បាឋកថាស្ដីពីទេសភាពស្ថាននាម នៅឃុំត្រពាំងធំខាងជើងតាមបរិបទភូមិភាសាវិទ្យា

បាឋកថាស្ដីពី
ទេសភាពស្ថាននាម នៅឃុំត្រពាំងធំខាងជើង
តាមបរិបទភូមិភាសាវិទ្យា   
បណ្ឌិត ឈឹម សុខាន់ដារា

មូលន័យសង្ខេប

    ទេសភាពស្ថាននាម គឺជាផ្នែកមួយនៃភូមិសាស្ត្រមនុស្សដែលបង្ហាញអំពីរបាយភូមិសាស្ត្រ ភាសា និងធាតុសំខាន់ផ្សេងៗទៀត ទាក់ទងទៅនឹងកេរដំណែលធម្មជាតិ និងវប្បធម៌ដែលមាននៅក្នុងទេសភាពនៃទីកន្លែង។ សំណល់សកម្មភាពរបស់មនុស្ស បានឆ្លុះបញ្ចាំងឱ្យយើងឃើញអំពីសំណៅ សំខាន់ៗ ស្ដីពីបាតុភូតភាសា និងភូមិសាស្ត្រភាសា ដែលមាននៅក្នុងតំបន់សិក្សា និងតំបន់ជិតខាងរបស់វា។

    គ្រាមភាសាពាក់ព័ន្ធនឹងបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្ត្រ អាចជាប្រភពទិន្នន័យដ៏សំខាន់ អំពីភាសា ដែលយើងអាចដកស្រង់ចេញពីបុរាណវត្ថុ និងប្រវត្តិសាស្ត្ររបស់ក្នុងស្រុកនិងភូមិនីមួយៗ។ ការស្រាវជ្រាវនេះ បកស្រាយអំពីទំនាក់ទំនងរវាងឈ្មោះ និងទីកន្លែងនៃវត្ថុ និងសំណល់សកម្មភាពរបស់មនុស្សដែលមាននៅក្នុងលម្ហ ក្រោមឥទ្ធិពលភូមិសាស្ត្របរិស្ថានធម្មជាតិ និងវប្បធម៌។ ការស្រាវជ្រាវនឹងវិភាគអំពីរបាយស្ថាននាមទាំងអតីតកាលដ៏យូរលង់ និងអតីតកាលថ្មីៗ នៅក្នុងឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ជាងនេះទៀត ការស្រាវជ្រាវនឹងប្រើទ្រឹស្ដីចម្រុះ ដូចជា ទ្រឹស្ដីខាងភាសាវិទ្យា អក្សរសាស្ត្រ-វេយ្យាករណ៍ និងបុរាណវិទ្យាទេសភាព។ ជាលទ្ធផល ការស្រាវជ្រាវ អាចបកស្រាយបានអំពីផ្នែកសំខាន់ៗនៃគ្រាមភាសា និងន័យសេចក្ដីរបស់ពាក្យនីមួយៗ ទាក់ទងនឹងស្ថាននាម ដែលបានកើតមាននៅក្នុងទាំងនៅក្នុងកម្រិតស្រុកភូមិ និងទាំងនៅក្នុងកម្រិតតំបន់វប្បធម៌ពិសេសៗ ដែលមាននៅក្នុងស្រុកខ្មែរ៕

 

Flag Counter