របាយការណ៍បាឋកថាប្រចាំខែកុម្ភៈ

ព្រះរាជាណាចក្រកម្ពុជា
 ជាតិ សាសនា ព្រះមហា ក្សត្រ


ក្រសួងធម្មការ និងសាសនា
អគ្គនាយកដ្ឋានកិច្ចការសាសនា
ពុទ្ធសាសនបណ្ឌិត្យ
របាយការណ៍បាឋកថាប្រចាំខែកុម្ភៈ

    នៅនៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៩ៈ០០ ដល់ ១១ៈ០០នាទីព្រឹក ពុទ្ធសាសនបណ្ឌិត្យនឹងរៀបចំ ធ្វើបាឋកថាប្រចាំខែកុម្ភៈ ដោយលោក ហ៊ុន ឈុនតេង ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមានជ័យលើប្រធានបទ"ការពិចារណារកឫសពាក្យកម្លាយក្នុងភាសាខ្មែរ" មានអ្នកចូលរួមស្ដាប់ចំនួន៤៣នាក់ ដែលជាព្រះសង្ឃ សិស្ស និស្សិត អ្នកស្រាវជ្រាវ អ្នកកាសែត និងមន្ត្រីរាជការ។
   បាឋកថានេះ នឹងបង្ហាញជូនលោកអ្នកនូវការពិចារណាលើឫសពាក្យកម្លាយមួយចំនួនដែលគេមិនសូវ/មិនបានយកចិត្តទុកដាក់ ដោយប្រើប្រាស់វិធីសាស្ត្រភាសាវិទ្យាប្រៀបធៀប។ កន្លងមកការសិក្សាអំពីពាក្យកម្លាយត្រូវបានអ្នកសិក្សាស្រាវជ្រាវជាច្រើនបានលើកឡើងដែលផ្តោតខ្លាំងលើការផ្នត់និងពាក្យកម្លាយ។ ផ្ទុយមកវិញការពិនិត្យលើពាក្យឫសហាក់នៅមានកម្រិតតិចជាងការសិក្សាដែលបានលើកមកខាងដើមនេះ។ ពាក្យឫសក៏ជាធាតុចាំបាច់មួយនៅក្នុងការសិក្សាពាក្យកម្លាយ ដ្បិតពាក្យឫសបានចូលរួមជាមួយផ្នត់ដើម្បីបង្កើតបានជាពាក្យកម្លាយ ។ ដូចគ្នានឹងពាក្យទូទៅក្នុងភាសាខ្មែរដែរ ពាក្យឫសនិងពាក្យកម្លាយមួយចំនួនធំជាពាក្យបន្សល់មកពីភាសាខ្មែរសម័យបុរាណ(សម័យមុនអង្គរ អង្គរនិងសម័យកណ្ដាល...)។ពាក្យឫសនិងពាក្យកម្លាយមួយចំនួនបានប្រែប្រួលសូរ សំណេរ និងន័យ ឯពាក្យឫសខ្លះបានបាត់បង់ឬលែងប្រើប្រាស់នាពេលបច្ចុប្បន្ន ចំណែកឯពាក្យឫសខ្លះទៀតក៏បានក្លាយទៅជាបរិវាសព្ទរបស់ពាក្យដទៃទៀត។ ពាក្យឫសខ្លះមានប្រភពមកពីភាសានានាក្នុងអំបូរខ្មែរមន។
     
    បាឋកថាបានបញ្ចប់នៅម៉ោង ១១៖០០នាទី បន្តមកវាគ្មិននិងអ្នកសិក្សាស្រាវជ្រាវមួយចំនួនក៏បានធ្វើការពិភាក្សាប្ដូរយោបល់គ្នាមួយចំនួនដែរ ។
                                                                                                        អ្នកធ្វើរបាយការណ៍
                                                                                                        ហ៊ុន ច័ន្ទសុជាតា

 

Flag Counter