ពិធីផ្សព្វផ្សាយអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តឧត្តរមានជ័យលើកទី២៧

      ខេត្តឧត្តរមានជ័យ  រសៀលថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងខេត្តឧត្តរមានជ័យលើកទី២៧។
     ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញពី ថ្នាក់ដឹកនាំក្រសួង  មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំឥស្លាមសាសនាគ្រឹស្តសាសនានិងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការនិងសាសនាខេត្តសរុបប្រមាណជិត       ៥០០អង្គ/នាក់ នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ ។ ក្នុងពិធីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដោយ ស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយ មានការរីកចម្រើនសមស្របទៅ នឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។ ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្រ្តីមានក្តីរីករាយណាស់ ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជន រួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជា ចំពោះព្រះរតនត្រ័យនិងបាន ជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។
     ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំ ចរិយាធម៌ សង្គម ។ ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការមួយសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន មានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ នៅឲ្យឆ្ងាយពីគ្រឿងញៀន។ ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើ មូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

 

Flag Counter