២០១៦ ជាវារៈវ័នបត ។
    ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស. ២០១៦ នៅវេលា ម៉ោង០និង២៤នាទី ១២
វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំវក អដ្ឋស័ក ចុ.ស. ១៣៧៨ និង ម.ស. ១៩៣៨ តទៅ។

    នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា
    រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ បាយសី៩ថ្នាក់ មួយគូ បាយសី៧ថ្នាក់ មួយគូ បាយសី៥ថ្នាក់ មួយគូ បាយសី៣ថ្នាក់ មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យសមាទានសីលហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។
    ចំពោះបាយសី ៩ថ្នាក់៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូបប្រាំស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

Flag Counter